បន្ទាប់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ចេញសេចក្តីប្រកាសព័ត៌មានឱ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់ ត្រូវប្រកាន់ជំហរអព្យាក្រឹត ពាក់ព័ន្ធដល់ការបោះឆ្នោត ក៏ដូចជាពង្រឹងសមត្ថភាពគណៈកម្មការបោះឆ្នោត ថ្នាក់ក្រោម ឱ្យប្រកាន់ជំហរយុត្តិធម៌ តម្លាភាព គោរពច្បាប់បោះឆ្នោត ដែលចូលជាធរមាននោះ ក៏មានអ្នកតាមដាននយោបាយផ្តល់យោបល់ថា បើត្រឹមតែចេញសេចក្តីប្រកាសព័ត៌មានជាលាយលក្ខណ៍អក្សរនោះ មិនអាចទប់ស្កាត់នឹងការចោទប្រកាន់ពីពួកប្រឆាំងបានឡើយ លុះត្រាតែរៀបចំពិធី “ស្បថប្រាំធាន” ទើបមានប្រសិទ្ធភាពដែល “នគរធំ” សូមពាំនាំសំណូមពរអ្នកតាមដាននយោបាយទាំងនោះ មកបង្ហាញទុកជាប្រធានបទបរិយាយថ្ងៃនេះ…។
យោងតាមច្បាប់រដ្ឋធម្មនុញ្ញ តំណាងរាស្ត្រ សមាជិកព្រឹទ្ធសភា ក្រុមប្រឹក្សានៃអង្គចៅក្រម ក្រុមប្រឹក្សាធម្មនុញ្ញ សមាជិកគណៈរដ្ឋមន្ត្រី មុននឹងចូលកាន់តំណែង ត្រូវចូលទៅក្នុងព្រះបរមរាជវាំង “ធ្វើសច្ចាប្រណិធាន” ចំពោះព្រះភ័ក្ត្រព្រះមហាក្សត្រ និងទេវតារក្សាព្រះមហាស្វេតច្ឆត្រ។ រីឯគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ក៏ត្រូវស្បថប្រណិធានដូចគ្នា ប៉ុន្តែ អាជ្ញាធរភូមិ-ឃុំ ប្រធានមណ្ឌល ប្រធានការិយាល័យបោះឆ្នោត អ្នកបើកសន្លឹកឆ្នោត មិនបានស្បថអ្វីទេ។ ពាក្យ “ប្រណិធាន” មានន័យថា ការតាំងសេចក្តីប្រាថ្នា តាំងសំបូងសង្រូង ដោយពាក្យពិត ស្បថស្បែសន្យាធ្ងន់ៗ ដែលចាស់បុរាណ ហៅក្លាយទៅជា “ស្បថប្រាំធាន” ដើម្បីឱ្យស្រួលមាត់។ នៅមុខអគារតុលាការគ្រប់កន្លែង សុទ្ធតែមានអាស្រមអ្នកតា អ្នកដូន សម្រាប់ទុកឱ្យអ្នកកើតវិវាទ “ស្បថប្រាំធាន” តាមជំនឿបុរាណ ដែលបង្ហាញពីអត្តសញ្ញាណជាតិខ្មែរ។
កន្លងមក យើងឃើញ គ.ជ.ប (NEC) បានតាំងសច្ចាប្រណិធាន ឬ “ស្បថប្រាំធាន” រួចហើយ ដោយតាំងសច្ចាប្រកាន់ជំហរអព្យាក្រឹតឥតលម្អៀង នៅឡើយតែ គ.ជ.ប ថ្នាក់ខេត្ត (PEC) និងថ្នាក់ឃុំ (CEC) មិនបានទៅស្បថនោះទេ។ រីឯមន្ត្រីជាន់ខ្ពស់តាំងពីសមាជិកព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ក៏បានចូលទៅ “ផឹកទឹកពិភទ្ទសច្ចា” ក្នុងព្រះបរមរាជវាំង សច្ចាថា “មិនក្បត់ជាតិ សាសនា ព្រះមហាក្សត្រ” ស្ថាប័នខ្លះទៀត ហ៊ានស្បថធ្ងន់ៗថា បើខ្លួនពុករលួយ អគតិ ជាដើម សូមឱ្យរន្ទះបាញ់ ឡានបុក ពស់ចិកឹ ដែលសម្បថធ្ងន់ៗបែបនេះ អាចធ្វើឱ្យប្រជាពលរដ្ឋគាំទ្រ។ ករណីអតីតតំណាងរាស្ត្របក្សសង្គ្រោះជាតិ ១១៨នាក់ ត្រូវដកសិទ្ធិធ្វើនយោបាយនោះ អ្នកខ្លះថា មកពីពួកគាត់ “ចាញ់សម្បថ” ខ្លះទៀតថា មកពី “ប៉ែងផ្តួលគ្នា” មិនមែនដោយសារ “ទេវទណ្ឌរបស់ទេវតារក្សាស្វេតច្ឆត្រ” នោះទេ។
ការបោះឆ្នោតជ្រើសតំណាងរាស្ត្រ អាណត្តិទី៦ ជិតចូលមកដល់ហើយ ទោះបីជា គ.ជ.ប (ណជែ) ចេញសេចក្តីប្រកាសព័ត៌មានឱ្យអាជ្ញាធរថ្នាក់ក្រោម ប្រកាន់ជំហរអព្យាក្រឹតយ៉ាងណា ក៏នៅតែមានការចោទប្រកាន់ថា មេភូមិ មេឃុំ ប្រធានមណ្ឌល ប្រធានការិយាល័យបោះឆ្នោត អ្នករាប់សន្លឹកឆ្នោត លម្អៀងទៅខាងបក្សកាន់អំណាច មិនអាចអព្យាក្រឹតបានឡើយ។ តាញៀនកាហ្វេម្នាក់ ជាអតីតសកម្មជនគណបក្សសង្គ្រោះជាតិ និយាយថា កន្លងមក មេបញ្ជាការកងទ័ពគ្រប់អង្គភាព អាជ្ញាធរដែនដី គ្រប់ខេត្ត ស្រុក សុទ្ធតែបានផ្ញើញត្តិគាំទ្រគណបក្សប្រជាជនកម្ពុជា បើអ៊ីចឹងនោះ អព្យាក្រឹតយ៉ាងម៉េចកើត? សូម្បីតែគណៈកម្មការរៀបចំការបោះឆ្នោតខេត្ត-ឃុំ មណ្ឌល ក៏មិនអាចជឿទុកចិត្តបានដែរ។ តានោះបន្ថែមថា ចង់ឱ្យគេជឿ លុះត្រាតែមេភូមិ មេឃុំ ប្រធានមណ្ឌល ប្រធានការិយាល័យបោះឆ្នោត អ្នករាប់សន្លឹកឆ្នោតទៅ “ស្បថប្រាំធាន” ជាមុនសិន ទើបគេជឿ។
ក្តាប់បានពីពាក្យសម្តីនេះ “នគរធំ” ក៏មើលឃើញថា សូម្បីតែគណបក្សហ៊្វុន ស៊ិនប៉ិច ក៏មានគោលការណ៍មួយដាក់ថា “បើឈ្នះឆ្នោត នឹងបង្កើត គ.ជ.ប ឯករាជ្យ” បានន័យថា ហ៊្វុន ស៊ិនប៉ិច មិនជឿជាក់លើ គ.ជ.ប បច្ចុប្បន្ននេះទេ។ បើគូប្រជែង មិនជឿបែបនេះទៅហើយ ចុះទម្រាំពួកប្រឆាំងដែលដើរតាមការអំពាវនាវរបស់លោកសម រង្ស៊ី តើនឹងមាន “ពហិការ” យ៉ាងណាទៅ? លុះតាញៀនកាហ្វេថា លុះត្រាតែ “ស្បថប្រាំធាន” សិន ទើបជឿនោះ គួរយើងពិចារណាទៅតាមហ្នឹងដែរ។
