Wednesday, October 15, 2025
Homeព័ត៌មានជាតិបុរសអាក្រាតកាយចងកសម្លាប់ខ្លួនកណ្តាលវាលស្រែ

បុរសអាក្រាតកាយចងកសម្លាប់ខ្លួនកណ្តាលវាលស្រែ

ខេត្តបាត់ដំបង ៖ សាកសពបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ ស្ថិតក្នុងសភាពអាក្រាតកាយ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញចងកស្លាប់នៅកណ្តាលវាលស្រែ រហូតដល់សាកសពមានសភាពហើមស្អុយរលួយ និងមានដង្កូវចោះពេញខ្លួនទៅហើយ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៩និង១០នាទីព្រឹក ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចដើមថ្កូវកណ្តាលវាលស្រែ ស្ថិតក្នុងភូមិតាសេក ឃុំបឹងព្រីង ស្រុកថ្មគោល។

សាកសពជនរងគ្រោះខាងលើ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះ គ្រាន់តែដឹងថា ជាមនុស្សប្រុស ចំណែកសាកសពមើលមុខមាត់លែងស្គាល់ទៅហើយ ព្រោះតែហើមរលួយ និងមានដង្កូវចោះពេញខ្លួនទាំងអស់។

តាមសម្តីបុរសឈ្មោះធាង អាយុ៣០ឆ្នាំ មុខរបរធ្វើស្រែ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ បានបញ្ជាក់ប្រាប់ថា កាលពី៤-៥ថ្ងៃមុន (មិនចាំថ្ងៃច្បាស់) ខណៈដែលគាត់ដើរឃ្វាលគោនៅចំណុចតាមខ្នងប្រឡាយបឹងព្រីង ក៏បានជួបបុរសម្នាក់អាយុប្រហែល២៧ឆ្នាំ សម្បុរខ្មៅកំពស់ ប្រហែល១,៦០ម៉ែត្រ ស្លៀកខោខ្លី អត់ពាក់អាវ និងមានចាក់សាក់នៅលើដៃខាងស្តាំ ដើរមកពីខាងជើងស្រែ ឈរនៅលើខ្នងប្រឡាយខាងកើត ចម្ងាយប្រហែល៣០-៤០ម៉ែត្រ ពេលនោះ គាត់បានតាមមើលឃើញកាយវិការបុរសនោះហាក់មិននៅស្ងៀមសោះ ចេះតែឆ្លេឆ្លាដូចមនុស្សស្លឈាម ឬដូចមនុស្សបែកថ្នាំ ហើយបានស្រែកសួរគាត់ថា បងៗមានថ្មាំលេបអត់ ពេលនោះ គាត់បានឆ្លើយទៅវិញថា ថ្នាំអីហា៎? បុរសនោះក៏ប្រាប់ថា ចង់បានថ្នាំយកមកលេបសម្លាប់ខ្លួន ពេលនោះ គាត់ក៏បាននិយាយពន្យល់បុរសរូបនោះថា ប្អូនឯងត្រូវគិតឱ្យច្បាស់រឿងអី ហេតុអីបានរកសម្លាប់ខ្លួន? តែបុរសរូបនោះនៅតែបានឆ្លើយតបថា អត់ទេខ្ញុំចង់សម្លាប់ខ្លួន ខ្ញុំចង់ងាប់ ខ្ញុំអត់ចង់រស់ទេ ពោលគឺមួយម៉ាត់ណាក៏ចង់ស្លាប់ដែរ។ នៅពេលឃើញសភាពបែបនេះ គាត់ក៏បានដេញឱ្យបុរសនោះ ត្រឡប់ទៅផ្ទះវិញទៅ រួចហើយគាត់ក៏បានដើរត្រឡប់មកផ្ទះវិញ ស្រាប់តែមកដល់ថ្ងៃកើតហេតុ ក៏មានគេប្រទះឃើញបុរសរូបនោះចងកសម្លាប់ខ្លួននៅលើដើមថ្កូវ កណ្តាលវាលស្រែរបស់ឈ្មោះប៊ូ វិន ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិជាមួយគ្នាតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះពិនិត្យ និងធ្វើកោសល្យវិច័យសពដល់ទីតាំងកើតហេតុ រួចបញ្ជាក់ថា ជនរងគ្រោះពិតជាបានចងកធ្វើអត្តឃាតប្រាកដមែន។

សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យអាជ្ញាធរមូលដ្ឋាន រកកន្លែងបញ្ចុះរក្សាទុកជាបណ្តោះអាសន្ន រង់ចាំស្វែងរកសាច់ញាតិ ប្រគល់ទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES