Wednesday, October 15, 2025
Homeព័ត៌មានជាតិកូនប្រសាស្រីដាច់បាយ១សប្តាហ៍ ម្តាយក្មេកតាមរកឃើញក្នុងទឹក

កូនប្រសាស្រីដាច់បាយ១សប្តាហ៍ ម្តាយក្មេកតាមរកឃើញក្នុងទឹក

ខេត្តកណ្តាល ៖ ស្ត្រីម្នាក់តែងដើរផឹកស្រាស្រវឹងជារៀងរាល់ថ្ងៃ ទោះជាក្រុមគ្រួសារហាមឃាត់យ៉ាងណាក៏មិនព្រមស្តាប់ ដោយចេះតែ ផឹករហូតធ្លាក់ខ្លួនឈឺដាច់បាយ ១សប្តាហ៍ទៅហើយ នៅតែបន្តដើរផឹកដដែល ទីបំផុត ក៏បាត់ខ្លួន១យប់ លុះពេលស្ត្រីជាម្តាយក្មេកដើររក ក៏ស្រាប់តែប្រទះឃើញសាកសពកូនប្រសាស្រីអណ្តែតនៅក្នុងទឹក។

ករណីប្រទះឃើញសាកសពខាងលើ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៥រសៀល ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៨​ នៅចំណុចមុខកាំជណ្តើរផ្ទះរបស់ជនរងគ្រោះ ផ្ទះសង់ក្នុងទឹកព្រែកគគីរ ស្ថិតក្នុងភូមិតាស្គ ឃុំសារិកាកែវ ស្រុកល្វាឯម។

ស្ត្រីរងគ្រោះ ដែលលង់ទឹកស្លាប់ មានឈ្មោះម៉ន យៀង អាយុ៤៨ឆ្នាំ មុខរបរកសិករ មានលំនៅភូមិតាស្គ ឃុំសារិកាកែវ ស្រុកល្វាឯម។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៨ ស្ត្រីរងគ្រោះបានដើរចេញពីផ្ទះទៅផឹកស្រា រួចក៏បាត់ខ្លួនរហូត មិនឃើញត្រឡប់មកផ្ទះវិញសោះ ធ្វើឱ្យក្រុមគ្រួសារភ័យឆោឡោ ដើរតាមរកពេញភូមិទាំងយប់ តែមិនប្រទះឃើញសោះឡើយ។ រហូតមកដល់វេលាម៉ោង៥ល្ងាច ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៨ ខណៈដែលស្ត្រីជាម្តាយក្មេករបស់ស្ត្រីរងគ្រោះ ដើររកជាមួយអ្នកជិតខាង ក៏ស្រាប់តែប្រទះឃើញសាកសពកូនប្រសាស្រី អណ្តែតក្នុងទឹក ចេញតែដៃ នៅចំណុចមុខកាំជណ្តើរផ្ទះ (សង់ក្នុងទឹកព្រែក) ទើបធ្វើឱ្យកើតមានការផ្អើលឆោឡោឡើងតែម្តង។

តាមសម្តីស្ត្រីឈ្មោះម៉ៃ រឹម ត្រូវជាម្តាយក្មេករបស់ស្ត្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា កូនប្រសាស្រីរបស់គាត់ម្នាក់នេះ (ស្ត្រីរងគ្រោះ) តែងផឹកស្រាស្រវឹងជាប់ជាប្រចាំ រហូតដល់ញៀនស្រាទៅហើយ ទោះជាគាត់ប្រឹងហាមឃាត់អូសទាញយ៉ាងណា ក៏មិនព្រមឈប់ផឹកស្រាសោះ។ នៅមុនពេលកើតហេតុ១សប្តាហ៍ កូនប្រសាស្រីរបស់គាត់បានធ្លាក់ខ្លួនឈឺរហូតដល់ដាច់បាយ១សប្តាហ៍មកហើយ ប៉ុន្តែនៅតែដើរផឹកស្រាស្រវឹងដដែល។ លុះមកដល់ល្ងាចថ្ងៃទី០៤ ខែមិថុនា  ឆ្នាំ២០១៨ ក្រោយពីផឹកស្រាស្រវឹងរួចហើយ ក៏បាត់ពីផ្ទះឈឹង រហូតដល់ល្ងាចថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៨ ខណៈដែលគាត់ជាម្តាយក្មេកដើរក ក៏ប្រទះឃើញកូនប្រសាស្រីលង់ទឹកស្លាប់បាត់ទៅហើយ។

ក្រោយកើហេតុ កម្លាំងជំនាញបានសហការណ៏ជាមួយកម្លាំប៉ុស្តិសារិកាកែវ អាជ្ញាធរ ភូមិ ឃុំ ពេទ្យមណ្ឌលសុខភាពឃុំ ពិនិត្យឃើញថា នៅលើខ្លួនសាកសពពុំមានស្លាកស្នាមអ្វីគួរឱ្យកត់សម្គាល់ឡើយ។ តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញ ស្ត្រីរងគ្រោះពិជាស្លាប់ដោយសារលង់ទឹក ពិតប្រាកដមែន។

សាកសពស្ត្រីរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចបានប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES