Wednesday, October 15, 2025
Homeព័ត៌មានជាតិបរិយាយថ្ងៃនេះ ៖ កំលោះគរគោក ទុកលោកសូត្រមន្ត

បរិយាយថ្ងៃនេះ ៖ កំលោះគរគោក ទុកលោកសូត្រមន្ត

ពាក្យស្លោកបុរាណ ជាឃ្លោងឃ្លាមួយត្រូវបានអ្នកលេងហ្វេសប៊ុកស៊ែរតៗគ្នាថា “សូមអស់ក្រមុំ កុំរំខានលោក កំលោះគរគោក ទុកលោកសូត្រមន្ត អ្នកបួសទ្រង់ធម៌ មិនយកប្រពន្ធ កុំលួចលោភលន់ បាបធ្ងន់ណាស់ពៅ” មានខ្លឹមសារអប់រំនារីគ្រប់រូប កុំទៅជំពាក់ជំពិនជាមួយព្រះសង្ឃ។ ករណីចាប់ផ្សឹកសង្ឃបារាជិក ១អង្គ នៅខេត្តបន្ទាយមានជ័យ ផ្អើលបណ្តាញសង្គមហ្វេសប៊ុកនោះ អ្នកតាមដានភាគច្រើនដាក់កំហុសទាំងសងខាង តែក៏មានយាយៗខ្លះជាឧបាសិកាធ្លាប់ចេះចាំពាក្យស្លោកខាងលើ ក៏លាន់មាត់ថា “កំលោះគរគោក ទុកលោកសូត្រមន្ត” ដែល “នគរធំ” ក្តាប់បាន ក៏យកមកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

រឿងរ៉ាវអតីតសង្ឃបារាជិក ឈ្មោះស្រិល វណ្ណា អតីតចៅអធិការវត្តភ្នំបាក់លើ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដែលត្រូវគណៈសង្ឃចាប់ផ្សឹកតាមពុទ្ធប្បញ្ញត្តិនោះ បានធ្វើឱ្យប៉ះពាល់ដល់កិត្យានុភាពព្រះពុទ្ធសាសនាធ្ងន់ណាស់។ យោងតាមវិន័យសិក្ខាបទ អតីតសង្ឃអង្គនេះ ត្រូវ “អាបត្តិបារាជិក” មិនអាចប្រកែកបានឡើយ ព្រោះក្នុងគម្ពីរ “វិនយបិដក” បានចែកអាបត្តិជា២ពួក គឺ “គរុកាបត្តិ” (អាបត្តិធ្ងន់) និង “លហុកាបត្តិ” (អាបត្តិស្រាល)។ គរុកាបត្តិ ឬអាបត្តិធ្ងន់ ចែកជា២កង គឺ “បារាជិក” និង “សង្ឃាទិសេស” ចំណែកលហុកាបត្តិ ឬអាបត្តិស្រាល ចែកជា៥កង គឺអាបត្តិថុល្លច្ច័យ, បាចិត្តិយៈ, បាដិទេសនីយ, ទុក្កដ និងទុព្ភាសិត។ អាបត្តិទាំងអស់ចែកជាសាខាតូចៗ មានរហូតដល់ ២២៧សិក្ខាបទឯណោះ ដែលព្រះសង្ឃ “ពុទ្ធសាសនា ហិនយាន” ត្រូវគោរពប្រតិបត្តិយ៉ាងម៉ឺងម៉ាត់ ខុសមិនបាន វៀរលែងតែព្រះសង្ឃ “ពុទ្ធសាសនាមហាយាន” ដែលមានវិន័យធូរស្រាលជាងនេះ។

យើងសូមលើកតែពី “អាបត្តិបារាជិក” មកបង្ហាញនៅពេលនោះ គឺជាឈ្មោះអាបត្តិ ឬកំហុសធំបំផុត បើភិក្ខុសាមណេរហ៊ានកន្លង នឹងត្រូវចាប់ផ្សឹកដាច់ខាត ដែលកំហុសនោះមាន៤យ៉ាង គឺ១-សេពមេថុនធម្ម ជាមួយស្រីមនុស្ស ឬតិរច្ឆានញី ២- សម្លាប់សត្វ ៣-លួចទ្រព្យគេ ៤-ពោលអួតអាងថា ខ្លួនខ្លាំងពូកែ (ឧត្តរិមនុស្សធម្ម)។ កាលបើប្រព្រឹត្តកន្លង គណៈសង្ឃត្រូវចាប់ផ្សឹក ដោយមិនអាចបួសវិញបានឡើយ ព្រោះទោសបារាជិក ប្រៀបបាននឹងដើមត្នោតកំបុតក ដែលត្រូវរន្ទះបាញ់ មិនអាចដុះវិញបានឡើយ។ ដូច្នេះករណីអតីតសង្ឃ ស្រិល វណ្ណា ដែលបានសេពមេថុនធម្មជាមួយនាងក្រមុំម្នាក់នោះ ទោះជាការចាប់រំលោភក្តី ព្រមព្រៀងគ្នាក្តី ក៏ចៀសមិនផុតពីបារាជិក ខណៈដែល “មគ្គនិងមគ្គដល់គ្នា”។

យ៉ាងណាក៏ដោយចុះ រឿងសង្ឃបារាជិក ត្រូវតែដាក់ទណ្ឌកម្មតាមច្បាប់សាសនា ប៉ុន្តែពាក្យស្លោកថា “សូមអស់ក្រមុំ កុំរំខានលោក កំលោះគរគោក ទុកលោកសូត្រមន្ត” មានខ្លឹមសារអប់រំនារីៗទាំងឡាយ មិនថា ក្រមុំ មេម៉ាយ ឬមានប្តីនោះទេ បើឃើញព្រះសង្ឃសម្បូរលាភសក្ការៈ មិនត្រូវទៅជិតទេ ព្រោះអាចនាំទៅរកការបាត់បង់កិត្តិយស។ ព្រះសង្ឃសតវត្សរ៍ទី២១ នេះ គ្មានអរហន្ត ដូចជំនាន់ពុទ្ធកាលនោះទេ បើមាន ”មាតុត្រាម” ទៅលឹបលៗក្បែរកុដិ ច្បាស់ជាទ្រាំមិនបាន។

