ខេត្តបាត់ដំបង ៖ ស្ត្រីម្នាក់ទើបនឹងសម្រាល កូនបានមិនទាន់១សប្តាហ៍ស្រួលបួលផង ក៏ស្រាប់តែដាច់ចិត្តគិតខ្លីចងកសម្លាប់ខ្លួន ព្រោះតែតូចចិត្តនឹងរឿងម្តាយចេះតែជេរស្តីញឹកញាប់ពេក បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៧និង២០នាទីព្រឹក ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចក្រុមទី៣ ភូមិស្រម៉មាស ឃុំព្រៃស្វាយ ស្រុកមោងឫស្សី។
ស្ត្រីរងគ្រោះដែលតូចចិត្តរឿងម៉ែចេះតែជេរស្តី បែរជាដាច់ចិត្តចងកធ្វើអត្តឃាតចោលកូនតូច ទើបនឹងសម្រាលនោះ មានឈ្មោះហ ប៉េះ អាយុ៣៣ឆ្នាំ មុខរបរនៅផ្ទះ មានលំនៅក្នុងភូមិកើតហេតុខាងលើ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា កន្លងមក រវាងស្ត្រីរងគ្រោះនិងម្តាយ ហាក់មិនសូវត្រូវធាតុគ្នាប៉ុន្មានទេ ចេះតែកើតមានបញ្ហារកាំរកូស ទាស់សម្តីគ្នាជាញឹកញាប់។ ចំណែកស្ត្រីជាម្តាយតែងជេរស្តីបន្ទោសកូនស្រី ជារៀងរាល់ថ្ងៃ មិនដែលខកខានមួយថ្ងៃណាទេ រហូតដល់កូនស្រីទ្រាំនឹងការជេរស្តីរបស់ម្តាយលែងបាន ក៏ដាច់ចិត្តគិតខ្លីបែបនេះតែម្តង។
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ ស្ត្រីរងគ្រាះទើបនឹងសម្រាលកូនមិនទាន់បាន១សប្តាហ៍ស្រួលបួលផង ក៏ត្រូវម្តាយជេរស្តី ជាប្រចាំរហូតដល់ស្ត្រីរងគ្រោះសម្រេចចិត្តចងក បញ្ចប់ជីវិតចោលកូនខ្ចីតែម្តង។ យ៉ាងណា គេនៅមិនទាន់ដឹងថា តើស្ត្រីជាម្តាយស្តីបន្ទោសស្ត្រីរងគ្រោះពីរឿងអ្វីនោះទេ ទើបបានជាស្ត្រីរងគ្រោះឈឺចិត្តខ្លាំងរហូតដល់គិតខ្លីបែបនេះ។
តាមការបញ្ជាក់ពីក្រុមគ្រួសារស្ត្រីរងគ្រោះខាងលើ បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីយប់ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៨ ស្ត្រីរងគ្រោះបានចូលដេកក្បែរកូនតូចដូចធម្មតា ហើយមិនដឹងថា ស្ត្រីរងគ្រោះក្រោកឡើងចងកសម្លាប់ខ្លួនតាំងពីថ្មើរណានោះទេ ស្រាប់តែមកដល់វេលាម៉ោង៧និង២០នាទីព្រឹក ថ្ងៃទី០៥ ខែមិថុនា ក្រុមគ្រួសារក៏ប្រទះឃើញស្ត្រីរងគ្រោះចងកសម្លាប់ខ្លួនតែម្តង ធ្វើឱ្យកើតមានការផ្អើលឆោឡោរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកជួយអន្តរាគមន៍តែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ស្ត្រីរងគ្រោះពិតជាបានចងកសម្លាប់ខ្លួនប្រាកដមែន ដោយប្រើក្រមាចងកភ្ជាប់នឹងធ្នឹមផ្ទះ។
សពស្ត្រីរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី ហើយអ្វីដែលគួរឱ្យសង្វេគបំផុតនោះ គឺទារកដែលទើបនឹងកើតមិនទាន់បានឃើញពន្លឺថ្ងៃស្រួលបួលផង ត្រូវម្តាយលាចាកលោកចោលទៅហើយ៕