Tuesday, October 14, 2025
Homeព័ត៌មានជាតិរួមរស់នឹងគ្នា១០ឆ្នាំចែកផ្លូវគ្នា ប្តីសុំជានាវិញ ប្រពន្ធមិនព្រម វ៉ៃដណ្តើមយកម៉ូតូ

រួមរស់នឹងគ្នា១០ឆ្នាំចែកផ្លូវគ្នា ប្តីសុំជានាវិញ ប្រពន្ធមិនព្រម វ៉ៃដណ្តើមយកម៉ូតូ

ភ្នំពេញ ៖ ប្តីប្រពន្ធ២នាក់ ក្រោយពីរួមរស់នឹងគ្នា១០ឆ្នាំ ស្រាប់តែជួបរឿងរកាំកូសឈានដល់ការបែកចែកផ្លូវគ្នា ប៉ុន្តែខាងបុរសជាប្តីចេះតែតាមសុំប្រពន្ធជានាគ្នាវិញ តែប្រពន្ធមិនព្រម ទើបធ្វើឱ្យបុរសជាប្តីខឹង ក៏ស្ទាក់ផ្លូវប្រពន្ធ វ៉ៃដណ្តើមយកម៉ូតូ ធ្វើឱ្យស្ត្រីជាប្រពន្ធស្រែកឆោឡោថា ចោរៗ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចមុខវត្តជុំ ស្ថិតក្នុងសង្កាត់គោករការ ខណ្ឌព្រែកព្នៅ។

បុរសជាប្តីដែលស្ទាក់ផ្លូវវ៉ៃប្រពន្ធដណ្តើម យកម៉ូតូ មានឈ្មោះយិន យឿន អាយុ៣៤ឆ្នាំ មុខរបរជាអ្នករត់ម៉ូតូឌុប ស្នាក់នៅផ្ទះជួល ក្នុងភូមិព្រៃខ្លា សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ និងមានស្រុកកំណើតនៅស្រុកបាភ្នំ ខេត្តព្រៃវែង។  ចំណែកស្ត្រីជាប្រពន្ធឈ្មោះអ៊ុត សុខឃន ជាកម្មការិនី ស្នាក់នៅជាមួយបងស្រី ក្នុងភូមិជម្រៅ សង្កាត់គោករកា ខណ្ឌសែនសុខ និងមានស្រុកកំណើតភូមិអង្គ្រង ឃុំអង្គស ស្រុកមេសាង ខេត្តព្រៃវែង។

តាមសម្តីស្ត្រីជាប្រពន្ធ បានរៀបរាប់ប្រាប់ថា រវាងនាងនិងប្តីបានរួមរស់នឹងគ្នា អស់រយៈពេលជាង១០ឆ្នាំមកហើយ និងបង្កើតបានកូនស្រីម្នាក់ សព្វថ្ងៃអាយុ៩ឆ្នាំហើយ។ កន្លងមក ប្តីប្រពន្ធនាងធ្លាប់តែរស់នៅផ្អែមល្ហែម ស្រាប់តែមួយរយៈចុងក្រោយនេះ បែរជាជួបរឿងរកាំរកូសមិនចុះសម្រុងគ្នា ដោយសារតែប្តីចេះតែរករឿងប្រើហិង្សាវាយដំប្រពន្ធកូនជាញឹកញាប់ ហើយនាងក៏ធ្លាប់ប្តឹងនគរបាលនៅស្រុកឱ្យជួយដោះស្រាយ រហូតមានទាំងធ្វើកិច្ចសន្យាអប់រំដែរ តែប្តីមិនកែប្រែចរិតសោះ ទើបនាងទ្រាំមិនបាន ក៏សុំបែកផ្លូវគ្នា តែប្តីមិនព្រម ចេះតែមកតាមរករឿង និងបង្កជម្លោះជាមួយនាងមិនឈប់ រហូតដល់នាងទ្រាំមិនបាន ក៏រត់មកស្នាក់នៅជាមួយបងស្រី។

ស្ត្រីជាប្រពន្ធបន្តថា លុះមកដល់ព្រឹកថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ២០១៨ នាងបានជិះម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម ពាក់ស្លាកលេខភ្នំពេញ 1FS-7018 ដឹកកូនស្រីអាយុ៩ឆ្នាំ ទៅរៀនសាលាបឋមសិក្សាគោករកា ដែលស្ថិតនៅក្នុងវត្តជុំ ស្រាប់តែត្រូវបុរសជាប្តីតាមមកស្ទាក់ផ្លូវនៅក្នុងវត្ត ព្រមទាំងបានធ្វើសកម្មភាពវាយដណ្តើមយកម៉ូតូពីនាងទៀតផង តែនាងមិនព្រមឱ្យព្រោះម៉ូតូនេះ នាងទិញបង់រំលស់ ហើយនាងជាអ្នកធានាបង់រាល់ខែ។ ដោយសារតែខ្លាចប្តីវាយដំដល់ស្លាប់ ទើបនាងបានស្រែកឆោឡោថា ចោរៗ រហូតផ្អើលដល់អ្នកដំណើរ និងប្រជាពលរដ្ឋក្បែរនោះចេញមកជួយអន្តរាគមន៍ និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកផងដែរ។

ក្រោយកើតហេតុសមត្ថកិច្ចប៉ុស្តិ៍គោករកា ក៏ចុះមកនាំបុរសជាប្តី និងស្ត្រីជាប្រពន្ធ ទៅធ្វើការសម្របសម្រួលដែរ ប៉ុន្តែពួកគេទាំង២នាក់ នៅតែប្រកាន់ចិត្តសុំបែកផ្លូវគ្នា ហើយបុរសជាប្តីនៅតែចង់បានម៉ូតូនោះ តែស្ត្រីជាប្រពន្ធមិនព្រមឱ្យ ព្រោះម៉ូតូនេះនាងបានយកប្លង់ដីកេរឪពុកនាងយកទៅដាក់ធានាគារ យកប្រាក់មកទិញបង់រំលស់។

ជាចុងក្រោយ ស្ត្រីជាប្រពន្ធបានឯកភាពឱ្យបុរសជាប្តីទៅរកប្រាក់ និងលក់របស់របរជាចំណែកខ្លួន ដើម្បីយកប្រាក់មកបង់ធនាគារ ហើយយកម៉ូតូនោះទៅដោយសម្រេចផ្ញើម៉ូតូនោះ ទុកនៅស្នាក់ការនគរបាលប៉ុស្តិ៍បណ្តោះអាសន្នសិន រង់ចាំដោះស្រាយគ្នានៅពេលក្រោយទៀត៕

RELATED ARTICLES