សម្តេចព្រះសង្ឃរាជ ជួន ណាត បានទុកព្រះបណ្តាំជាសុភាសិតថា “ត្រួសត្រាយទុក ស្រណុកជាងកែកុន” ដើម្បីចង្អុលបង្ហាញផ្លូវពាណិជ្ជករ ឧស្សាហករ ជាពិសេស អ្នកនយោបាយ យកទៅអនុវត្ត។ បើនិយាយដល់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នេះ អ្នកវិភាគមើលឃើញដូចថ្ងៃថា គណបក្សប្រជាជនកម្ពុជា នឹងឈ្នះឆ្នោតយ៉ាងតិច៩០% ព្រោះគ្មានគូប្រកួតស្មើទម្ងន់គ្នា ប៉ុន្តែ ក្រោយពេលបោះឆ្នោត អាចនឹងមានបញ្ហាប្រឈមធ្ងន់ណាស់ លុះត្រាតែ CPP “ត្រួសត្រាយទុក ស្រណុកជាងកែកុន” ដែល “នគរធំ” សូមលើកមកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។
ការបោះឆ្នោត ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ អ្នកណាក៏មើលឃើញពីជ័យជម្នះរបស់បក្សកាន់អំណាចដែរ អាចថា ទោះបីជាបក្សធំជាងគេនេះមិនចាំបាច់ចេញឃោសនា នាំបង្ហិនលុយ ក៏ជាប់លេខ១ដែរ។ ទោះយ៉ាងណា មិនទាន់ដល់ថ្ងៃបោះឆ្នោតផង យើងឃើញប្រជាពលរដ្ឋ ចែកមតិជាពីររួចទៅហើយ គឺមួយផ្នែក “ទៅបោះឆ្នោត” ឯមួយផ្នែកទៀត “ដេកផ្ទះឈ្នះឯង” តាមការអំពាវនាវរបស់លោកសម រង្ស៊ី។ នៅពេលជួបគ្នា ក៏មានមិត្តភក្តិខ្លះសួរគ្នាថា “ទៅបោះឆ្នោតឬអត់?” ខ្លះក៏ឆ្លើយថាទៅ ខ្លះថាអត់ ដែលបង្ហាញថា “និន្នាការនយោបាយ កំពុងប្រតោងប្រទាញ” នាំទៅរក “ការបែកបាក់ជាតិ”។ បើមើលឃើញពីការបែកបាក់ជាតិបែបនេះ លុះត្រាតែ “អ្នកឈ្នះត្រួសត្រាយផ្លូវទុក ស្រណុកជាងកែកុន” តាមព្រះបណ្តាំសម្តេចព្រះសង្ឃរាជ ជួន ណាត កំពូលអ្នកប្រាជ្ញអក្សរសាស្ត្រខ្មែរ។
តើ “ត្រួសទ្រាយទុក ស្រណុកជាងកែកុន” មានន័យដូចម្តេច? យើងអាចឆ្លើយបានថា មុននឹងធ្វើអ្វីមួយ គេមើលទៅអនាគត ដោយវិភាគ បែងចែក គណនា ឱ្យគ្រប់ជ្រុងជ្រោយសិន ទើបមានប្រសិទ្ធភាព។ នៅក្នុងអក្សរសិល្ប៍ពុទ្ធនិយម រឿង “កនកវណ្ណរាជ” ជារឿងទី១៦ ដកស្រង់ចេញពី “គម្ពីរបញ្ញាសជាតក” បានតំណាលពីព្រះមហាក្សត្រ ១អង្គ ទ្រង់ព្រះនាម “កនកវណ្ណរាជ” គ្រងរាជ្យនៅកនកចិត្តនគរ ជាតួអង្គព្រះពោធិសត្វ។ ថ្ងៃមួយ ហោរាបានថ្វាយទំនាយថា ១០ឆ្នាំទៀត ព្រះនគរនឹងកើតវិបត្តិដោយការរាំងភ្លៀង ១២ឆ្នាំ គ្មានទឹក១តំណក់ស្រក់ដល់ដីឡើយ។ ព្រះរាជាបានដឹងតាមទំនាយនេះ ទ្រង់បារម្ភខ្លាំងណាស់ ក៏ប្រើយុទ្ធសាស្ត្រ “ត្រួសត្រាយទុក” ដោយត្រាស់បង្គាប់ទៅនាហ្មឺនសព្វមុខមន្ត្រី ប្រជារាស្ត្រគ្រប់ខេត្ត ស្រុក ប្រឹងប្រែងធ្វើស្រែ កុំឱ្យសល់ដី១ចំអាម។ លុះប្រមូលផលបានច្រើន ព្រះអង្គក៏ឱ្យយកស្រូវខ្លះលាយនឹងដី បំពោកធ្វើជញ្ជាំងផ្ទះ និងស្តុកទុកក្នុងជង្រុកក្នុងឃ្លាំង កុំខ្ជះខ្ជាយ លុះដល់ថ្ងៃកំណត់ ព្រះនគរក៏រាំងភ្លៀងមែន បណ្តាលឱ្យប្រជារាស្ត្របាត់បង់ជីវិតអស់ជាច្រើន ប៉ុន្តែមិនទាន់ដាច់ស្បៀងនោះទេ។ លុះស្រុកទេសរាំងស្ងួត ក៏កើតចោរកម្ម កាប់សម្លាប់គ្នាដណ្តើមគ្នារស់ រហូតដល់អ្នកលាក់ស្រូវ១តៅ ក៏មានចោរប្លន់យកទៅស៊ីដែរ។ លុះអស់ស្រូវក្នុងជង្រុកក្នុងឃ្លាំង ព្រះមហាក្សត្រក៏ឱ្យវាយជញ្ជាំងផ្ទះយកគ្រាប់ស្រូវមកកិនបរិភោគទៀត ហើយទីបំផុត សូម្បីតែព្រះរាជវង្សានុវង្សក៏ប្រឈមនឹងការដាច់បាយ។ ពេលនោះ ព្រះមហាក្សត្រនៅសល់តែអង្ករ១នាឡិប៉ុណ្ណោះ ក៏ប្រើអគ្គមហេសីឱ្យយកទៅចម្អិនថ្វាយព្រះអង្គ ប៉ុន្តែមិនទាន់បានសោយបាយ ចុងក្រោយនោះផង ក៏មានព្រះបច្ចេកពុទ្ធ ១អង្គ និមន្តមកបិណ្ឌបាត។ ព្រះរាជាក៏យកព្រះស្ងោយចុងក្រោយនោះដាក់បាត្រទាំងអស់ លុះគ្រាន់តែព្រះបច្ចេកពុទ្ធនិមន្តទៅផុត ស្រាប់តែមហាមេឃបង្អុរភ្លៀងជោកជាំ ដុះស្រូវសាលីពេញដី ឱ្យមនុស្សក្នុងនគរច្រូតកាត់បោកបែន បានឆ្លងផុតពីគ្រោះអត់បាយនោះទៅ…។
ការដកស្រង់រឿងជាតកខាងលើនេះ បង្ហាញថា មកពីព្រះមហាក្សត្របានត្រួសត្រាយទុកស្តុកស្រូវអង្ករពេញៗឃ្លាំង លុះរាស្ត្រដាច់បាយ ក៏ព្រះរាជទានជួយចិញ្ចឹមមិនឱ្យដាច់ពោះ ទោះជាស្រុកកើតចោរកម្ម ក៏មិនទាន់ដាច់ស្បៀង។ ដោយអំណាចកុសលផលបុណ្យនៃការត្រួសត្រាយទុកនេះ ទើបព្រះនគរមានភ្លៀង សម្បូរសប្បាយឡើងវិញ។
បើយកករណីនេះ មកប្រៀបធៀបនឹងកាលៈទេសៈបច្ចុប្បន្ន យើងឃើញថា ភាពមិនចុះសម្រុងគ្នារបស់ប្រជាពលរដ្ឋ ដោយសារនិន្នាការនយោបាយ ដែលមួយផ្នែក “ទៅបោះឆ្នោត” ឯមួយផ្នែកទៀត “ដេកផ្ទះ” គឺជាប្រផ្នូលនៃការបែកបាក់ជាតិ ដែលតម្រូវឱ្យបក្សកាន់អំណាចរិះរកមធ្យោបាយយ៉ាងណា “បង្រួបបង្រួមជាតិ” ឱ្យបាន។ ឧបមាថា បក្សកាន់អំណាចឈ្នះឆ្នោត ដោយមានអ្នកទៅបោះឆ្នោត “លើសពី៥០ភាគរយ” ក៏ចំនួនអ្នកធ្វើពហិការ “ក្រោម៥០ភាគរយ” នោះ ក៏មិនស្រួលដែរ ព្រោះជាសញ្ញាឈានទៅរកការបែកបាក់សាមគ្គីជាតិ។ កាលពួកឧទ្ទាមខ្មែរក្រហម ធ្វើសកម្មភាពក្នុងព្រៃនោះ មានមិនដល់១០ភាគរយផង បណ្តាលឱ្យស្រុកទេសជួបអសន្តិសុខ មានការស្ទាក់បាញ់រទេះភ្លើងជាដើម ប៉ុន្តែ “នយោបាយឈ្នះ ឈ្នះ របស់សម្តេចហ៊ុន សែន” បានអូសទាញពួកព្រៃឱ្យចុះចូលធ្វើសមាហរណកម្មគ្មានសល់។ ឥឡូវយើងឃើញតួលេខ ប្រជាពលរដ្ឋដែលបោះឆ្នោតឱ្យអតីតគណបក្សសង្គ្រោះជាតិ មានរហូតដល់ជាង៤០%ឯណោះ ហើយបើសិនជាការបោះឆ្នោតខាងមុខ មានអ្នកធ្វើពហិការត្រឹមតែ៣០ភាគរយ អាចជាប្រផ្នូលមិនល្អសម្រាប់មាតុភូមិ។ បើជាពួកឧទ្ទាមប្រដាប់អាវុធនៅក្នុងព្រៃ ស្រួលបង្ក្រាបទេ តែជាមួយ “អ្នកប្រឆាំងដៃទទេ នៅគ្រប់មូលដ្ឋាន” នោះ ពិបាកណាស់។ ឧបមាថា បោះឆ្នោតរួចរាល់ ស្រាប់តែមេភូមិ មេឃុំ ប្រជាការពារ បានឃើញបញ្ជីបោះឆ្នោត រកឃើញឈ្មោះអ្នកមិនបោះឆ្នោតនោះ ច្បាស ណាស់ថា “ការបែកបាក់ជាតិ នឹងធ្ងន់ទៅៗ”។ ជួនកាលអ្នកគាំទ្រ CCP ដែលមានធុរៈមិនបានទៅបោះឆ្នោត ស្រាប់តែមេភូមិ មេឃុំ លាបពណ៌ថា ជាពួកប្រឆាំងដែរនោះ ជាហេតុនាំឱ្យបែកបាក់ផ្ទៃក្នុងធ្ងន់ណាស់។
ការដែលសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា “មន្ត្រីមូលដ្ឋាន កុំប្រើនយោបាយលាបពណ៌ពលរដ្ឋថាជាក្រុមប្រឆាំង” នោះអាចថាជាយុទ្ធសាស្ត្រ “ត្រួសត្រាយទុក ស្រណុកជាងកែកុន” នេះឯង ព្រោះបើថ្នាក់លើមិនប្រយ័ត្ន ច្បាស់ជាអាជ្ញាធរថ្នាក់ក្រោម បង្ហាញភាពរើសអើង នាំឱ្យមានគ្រោះថ្នាក់ដល់ប្រជាជាតិ។ នយោបាយត្រួសត្រាយទុកនេះ ត្រូវធ្វើឱ្យម៉ឺងម៉ាត់ ហ្មត់ចត់ ចៀសវាងធ្វើបែបស្រមើស្រមៃ ដូចរឿង “ចៅចាក់ស្មុគ” ដែលតំណាលពីបុរសម្នាក់ឡើងចុងឆ្នោត ចៀរស្លឹកត្នោត មកចាក់ស្មុគបណ្តើរ គិតបណ្តើរថា បើចាក់ស្មុគបាន១ លក់បាន១សេន បើចាក់បាន១០០ លក់បាន១រៀល ហើយបើបាន១ណែន នឹងទិញទាសា-ទាសីទៅប្រើ បើប្រើវាមិនធ្វើតាម នឹងធាក់វាឱ្យចេញកាក។ បុរសនោះក៏យារជើងធាក់ខ្ញុំបម្រើ តាមការស្រមៃ ក៏របូតដៃពីលើចុងត្នោត និងតោងស្លឹកត្នោតតែកតោកៗ បានហ្មដំរីទៅជួយរស់ជីវិត ប៉ុន្តែទៅស្លាប់ឯបុរសតម្ពែក ៤នាក់ទៅវិញ។ ដូច្នេះការបោះឆ្នោត មិនពិបាកទេសម្រាប់បក្សកាន់អំណាច គង់តែឈ្នះ ប៉ុន្តែអ្វីដែលពិបាក គឺធ្វើយ៉ាងណាកុំឱ្យមានការបែកបាក់ជាតិ តាមរយៈការត្រួសត្រាយផ្លូវទុកឱ្យហើយ ប្រសើរជាងមានបញ្ហាក្រោយការបោះឆ្នោត ក៏ប្រឹងកែកុននោះមិនល្អទេ។
សរុបទៅ ព្រះបណ្តាំសម្តេចព្រះសង្ឃរាជ ជួន ណាត ថា “ត្រួសត្រាយទុក ស្រណុកជាងកែកុន” ដល់ពេលដែលបក្សកាន់អំណាច ត្រូវយកមកអនុវត្តពេលនេះហើយ។ ដូចលើកឡើងរួចមកហើយថា ឧទ្ទាមខ្មែរក្រហមប្រដាប់អាវុធ ប្រមាណ១០%នោះ មិនពិបាកធ្វើប៉ុន្មានទេ តាមរយៈការសន្យាឱ្យបុណ្យស័ក្តិ លុយកាក់ ដីធ្លី ផ្ទះសម្បែង អភិវឌ្ឍនៅនឹងកន្លែង ប៉ុន្តែជាមួយ “ឧទ្ទាមក្រុង ឧទ្ទាមស្រុក” មិនមែនងាយស្រួលនោះទេ ព្រោះតែហេតុនេះហើយ ទើបព្រះមហាក្សត្រពីបុរាណ បានដូរទីតាំងរាជធានីជារឿយៗ ដោយចេញពីក្រុងអង្គរ មកនៅចតុម្មុខ ចេញពីចតុម្មុខ ទៅឧដុង្គ លង្វែក សូម្បីតែរបបយោធាភូមា ក៏ប្តូររដ្ឋធានីពីរ៉ង់ហ្គូន ទៅណៃពិដោរ ដើម្បីគេចពីការហ៊ុមព័ទ្ធរបស់ឧទ្ទាមក្រុងនេះឯង ដែលជាបរិបទសម្រាប់បក្សកាន់អំណាច ពិចារណា…៕