ភ្នំពេញ ៖ រថយន្តកុងតឺន័រដឹកស្រូវសាលី១គ្រឿង បើកបរដោយយុវជនម្នាក់ដោយគ្មានព្រូនៅក្បែរ ណាមួយស្ថិតក្នុងសភាពងោកងុយផង ក៏បណ្តាលឱ្យជ្រុលចង្កូតទៅបុកទម្លុះចូលរោងបុណ្យ៧ថ្ងៃ បណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ តែសំណាងល្អមិនបង្កឱ្យមនុស្សសម្រាកនៅក្នុងរោងបុណ្យរងរបួសនោះទេ គ្រាន់តែបង្កឱ្យម្នាក់ៗភ័យប៉ះសក់ប៉ុណ្ណោះ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១២និង៥០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវលេខ៣៧១ ក្បែរផ្សារបេសេ ស្ថិតក្នុងភូមិត្នោតជ្រុំ១ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ។
រថយន្តបង្កដែលបុកទម្លុះរោងបុណ្យ៧ថ្ងៃទាំងកណ្តាលអធ្រាត្រ ជាប្រភេទរថយន្តកុងតឺន័រ ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 3D-9332 បើកបរដោយយុវជនម្នាក់ឈ្មោះសែម វីរៈបុត្រ អាយុ២៥ឆ្នាំ មុខរបរបើករថយន្ត ស្នាក់នៅស្រុកកៀនស្វាយ ខេត្តកណ្តាល (ឃាត់ខ្លួន)។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញយុវជនម្នាក់បើករថយន្តកុងតឺន័រ១គ្រឿង ធ្វើដំណើរតាមបណ្តោយផ្លូវ៣៧១ ទិសដៅពីកើតមកលិច ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុ មិនដឹងជាយ៉ាងម៉េច ស្រាប់តែរថយន្តបានរេង្កូតជ្រុលទៅបុកទម្លុះចូលរោងបុណ្យ៧ថ្ងៃ ទាំងកំរោលតែម្តង បណ្តាលឱ្យរោងបុណ្យរងការខូចខាតយ៉ាងដំណំ តែសំណាងល្អ មិនបង្កឱ្យមនុស្សដែលសម្រាកនៅក្នុងរោងបុណ្យរងរបួសនោះទេ។ ភ្លាមៗ ម្ចាស់ដើមបុណ្យ និងម្ចាស់រោងបុណ្យ បានធ្វើការឃាត់ម្ចាស់រថយន្តបង្កនៅកន្លែងកើតហេតុតែម្តង។
បើតាមសម្តីយុវជនជាតៃកុងរថយន្តបង្កខាងលើ បានរៀបរាប់ប្រាប់ថា រូបគេបានបើករថយន្តកុងតឺន័រតែម្នាក់ឯង ដោយដឹកស្រូវសាលី មកពីកំពង់ផែស្វយ័តភ្នំពេញ នៅតាមផ្លូវជាតិលេខ១ ហើយបើកឆ្លងកាត់តាមបណ្តោយផ្លូវ៣៧១ លុះធ្វើដំណើមកដល់ចំណុចកើតហេតុខាងលើ ដោយសារតែរូបគេងោកមួយភាំង ក៏ជ្រុលចង្កូតទៅបុករោងបុណ្យ៧ថ្ងៃ បណ្តាលឱ្យបាក់ខ្ទេចរងការខូចខាតយ៉ាងដំណំ តែមិនបង្កឱ្យមនុស្សរងរបួសនោះទេ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងកើតហេតុ ហើយបានឱ្យតៃកុងរថយន្តបង្កទាក់ទងទៅខាងតំណាងរថយន្តឱ្យមកជួយដោះស្រាយ ព្រោះអីករណីខាងលើនេះ មិនបង្កឱ្យខូចខាតដល់សម្បត្តិរដ្ឋនោះទេ តែដោយសារភាគីរថយន្តបង្កគ្មានដំណោះស្រាយ ទើបសមត្ថកិច្ចមូលដ្ឋានទាក់ទងទៅជំនាញចរាចរណ៍ជើងគោករាជធានីភ្នំពេញ ចុះមកធ្វើការវាស់វែងយករថយន្តនឹងតៃកុងរថយន្ត ទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយគ្នាតាមក្រោយ៕