ករណីឥត្ថីភាពទៅញ៉េះញ៉ោះជាមួយព្រះសង្ឃ ធ្លាប់មានពីមុនមក ដូចកាលព្រះសម្មាសម្ពុទ្ធបរមគ្រូ កំពុងគង់ក្រោមដើមពោធិព្រឹក្ស ស្វែងរកការត្រាស់ដឹង ស្រាប់តែក្រុងមារាធិរាជ ចង់ផ្ចាញ់ព្រះអង្គ ដោយបញ្ជូនកូនស្រី៣នាក់ ស្អាតដូចស្រីទេពអប្សរ ឈ្មោះនាង រាគី រាគា អរតី មានកាយអាក្រាតននលគក ទៅចែចង់ព្រះអង្គ ប៉ុន្តែព្រះសមណគោតមមិនត្រេកត្រអាល នឹងក្លិន រូប សម្ផស្ស បណ្តាលឱ្យស្រីស្អាតទាំង៣នោះ ក្លាយទៅជាដូនចាស់ ទុរន់ទុរា ស្បែកយុរយារ ខ្នងកោងទៅវិញ។ មានរឿងមួយទៀតចារទុកក្នុង “គម្ពីរវិនយបិដក” តំណាលពី “សុទិន្នមាណព”។ ជាកូនសេដ្ឋី បានរត់ទៅសាងផ្នួសចោលឪពុកម្តាយ និងស្រីជាគូដណ្តឹង។ តាំងពីកូនទៅបួសចោលមក សេដ្ឋីប្តីប្រពន្ធនោះចេះតែគិតថា កូនមានតែ១ ទៅបួសយ៉ាងនេះ ច្បាស់ជាអត់កូនស្នងត្រកូល គ្រប់គ្រងទ្រព្យសម្បត្តិ ទើបពួកគាត់បញ្ចុះបញ្ចូលនាងក្រមុំជាអនាគតកូនប្រសា ឱ្យទៅលួងលោម “សុទិន្ន ភិក្ខុ” ក្រែងបានកូនបន្តមរតក។ នាងក្រមុំនោះ ធ្លាប់ស្រលាញ់សុទិន្នមាណពដែរ លុះមានការបញ្ចុះបញ្ចូល ក៏យល់ព្រមភ្លាម ទើបសេដ្ឋីប្តីប្រពន្ធនោះ នាំនាងស្កាត់ទៅជួប “សុទិន្នភិក្ខុ” ដែលគង់ក្នុងអាស្រមមួយកណ្តាលព្រៃ។ ញោមទាំងពីរនោះ បានយំអង្វរលោកកូនឱ្យជួយធ្វើយ៉ាងណាឱ្យនាងគូដណ្តឹងនោះ មានផ្ទៃពោះ ដែលមុនដំបូង សុទិន្នភិក្ខុ ប្រកែកដែរ លុះញោមអង្វរករខ្លាំងពេក និងមិនទាន់មានសិក្ខាបទបារាជិកផងនោះ ក៏យល់ព្រមដឹកដៃនាងគូដណ្តឹង ចូលទៅក្នុងអាស្រមរួមភេទជាមួយនាង ត្រឹមតែ១ដងប៉ុណ្ណោះ ក៏ធ្វើឱ្យនាងមានផ្ទៃពោះដូចបំណង ទើបប្រាប់នាងឱ្យវិលទៅផ្ទះវិញ។ រឿងនេះក៏ជ្រួតជ្រាបទៅដល់ព្រះសម្មាសម្ពុទ្ធបរមគ្រូ កោះនិមន្តសុទិន្នភិក្ខុ ឱ្យចូលគាល់កណ្តាលចំណោមសង្ឃរាប់ពាន់អង្គ ដោយព្រះអង្គស្តីបន្ទោសធ្ងន់ៗ និងបញ្ញត្តសិក្ខាបទ “បារាជិក” តាំងពីពេលនោះមក ប៉ុន្តែសុទិន្នភិក្ខុ មិនបានទទួលទណ្ឌកម្មអ្វីទេ ព្រោះជា “ភិក្ខុដើមបញ្ញត្តិ” ឬ សង្ឃដំបូងគេ ក៏អនុញ្ញាតឱ្យបួសតទៅទៀត ប៉ុន្តែចំពោះសង្ឃក្រោយៗទៀត បើហ៊ានសេពមេថុនធម្មជាមួយមនុស្សស្រី ឬ មេស្វា ដែលនៅពេញព្រៃ នឹងត្រូវចាប់ផ្សឹកដាច់ខាត។

ការលើករឿងខាងលើ មកបង្ហាញនេះ ចង់រកដើមភ្លើងឱ្យឃើញថា បើកុំតែញោមទាំងពីរអង្វរករ ឯនាងគូដណ្តឹងនោះ បើកភ្លើងខៀវ ក៏ “សុទិន្នភិក្ខុ” មិនលេងល្បែងនោះដែរ ព្រោះលោកមាន “កិលេសស្តើង” និងបានរួមរ័កតែមួយទឹកប៉ុណ្ណោះ ក៏ឈប់ទៅ មិនញៀនញ៉ាមដូចគ្រហស្ថនោះទេ។ យោងតាមពុទ្ធព្យាករណ៍ ព្រះពុទ្ធសាសនានឹងរៀវរោយបន្តិចម្តងៗ ហើយនៅ ទីបំផុត បុរសមានប្រពន្ធកូន គ្រាន់តែ “យករមៀតសៀតត្រចៀក” ក៏មានឈ្មោះថា ជាព្រះសង្ឃដែរ មុននឹងសាសនា អស់អាយុកាលត្រឹម៥០០០វស្សា។

ដូច្នេះពាក្យស្លោកថា “កំលោះគរគោក ទុកលោកសូត្រមន្ត” ចង់ដាស់តឿននារីទាំងឡាយ កុំទៅរញ៉េរញ៉ៃក្បែរកុដិលោកឱ្យសោះ ចំណែកស្ត្រីជាម្តាយ ក៏គួរពិចារណាដែរ បើព្រះសង្ឃនៅក្មេង មិនត្រូវនាំកូនស្រីទៅរកលោកស្រោចទឹកនោះទេ។ ព្រោះតែរឿងស្រោចទឹកហ្នឹងហើយ បានជាអតីតសង្ឃឈ្មោះនេត្រ ខៃ នៅវត្តស្រះចក រាជធានីភ្នំពេញ លួចបង្កៃកាមេរ៉ាស្វ័យប្រវត្តិ ថតបានរូបអាក្រាតរបស់នាងៗ ពេលចូលផ្លាស់សំពត់ក្នុងបន្ទប់ទឹក បង្ហោះពេញហ្វេសប៊ុក។ លុះមានបញ្ហា អ្នកនាំស្រីៗទៅស្រោចទឹករួចខ្លួន ទៅជាប់ទោស ឯ “សង្ឃបារាជិក” ឯណោះ។

ទោះយ៉ាងណា បើមានបញ្ហាកើតឡើង គេបន្ទោសភាគីសង្ឃកំហូចធ្ងន់ជាង ព្រោះខ្លួនបានបួសរៀនច្រើនវស្សា ចេះចាំធម៌វិន័យច្បាស់លាស់ណាស់ ប៉ុន្តែ “ចេះច្បាប់មិនខ្លាចក្តី ចេះវិន័យមិនខ្លាចអាបត្តិ”។ ករណីអតីតសង្ឃ ស្រិល វណ្ណា ពេលត្រូវចាប់ផ្សឹកបង្ហូរទឹកភ្នែកសស្រាក់នោះ គឺមកពី “ទម្ងន់វិប្បដិសារៈជេរស្តី” ក៏មានតែយំហ្នឹងឯង ដោយយំស្តាយកំហុស ត្រូវឥត្ថីភាពអូសទាញបាន យំស្តាយតំណែង ស្តាយទីកន្លែងដែលខំកសាង…។ ការប្រើប្រាស់ទូរស័ព្ទទំនើប ដែលអាចលេងហ្វេសប៊ុក មើលរូបស្រីស្អាតបាននោះ បើព្រះសង្ឃយកដៃទៅស្ទាបអង្អែល ក៏ត្រូវ “អាបត្តិបាចិត្តិយៈ” ដែរ។ ករណីព្រះសង្ឃសម័យនេះ ប្រើប្រាស់ទូរស័ព្ទទំនើប រថយន្តទំនើប កុដិទំនើប ក៏មានពុទ្ធបរិស័ទខ្លះ រិះគន់ថា “មកពីពុម្ពវៀច ទើបអ្វីៗចាក់ទៅវៀច” យ៉ាងនេះ។

សរុបទៅ “កំលោះគរគោក ទុកលោកសូត្រមន្ត” ចាត់ទុកជាកំហុសទាំងសងខាង ព្រោះមាតុគ្រាម ជាដើមភ្លើងនាំឱ្យសង្ឃបារាជិក។ ដូចលើកឡើងពីកូនស្រីយក្ស ៣នាក់ ទៅច្រៀងរាំ លាត់សើយ ចែចង់ព្រះសមណគោតម និងរឿង “សុទិន្នភិក្ខុ” ដែលដើមភ្លើងមកពីស្រី។ កាលនោះ ព្រះពុទ្ធអង្គរៀបនឹងបានត្រាស់ រីងកិលេសតណ្ហាអស់ទៅហើយ ចំណែកសុទិន្នភិក្ខុ ក៏មាន “កិលេសស្តើង” ដែរ ប៉ុន្តែព្រះសង្ឃសម័យនេះ ជា “បុថុជ្ជន” បើមានក្រមុំ មេម៉ាយ ឬស្រីមានប្តី ឧស្សាហ៍ចូលទៅត្រេងត្រាងក្បែរកុដិនោះ ច្បាស់ជា “អាត្មាបង ទ្រាំមិនបានទេញោមអូន!”។ ដូច្នេះកំហុសមានទាំងសងខាង ទើបបុរាណាចារ្យបាន ចារពាក្យស្លោកនេះទុកជាបណ្តាំដល់នារីទាំងឡាយ បើនាងៗចង់បានគូគាប់ទ្រនាប់ចិត្ត ត្រូវរកកំលោះៗទៅ ខ្វះអីមានគរគោក អាណិតទុកលោកសូត្រមន្តវិញ…៕

RELATED ARTICLES