បើយោងតាមច្បាប់រដ្ឋធម្មនុញ្ញ ក៏ដូចច្បាប់បោះឆ្នោត គ្មានឃើញមាត្រាណាមួយតម្រូវឱ្យមេភូមិ មេឃុំ ប្រធានមណ្ឌល ប្រធានការិយាល័យបោះឆ្នោត អ្នករាប់សន្លឹកឆ្នោត ទៅស្បថនោះទេ ប៉ុន្តែបើអាចធ្វើបានជារឿងល្អម៉្យាងដែរ។ គួរយល់ថា ប្រជាពលរដ្ឋខ្មែរ “ខ្លាចអ្នកតា” ខ្លាំងណាស់ បើទីតាំងណាមានអាស្រមអ្នកតា ពួកគាត់មិនសូវហ៊ានទៅជិតទេ។ ដូច្នេះដើម្បីទាក់ទាញជំនឿទុកចិត្តលើការបោះឆ្នោត គួរតែ “ធ្វើច្បាប់ថ្មី” តម្រូវឱ្យអ្នកពាក់ព័ន្ធការបោះឆ្នោតថ្នាក់មូលដ្ឋាន “ស្បថប្រាំធាន”។
របៀបស្បថនោះ គឺមុនថ្ងៃបោះឆ្នោតចូលមកដល់ មេឃុំ-ចៅសង្កាត់ ប្រធានគណៈកម្មការបោះឆ្នោតឃុំ ត្រូវកោះអញ្ជើញមេភូមិ អនុភូមិ ប្រជាការពារ ប៉ូលិសប៉ុស្តិ៍ ប្រធានមណ្ឌល ប្រធានការិយាល័យបោះឆ្នោត ទៅជួបជុំគ្នានៅមុខអាស្រមអ្នកតា ប្រចាំភូមិ ដែលល្បីខ្លាំងពូកែ។ អ្នកតាសុទ្ធតែមានឈ្មោះ ដូចជា “អ្នកតាក្រហមក អ្នកតាដើមជ្រៃ អ្នកតាដើមច្រេស អ្នកតា ទួលលៀប” ជាដើម។ ត្រូវអញ្ជើញតាអាចារ្យម្នាក់ រៀបចំពិធីនេះ ដោយយកចុងកាំបិត កូរទឹកផ្តិលដែលដាក់មុខព្រះភ័ក្ត្ររូបសំណាកអ្នកតា រួចនាំគ្នាសូត្រម្តង១ឃ្លាៗ មានសេចក្តីជាអាទិ៍ថា បើខ្លួនមិនអព្យាក្រឹត ឬកេងបន្លំសន្លឹកឆ្នោត គាបសង្កត់អ្នកទៅបោះឆ្នោត ជាដើម សូមឱ្យ “លោកតាកាច់ទៅចុះ” បន្ទាប់មកត្រូវផឹកទឹកសម្បថទាំងអស់គ្នា។ បើមណ្ឌលបោះឆ្នោត ជាតំបន់ព្រៃ គួរស្បថថា បើខ្លួនមិនអព្យាក្រឹត សូមឱ្យពស់ចឹក ខ្លាទះ បើនៅវាលទំនាប សូមឱ្យរន្ទះបាញ់ បើនៅទីប្រជុំជន ឬទីក្រុង សូមឱ្យឡានបុក ជាដើម។ បើមានច្បាប់ថ្មីតម្រូវឱ្យ “ស្បថប្រាំធាន” បែបនេះបាន ច្បាស់ជាគ្មានអ្នកធ្វើពហិការ ហើយនឹងយល់ព្រមទទួលលទ្ធផលនៃការបោះឆ្នោតដោយគ្មានការតវ៉ាអ្វីឡើយ។
