នារីវ័យក្មេងរូបស្រស់ម្នាក់បានបង្ហោះវីដេអូឃ្លីបមួយតាមបណ្តាញសង្គមហ្វេសប៊ុក ដើម្បីអំពាវនាវដល់ថ្នាក់ដឹកនាំកំពូល ព្រមទាំងស្ថាប័នពាក់ព័ន្ធនានា ជួយរកយុត្តិធម៌ដល់នាង ដែលត្រូវបានថៅកែប្រុសប្តឹងចោទប្រកាន់ដោយមិនសមហេតុផល ពីបទ “លួច និងរំលោភលើសេចក្តីទុកចិត្ត” រហូតត្រូវបានតុលាការសម្រេចក្តីទាំងអយុត្តិធម៌ តម្រូវឱ្យនាងជាប់ពន្ធនាគារ២ឆ្នាំ ព្រមទាំងសងសំណងជំងឺចិត្តរហូតដល់ទៅ៨០ម៉ឺនដុល្លារឯណោះ ទាំងដែលការពិតនាងមិនបានប្រព្រឹត្តដូចការចោទប្រកាន់ទាល់តែសោះ។
នារីរូបស្រស់ ដែលអំពាវនាវស្វែងរកយុត្តិធម៌រូបនេះ មានឈ្មោះភៀង សុជាតា អាយុ២៥ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនឯកជនមួយ ធ្វើការនិងស្នាក់នៅរាជធានីភ្នំពេញ និងមានស្រុកកំណើនៅខេត្តកំពង់ឆ្នាំង។
យោងតាមគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់នារីរងគ្រោះ ភៀង សុជាតា ដែលមានឈ្មោះ Socheata Pheang កាលពីរសៀលថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៨ បានបង្ហោះនូវវីដអូឃ្លីបមួយ រៀបរាប់ពីដំណើររឿងដែលនាងទទួលរងនូវភាពអយុត្តិធម៌ ព្រមទាំងបានបង្ហោះសារអមជាមួយថា “ប្រសិនបើបងប្អូនទាំងអស់គ្នាបានទស្សនានូវវីឌីអូនេះហើយ សូមជួយស៊ែរបន្តៗគ្នាឱ្យបានច្រើន ដើម្បីអំពាវនាវដល់ថ្នាក់ដឹកនាំជាន់ខ្ពស់ ជាពិសេស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមមេត្តាជួយអន្តរាគមន៍ និងរកយុត្តិធម៌ដល់រូបនាង ខ្ញុំដែលជាជនរងគ្រោះរងនូវអំពើអយុត្តធម៌ផង…”។
ដោយឡែក តាមរយៈវីដេអូឃ្លីបរយៈពេល១៣និង២៧វិនាទី នារីរងគ្រោះឈ្មោះភៀង សុជាតា បានរៀបរាប់បណ្តើរ ទួញយំសោកបណ្តើរថា “ជាដំបូង នាងខ្ញុំសូមគោរព និងជម្រាបសួរដល់បងប្អូនទាំងអស់គ្នា ជាពិសេសអ្នកដែលនិយមលេងបណ្តាញសង្គមហ្វេសប៊ុកទាំងអស់គ្នា បើសិនជាបងប្អូនបានឃើញនូវវីដេអូនេះហើយ សូមជួយស៊ែរដើម្បីជួយរកយុត្តិធម៌សម្រាប់នាងខ្ញុំផង នាងខ្ញុំមានឈ្មោះភៀង សុជាតា អាយុ២៥ឆ្នាំ ទីកន្លែងកំណើតនៅខេត្តកំពង់ឆ្នាំង នាងខ្ញុំសូមអំពាវនាវនិងប្តឹងទៅដល់ ទី១-សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទី២-ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ទី៣-ឯកឧត្តមរដ្ឋមន្ត្រីនៃក្រសួងយុត្តិធម៌ សូមលោកមេត្តាជួយអន្តរាគមន៍និងរកយុត្តិធម៌ សម្រាប់រូបនាងខ្ញុំ និងលោកស្រី ទេស សុវណ្ណរី ដែលជាជនរងគ្រោះត្រូវបានតុលាការចោទប្រកាន់ ធ្វើទាំងបំពានច្បាប់ចោទប្រកាន់រូបនាងខ្ញុំពីបទ “លួច និងរំលោភលើសេចក្តីទុកចិត្ត” ដែលរូបនាងខ្ញុំផ្ទាល់មិនបានប្រព្រឹត្តទាល់តែសោះ ចឹងនាងខ្ញុំសូមរៀបរាប់ ជូនដូចខាងក្រោម ៖
នៅក្នុងអំឡុងឆ្នាំ២០១៣ ដោយសារតែនាងខ្ញុំបញ្ចប់ការសិក្សានៅខេត្ត នាងខ្ញុំបានមកបន្តការសិក្សានៅភ្នំពេញ និងបានចូលធ្វើការនៅអារីណាម៉ាត ដែលក្នុងនោះ មានថៅកែឈ្មោះពេជ្រ ចាន់ធី និងថៅកែស្រី ឈ្មោះទេស សុវណ្ណរី ដែលជាប្តីប្រពន្ធនឹងគ្នា ដំបូងឡើយអ្នកទាំងពីរបាន ឱ្យនាងខ្ញុំធ្វើការនៅហ្នឹង ជាអ្នករៀបធ្នើ និងអ្នកលក់អីវ៉ាន់ រហូតដល់ខ្ទង់៤-៥ខែ គាត់ក៏បានឱ្យខ្ញុំធ្វើជាអ្នកគិតលុយ ព្រោះដោយសារឃើញនាងខ្ញុំធ្វើការនៅហ្នឹងល្អ ដំបូងគឺឱ្យនាងខ្ញុំគិតលុយ នៅក្នុងរយៈពេលម៉ោង៥ រហូតដល់ម៉ោង១០យប់ បានមួយរយៈបន្ទាប់មកទៀត ក៏បានឱ្យនាងខ្ញុំ គិតលុយពីម៉ោង២ រហូតដល់ម៉ោង១០យប់ ដែលនៅក្នុងពេលនោះ គឺមានការទូទាត់បូកបញ្ជីរៀងរាល់ថ្ងៃ ពេលដែលនាងខ្ញុំឈប់គិតលុយ ហើយការឈប់គិតលុយហ្នឹង គឺជាមួយថៅកែប្រុស ពេជ្រ ចាន់ធី បើសិនជាក្នុងករណីបាត់បង់ ឬខ្វះខាត ថៅកែប្រុសឱ្យនាងខ្ញុំធ្វើការសងភ្លាមៗ ទើបឱ្យនាងខ្ញុំទៅផ្ទះ ប៉ុន្តែក្នុងរយៈពេលហ្នឹង គឺអត់មានបញ្ហាអីកើតឡើងទៅ ហើយក៏អត់មានបញ្ហាបាត់លុយដែរ រហូតមកដល់ក្នុងខែ៤ ឆ្នាំ២០១៥ លោកពេជ្រ ចាន់ធី ក៏បានឱ្យនាងខ្ញុំឈប់គិតលុយ មកធ្វើជាអ្នកកាន់ធ្នើ និងអ្នកលក់ឥវ៉ាន់វិញ រហូតដល់ក្នុងខែ៨ ឆ្នាំ២០១៥ នៅថ្ងៃមួយឃើញ លោកពេជ្រ ចាន់ធី ដែលជាថៅកែប្រុសហ្នឹង បានឱ្យមេការនៅហ្នឹងមកប្រាប់នាងខ្ញុំថា អត់ពេញចិត្តនឹងការងារនាងខ្ញុំទេ ក៏បានឱ្យនាងខ្ញុំឈប់ ហើយនាងខ្ញុំក៏សុំឈប់ដោយអត់ដឹងមូលហេតុអីដែរ តែនៅក្នុងអំឡុងពេលដែលនាងខ្ញុំសុំឈប់ គឺអត់មានបញ្ហា រឿងបាត់បង់លុយកាក់ ឬក៏បញ្ហាប្តឹងផ្តល់អីដែរ នៅក្នុងខែ១០ ឆ្នាំ២០១៥ បន្ទាប់មកទៀត នាងខ្ញុំក៏បានចូលធ្វើការនៅក្នុងស្ថាប័នមួយទៀត នាងខ្ញុំទៅធ្វើការរាល់ថ្ងៃ រហូតដល់ក្នុងថ្ងៃសៅរ៍ ខែមីនា ឆ្នាំ២០១៦ ពេលដែលនាងខ្ញុំទៅធ្វើការ ដែលពេលនោះ នាងខ្ញុំទើបតែចេញពីពេទ្យទេ មានអ្នកជូនទៅ ក៏ស្រាប់តែមានសមត្ថកិច្ចមួយក្រុមមានគ្នា៣នាក់ បានធ្វើការឃាត់ខ្លួននាងខ្ញុំ ហើយនាំនាងខ្ញុំទៅក្រសួងមហាផ្ទៃ ដោយអត់មានដីកាអីទាំងអស់ ពេលទៅដល់ក្រសួងមហាផ្ទៃ ប៉ូលិសបានធ្វើកំណត់ហេតុរួច ក៏បានគំរាមនាងខ្ញុំអត់ឱ្យទាក់ទងទៅអ្នកផ្ទះទេ ពេលហ្នឹងនាងខ្ញុំភិតភ័យខ្លាំងណាស់ អត់ដឹងថាមាន មូលហេតុអីកើតឡើងទេ ពេលនោះប៉ូលិសម្នាក់បាននាំនាងខ្ញុំទៅសាលាដំបូង ដែលក្នុងពេលនាំនាងខ្ញុំទៅ គាត់បាននិយាយគំរាមនាងខ្ញុំថា បើសិនជានាងខ្ញុំអត់ចង់ឱ្យប៉ះពាល់ដល់កន្លែងធ្វើការថ្មី អត់ចង់ឱ្យខូចអនាគត នាងខ្ញុំគ្មានលុយ១ម៉ឺន ឬ២ម៉ឺនតតាំងនឹងគេទេ ឱ្យគេនិយាយអី មិនបាច់ឆ្លើយតតាំងអីទេ និយាយតាមគេទៅ នាងខ្ញុំរឹតតែភ័យទៀតហើយ ព្រោះពេលហ្នឹងនាងខ្ញុំអត់ដឹងថាមានបញ្ហាអីកើតឡើងសម្រាប់នាងខ្ញុំទេ ពេលទៅដល់សាលាដំបូង គឺមានមេធាវី និងក្រឡាបញ្ជីនៅហ្នឹង ដែលមេធាវីនោះ ជាមេធាវីរបស់លោកពេជ្រ ចាន់ធី គេក៏នាំគ្នាបង្ហាញនូវកាមេរ៉ាមួយ ដែលកាមេរ៉ាហ្នឹង គឺជាសកម្មភាពរវាងនាងខ្ញុំ និងថៅកែស្រី ទេស សុវណ្ណរី ដូរលុយ ប៉ុន្តែកាមេរ៉ាហ្នឹង ថៅកែប្រុសពេជ្រ ចាន់ធី បានសួរនាងខ្ញុំម្តងរួចមកហើយ កាលពីអំឡុងខែ១០ ទៅខែ១១ ឆ្នាំ២០១៤ហ្នឹង នាងខ្ញុំក៏បានជម្រាបជូនគាត់ដូចគ្នាថា គ្រាន់តែជាសកម្មភាពដូរលុយទេ ពេលហ្នឹងក៏អត់មានបញ្ហាអីដែរ គាត់ក៏បានឱ្យនាងខ្ញុំមកផ្ទះ ហើយក៏អត់មានបញ្ហាថាបាត់បង់លុយកាក់អីដែរ តែអ្វីដែលនាងខ្ញុំហួសចិត្ត គឺខាងមេធាវីរបស់លោកពេជ្រ ចាន់ធី និងប៉ូលិស បានគំរាមនាងខ្ញុំឱ្យឆ្លើយថា នាងខ្ញុំឃុបឃិតជាមួយថៅកែស្រី ទេស សុវណ្ណរី លួចលុយពិតមែន ហើយបើនាងខ្ញុំឆ្លើយចឹង នាងខ្ញុំនឹងអត់មានទោសរួចខ្លួន ហើយអត់ប៉ះពាល់ដល់កន្លែងធ្វើការថ្មី ដោយហេតុថា នាងខ្ញុំមានការភ័យខ្លាចខ្លាំងពេក ហើយនាងខ្ញុំចង់រួចខ្លួន ពេលហ្នឹងនាងខ្ញុំក៏ឆ្លើយតាម ពេលនោះប៉ូលិសក៏បាននាំនាងខ្ញុំមកក្រសួងមហាផ្ទៃ វិញ ដល់ល្ងាចបន្ទាប់ គាត់ក៏បានឱ្យនាងខ្ញុំខលទៅម៉ាក់នាងខ្ញុំ ឱ្យម៉ាក់យក១០០ដុល្លារ មកប្រគល់ឱ្យប៉ូលិសបានដោះលែងនាងខ្ញុំ ពេលហ្នឹងនាងខ្ញុំភ័យណាស់ ព្រោះដោយសារតែនាងខ្ញុំទើបតែចេញពីពេទ្យ ហើយក៏អត់ដឹងថា មានរឿងអីកើតឡើងដែរ រហូតដល់នាងខ្ញុំបានចេញមកវិញ ទើបដឹងពីគំនិតអាក្រក់របស់ថៅកែប្រុស ពេជ្រ ចាន់ធី ដែលជាមនុស្សលោភលន់ចង់បានទ្រព្យសម្បត្តិ ព្រោះតែចង់បានទ្រព្យសម្បត្តិ ទើបប្រើវិធីអាក្រក់បែបហ្នឹង ដើម្បីមួលបង្កាច់នាងខ្ញុំ និងលោកស្រី ទេស សុវណ្ណរី នាងខ្ញុំក៏បានទៅសំពះសុំពឹងពាក់មេធាវី ដោយគ្មានលទ្ធភាព នាងខ្ញុំក៏ទៅសំពះសុំគាត់ ដើម្បីធ្វើការប្តឹងបកទៅវិញ បញ្ជាក់ពីភាពស្អាតស្អំ ដែលថានាងខ្ញុំ និងលោកស្រី អត់បានផ្សំគំនិតគ្នាលួចលុយហ្នឹងទេ ពេលហ្នឹងតុលាការ ក៏បានឱ្យនាងខ្ញុំត្រឡប់មកផ្ទះវិញ តែអ្វីដែលនាងខ្ញុំហួសចិត្ត ទទួលយកអត់បាននូវទង្វើដែលខ្លួនឯងអត់បានធ្វើទាល់តែសោះ គឺសំណុំរឿងព្រហ្មទណ្ឌលេខ២៥២ ចុះថ្ងៃទី២១ មករា ២០១៦ ជំនុំជម្រះលេខ៥៥ ចុះថ្ងៃទី១២ មករា ឆ្នាំ២០១៧ និងសាលក្រមលេខ២៣/២៣ធ ចុះថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧ ដោយជំនុំជម្រះដោយ ទី១-លោកសេង លាង ចៅក្រមជំនុំជម្រះ តំណាងអយ្យការលោកស្រី ម៉ាក់ នី ជាព្រះរាជអាជ្ញារងអម និងលោកស្រី សុខ សាណា ក្រឡាបញ្ជី លោកទាំង៣បានធ្វើការកាត់កំបាំងមុខ រូបនាងខ្ញុំ និងលោកស្រី ទេស សុវណ្ណរី នូវអំពើអយុត្តិធម៌បំផុត ដែលនាងខ្ញុំមិនបានប្រព្រឹត្តទាល់តែសោះ ដាក់ឱ្យរូបនាងខ្ញុំជាប់គុករយៈពេល៦ខែ និងរួមទាំងលោកស្រី ទេស សុវណ្ណរី សងជាសាច់ប្រាក់៧៥ម៉ឺនដុល្លារ ដែលអំពើនេះគឺវាអយុត្តិធម៌បំផុតសម្រាប់នាងខ្ញុំ នាងខ្ញុំអត់ព្រមទទួលនូវទោសហ្នឹងទេ ក៏បានឡើងទៅសាលាឧទ្ធរណ៍ ប៉ុន្តែសំណុំរឿងនោះចេញមក គឺសំណុំរឿងព្រហ្មទណ្ឌលេខ១២៣៩ ចុះថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ សាលដីកាលេខ ២៥ ក្រ២ប ចុះថ្ងៃទី២១ មីនា ២០១៨ ដែលមានក្រុមប្រឹក្សាជំនុំជម្រះដល់ទៅ៥រូប ទី១-លោកប៉ាក់ ចាន់សំបូរ ជាប្រធាន ទី២-លោកយន់ ដារ៉ុង ជាចៅក្រមប្រឹក្សា ទី២-លោកស្រី យ៉ែត ប៉ូលីន ជាចៅក្រមប្រឹក្សា និងតំណាងអយ្យការ មាន២រូបទៀត គឺលោកង៉ែត សារ៉ាត់ ជាព្រះរាជអាជ្ញា និងលោកវណ្ណ សុខគង់ ជាក្រឡាបញ្ជីសវនាការ លោកទាំង៥ ក៏បានធ្វើការកាត់កំបាំងមុខរូបនាងខ្ញុំម្តងទៀត ដែលនៅពេលហ្នឹង រូបនាងខ្ញុំ និងលោកស្រី ទេស សុវណ្ណរី មិនដែលបានទទួលលិខិត កោះហៅទៅបំភ្លឺសំណុំរឿងម្តងណាទាល់តែសោះ សូម្បីតែសិទ្ធិការពារខ្លួនគ្រប់យ៉ាង នាងខ្ញុំក៏មិនដែលទទួលបានក្នុងការការពារខ្លួន ដែលនាងខ្ញុំរស់នៅសព្វថ្ងៃ ទាំងជីវភាពលំបាក សូម្បីតែអាសយដ្ឋាន ក៏មិនដែលផ្លាស់ប្តូរទៅណា លោកទាំង៥បានកាត់ម្តងទៀត ដោយឱ្យនាងខ្ញុំជាប់គុករយៈពេល៣ឆ្នាំ និងរួមជាមួយលោកស្រី ទេស សុវណ្ណរី ដែលជាម្ចាស់ទ្រព្យ សងទឹកប្រាក់៨០ម៉ឺនដុល្លារទៀត អំពើនេះវាអយុត្តិធម៌ណាស់សម្រាប់រូបនាងខ្ញុំ ដែលជាជនក្រីក្រ មិនដែលបានប្រព្រឹត្តទាល់តែសោះ សូម្បីតែរឿងដែលចេញសាលក្រមទាំងអស់ គឺធ្វើការប្រឌិតនូវរឿងអាសយដ្ឋានដែលដាក់មកអាសយដ្ឋានលោកស្រី ទេស សុវណ្ណរី បើតាមនាងខ្ញុំដឹង គឺអាសយដ្ឋានហ្នឹង គឺប្រឌិតទៀត តាមពិតអាសយដ្ឋានហ្នឹង លោកស្រីបានលក់រយៈពេល២០ឆ្នាំរួចហើយ ដើម្បីបើកផ្សារហ្នឹង អាហ្នឹងតាមរឿងដែលនាងខ្ញុំដឹង ហើយចំណែករឿងនាងខ្ញុំទៀត គឺនាងខ្ញុំអត់ដែលរស់នៅផ្លាស់ប្តូរអាសយដ្ឋាន ដោយសារជីវភាពក្រីក្រ ព្យាយាមទៅធ្វើការរាល់ថ្ងៃ តែការសម្រេចរបស់អង្គជំនុំជម្រះទាំងអស់ ដែលមានឈ្មោះដូចខាងលើ មានគំនិតឃុបឃិតជាមួយហ្នឹងលោកពេជ្រ ចាន់ធី ធ្វើទាំងបំពាននូវផ្លូវច្បាប់ ខុសពីការពិត គ្មានការស៊ើបអង្កេតត្រឹមត្រូវប្រឌិតអង្គហេតុទាំងស្រុង ដែលនាងខ្ញុំរស់នៅសព្វថ្ងៃទាំងលំបាក គឺមិនបានប្រព្រឹត្តដូចរឿងចោទប្រកាន់ទាំងអស់នោះទេ ជាចុងក្រោយ ដោយសារតែនាងខ្ញុំមានជីវភាពខ្វះខាត នាងខ្ញុំគ្មានលទ្ធភាពតតាំងនឹងអំពើអយុត្តិធម៌ ដូច្នេះនាងខ្ញុំមានតែសូមលើកម្រាមដៃ១០ ដើម្បីអំពាវនាវ និងសុំកិច្ចអន្តរាគមន៍ពីថ្នាក់ដឹកនាំ ជាពិសេស ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមលោកមេត្តាជួយរកយុត្តិធម៌សម្រាប់ជនស្មោះត្រង់ និងខ្វះខាតដូចរូបនាងខ្ញុំផងដែរ បើពុំដូច្នោះទេ តុលាការនឹងធ្វើការចាប់នាងខ្ញុំដាក់គុក ដែលនាងខ្ញុំមិនបានធ្វើនូវរឿងខុស ធ្វើនូវរឿងទាំងអស់ហ្នឹងសោះ ចឹងបើបងប្អូនឃើញសូមជួយ ស៊ែរបន្តៗគ្នា ដើម្បីជួយដល់រូបនាងខ្ញុំផង…!”។
ជុំវិញរឿងរ៉ាវខាងលើនេះ “នគរធំ” មិនទាន់អាចទាក់ទងសុំការបំភ្លឺពីលោកពេជ្រ ចាន់ធី ដែលជាដើមបណ្តឹង ព្រមទាំងស្ថាប័នពាក់ព័ន្ធបាននៅឡើយទៅ កាលពីម្សិលមិញ។ យ៉ាងណា យើងរង់ចាំការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