Wednesday, October 15, 2025
Homeព័ត៌មានជាតិប៉េអឹមក្របួចជាប់ ចិនពាក់ផ្កាយ១ បង្ហោះតាមហ្វេសប៊ុក

ប៉េអឹមក្របួចជាប់ ចិនពាក់ផ្កាយ១ បង្ហោះតាមហ្វេសប៊ុក

ខេត្តព្រះសីហនុ ៖ បុរសជនជាតិចិនម្នាក់ ដែលបានគ្រងឯកសណ្ឋានមន្ត្រីយោធាថ្នាក់ឧត្តមសេនីយ៍ត្រី (ផ្កាយ១) ជិះឡានទំនើប រួចថតវីដេអូបង្ហោះលេងអួតពេញបណ្តាញសង្គមហ្វេសប៊ុកកាលពីពេលថ្មីៗនេះ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ស្រាវជ្រាវចាប់ឃាត់ខ្លួនបាន កាលពីវេលារំលងអធ្រាត្រ ឈានចូលថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចហាងខារ៉ាអូខេសៀងហៃ កណ្តាលក្រុងព្រះសីហនុ។

បុរសចិនដែលពាក់ឯកសណ្ឋានឧត្តមសេនីយ៍យោធា (ផ្កាយ១) ថតរូបបង្ហោះហ្វេសប៊ុក រហូតត្រូវបានកម្លាំងអាវុធហត្ថខេត្តព្រះសីហនុ ចាប់ឃាត់ខ្លួននោះ មានឈ្មោះចាង ជិងសឹន អាយុ៤២ឆ្នាំ ជាជនជាតិចិន ទើបមកពីម៉ាកាវ។

គួរបញ្ជាក់ថា ប្រតិបត្តិការឃាត់ខ្លួនចិនពាក់ផ្កាយ១ខាងលើនេះ ធ្វើឡើងដោយកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ និងដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការអាវុធហត្ថខេត្ត  ព្រមទាំងដកហូតរថយន្តស៊េរីទំនើប១គ្រឿង ម៉ាកឡិចស៊ីស RX-350 ពណ៌ត្រេអ៊ី ពាក់ស្លាកលេខ ខ.ម ទៀតផង។

លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី បានថ្លែងបញ្ជាក់ថា បុរសចិនឈ្មោះចាង ជិងសឹន ទើបមកពីម៉ាកាវនោះ បានសារភាពថា នៅមុនពេលកើតហេតុ មានមិត្តភក្តិបានបើកឡានមកទទួលរូបគេ ហើយនៅក្នុងឡាននោះ មានឯកសណ្ឋានកងយោធពលខេមរៈភូមិន្ទ មានស័ក្តិឧត្តមសេនីយ៍ត្រី (ផ្កាយ១) ព្យួរក្នុងឡាន ទើបរូបគេយកមកពាក់លេងពេលជិះរថយន្ត និងបានថតលេង មិននឹកស្មានថា ត្រូវគេបង្ហោះពេញហ្វេសប៊ុកបែបនេះទេ។ ពេលនេះបុរសជនជាតិចិនមកពីម៉ាកាវរូបនេះ កំពុងសាកសួរនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីចាត់ការបន្ត។ ដោយឡែករថយន្តនិងម្ចាស់រថយន្តដែលជាមន្ត្រីយោធានោះ កំពុងត្រូវបានថ្នាក់ដឹកនាំក្នុងស្ថាប័នយោធាមានវិធានការណ៍ហើយ។

ជុំវិញករណីខាងលើនេះ លោកឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងបញ្ជាក់ថា លោកកំពុងពិនិត្យមើលករណីនេះហើយ៕

RELATED ARTICLES