ខាងលើនេះ គ្រាន់តែជាការបកស្រាយទៅតាមសំណូមពរតាញៀនកាហ្វេប៉ុណ្ណោះ ហើយទំនងជាមិនអាចធ្វើបានឡើយ តែបើសិនជាអាចធ្វើបាន អ្នកឈ្នះ នឹង “ឈ្នះដោយកិត្តិយស” ឯអ្នកចាញ់នឹង “ចាញ់ដោយអស់ចិត្ត”។ មន្ត្រីថ្នាក់លើ មុនចូលកាន់ការងារ សុទ្ធតែឆ្លងកាត់ការស្បថប្រណិធាន ចុះថ្នាក់ក្រោមគ្រាន់តែ “ស្បថប្រាំធាន” មុខអ្នកតា ដោយចំណាយពេលតែ១ម៉ោងប៉ុណ្ណោះ គួរតែធ្វើបាន។
សេចក្តីប្រកាសជូនព័ត៌មានរបស់ គ.ជ.ប ណែនាំដល់មន្ត្រីបោះឆ្នោត ដើម្បីពង្រឹងការងារបោះឆ្នោត ចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ នោះ ពិនិត្យឃើញថា មានខ្លឹមសារល្អហើយ ជាពិសេសត្រង់ចំណុចឱ្យអាជ្ញាធរមូលដ្ឋាន និង គ.ជ.ប មូលដ្ឋាន ប្រកាន់ជំហរអព្យាក្រឹតនោះ ប៉ុន្តែបើអាចបង្កើតច្បាប់បោះឆ្នោត តម្រូវឱ្យថ្នាក់មូលដ្ឋាន “ស្បថប្រាំធាន” ទើបធានាថា “ល្អប្រសើរ” ឬ “ល្អ១០០ភាគរយ”។ ករណីនេះ មានពិបាកអី គ្រាន់តែកោះហៅមេភូមិ អនុភូមិ ប្រជាការពារ ប៉ូលិសប៉ុស្តិ៍ ប្រធានមណ្ឌល ប្រធានការិយាល័យបោះឆ្នោត អ្នករាប់សន្លឹកឆ្នោត “ចូលគាល់អ្នកតាដៃ៤” នៅតាមភូមិណាមួយជាការស្រេច ព្រោះប្រជាពលរដ្ឋខ្មែរ “ខ្លាចអ្នកតា” និងខ្លាចសម្បថ បើថ្នាក់ក្រោមចូលស្បថមុខអ្នកតាទៅហើយនោះ ច្បាស់ជាការបោះឆ្នោតនោះ ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។
សរុបទៅ “ស្បថប្រាំធាន” ដូចលើកឡើងខាងលើនេះ គ្រាន់តែជាការបរិយាយតាមសំណូមពរតាញៀនកាហ្វេ អតីត សកម្មជនបក្សប្រឆាំង ដែល “គ្រវីក្បាលចង់ធ្វើពហិការ”។ ដូច្នេះបើសិនជាអាចបង្កើតច្បាប់ “ស្បថប្រាំធាន” នេះបាន នឹងអស់អ្នកធ្វើពហិការ អស់អ្នកតវ៉ា ឡាំប៉ា ពេលចាញ់ឆ្នោត ព្រោះតវ៉ា ឡាំប៉ា អ្វីទៀត បើ គ.ជ.ប ថ្នាក់ក្រោម ក៏ដូចអាជ្ញាធរមូលដ្ឋាន ស្បថមុខអ្នកតារួចហើយនោះ ដែលជាបរិបទសម្រាប់បក្សកាន់អំណាច ជាពិសេស គ.ជ.ប (NEC) យកទៅ ពិចារណាតាមការគួរ…៕