Wednesday, October 15, 2025
Homeព័ត៌មានជាតិកូនស្រីពពោះ៦ខែ ទើបម៉ែដឹង ដោយសារតា

កូនស្រីពពោះ៦ខែ ទើបម៉ែដឹង ដោយសារតា

ខេត្តបាត់ដំបង ៖ ក្មេងស្រីមានសតិមិនសូវប្រក្រតីម្នាក់ ត្រូវបានបុរសចំណាស់ល្មោភកាមរស់នៅភូមិជាមួយគ្នា ធ្វើសកម្មភាពល្បួងរំលោភជាច្រើនលើកច្រើនសា រហូតដល់មានផ្ទៃពោះ៦ខែ ទើបបែកធ្លាយដឹងដល់ស្ត្រីជាម្តាយ ដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចចាប់ខ្លួនតាចាស់ល្មោភកាម នាំយកទៅចាត់ការតាមច្បាប់។

ករណីតាចាស់ចាប់រំលោភក្មេងស្រីសតិមិនប្រក្រតីនេះ បានកើតឡើងតាំងពីអំឡុងខែធ្នូ ឆ្នាំ២០១៧ មកម៉្លេះ នៅចំណុចផ្សារតាឡន ស្ថិតក្នុងភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន។ លុះក្រោយពីក្មេងស្រីរងគ្រោះ មានផ្ទៃពោះ៦ខែ ទើបបែកធ្លាយរឿងរ៉ាវដឹងដល់ម្តាយ ប្តឹងឱ្យសមត្ថកិច្ចចាប់ខ្លួនជនសង្ស័យបាន កាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន។

ជនសង្ស័យល្មោភកាម ដែលចាប់រំលោភក្មេងស្រីសតិមិនប្រក្រតីរហូតមានផ្ទៃពោះ មានឈ្មោះស៊ិន វិត អាយុ៦៣ឆ្នាំ មានលំនៅភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន។ ចំណែកក្មេងស្រីរងគ្រោះ មានឈ្មោះវ.ស.ន អាយុ១៥ឆ្នាំ ជាមនុស្សមានសតិមិនគ្រប់ មានលំនៅក្នុងភូមិឃុំជាមួយគ្នា។

តាមប្រភពពីសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា នៅមុនពេលកើតហេតុ សមត្ថកិច្ចបានទទួលពាក្យបណ្តឹងពីអាណាព្យាបាលរបស់ក្មេងស្រីរងគ្រោះ ដោយប្តឹងចោទប្រកាន់ទៅលើឈ្មោះស៊ិន វិត ថាបានចាប់រំលោភកូនស្រីរបស់ពួកគាត់ (ក្មេងស្រីរងគ្រោះ) រហូតដល់មានផ្ទៃពោះ៦ខែទៅហើយ។

ក្រោយទទួលបានពាក្យបណ្តឹងខាងលើ សមត្ថកិច្ចក៏បានចុះធ្វើការស្រាវជ្រាវ រហូតឈានដល់ការចាប់ខ្លួនជនសង្ស័យឈ្មោះស៊ិន វិត នាំយកមកសួរនាំ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានចាប់រំលោភក្មេងស្រីប្រាកដមែន ដោយបានប្រព្រឹត្តតាំងពីអំឡុងខែធ្នូ ឆ្នាំ២០១៧ មកម៉្លេះ នៅចំណុចផ្សារតាឡន ភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន។ លុះក្រោយពីក្មេងស្រីរងគ្រោះចាប់ផ្តើមមានផ្ទៃពោះ ក៏ត្រូវម្តាយរបស់នាងហៅឈ្លេចសួរ រហូតបែកធ្លាយរឿងរ៉ាវតែម្តង។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES