Sunday, November 17, 2024
Homeតារាខ្មែរហេង ស្រីរ័ត្ន មិនទាន់ស្គាល់រសជាតិតួឯក

ហេង ស្រីរ័ត្ន មិនទាន់ស្គាល់រសជាតិតួឯក

ស្រីក្មេងសាច់សខ្ចីល្វក់រោមដៃជើងឆ្មារៗ នាងហេង ស្រីរ័ត្ន ដែលលេចមុខក្នុងកម្មវិធីសែនក្រុងពលីរឿង “មន្តស្នេហ៍អនុសេនីយ៍” ជាឈុតនាយទាហាននោះ មានចិត្តខុសពីតួឯកស្រី នាងយ៉ែម ស្រីពេជ្រ ព្រោះស្រីរ័ត្ន  គ្មានបំណងធ្វើជានាយទាហានមែនទែន ដូចស្រីពេជ្រ ឡើយ តែនាងចង់ស្វែងយល់ពីជីវិតនាយទាហានច្រើនជាង។ យ៉ាងណា ការថតរឿងថ្មីរបស់ទូរទស្សន៍ប៉ុស្តិ៍លេខ៥ នេះ ជាភាពយន្តទី៨ ហើយរបស់នាងហេង ស្រីរ័ត្ន តែស្រីស្រស់មិនធ្លាប់ភ្លក្សរសជាតិបានតំណែងជាតួឯកឡើយ។

ហេង ស្រីរ័ត្ន ថ្លែងថា “ខ្ញុំពេញចិត្តលេងតួរងនេះហើយ ខ្ញុំចង់ស្វែងយល់ឱ្យបានច្រើនក្នុងរឿងនេះពីជីវិតទាហាន តែខ្ញុំគ្មានបំណងធ្វើជាទាហាននោះទេ។ គន្លងមក ខ្ញុំថតបាន៧រឿងហើយ តែមិនធ្លាប់បានថតជាតួឯកទេ គឺគ្រាន់តែជាតួអង្គសំខាន់ក្នុងរឿង ហើយខ្ញុំសង្ឃឹមថា ថ្ងៃមួយសមត្ថភាពរបស់យើងកើនឡើង អ្នកដឹកនាំអាចមើលឃើញសមត្ថភាពយើងគាត់ទុកចិត្តឱ្យធ្វើជាតួឯកជាមិនខាន”។

ហេង ស្រីរ័ត្ន ទើបតែប្រឡូកចូលសិល្បៈជាង១ឆ្នាំប៉ុណ្ណោះ តែនាងមានឱកាសបានថតភាពយន្តបានជិត១០រឿងទៅហើយ  ទើបធ្វើឱ្យអ្នកខ្លះដាក់ការសង្ស័យថា ស្រីក្មេងរូបនេះមានខ្សែបក្ខពួកនៅក្នុងសិល្បៈ បានជាបានថតរហូតនឹងឡើងកូដរហ័សយ៉ាងនេះ។ តែថ្មីៗនេះ គេឃើញនារីតូចតន់ នាងស្រីរ័ត្ន នេះ ក៏បង្ហាញសារខូចចិត្តយ៉ាងចម្លែកៗផងដែរថា នាងពិបាកចិត្តធុញថប់ក្នុងជីវិត និងពេលខ្លះថែមទាំងតូចចិត្តតែម្នាក់ឯងទៀតផង ទើបធ្វើឱ្យគេសង្ស័យថា ស្រីក្មេងរូបនេះកំពុងតែមានវិបត្តិស្នេហាយ៉ាងធ្ងន់ធ្ងរ ហើយនាងថតកុន ដើម្បីជាការបន្លប់ទុក្ខស្នេហ៍ទេ…។

តារាថត៨រឿង មិនដែលបានតួឯករូបនេះ និយាយលាយឡំសំណើចថា “និយាយទៅ ពេលខ្លះខ្ញុំពិបាកចិត្តដែរ ព្រោះថា យើងចង់ធ្វើអ្វីមួយ តែមិនអាចធ្វើបាន ខ្ញុំតូចចិត្តខ្លួនឯងដែរ។ តែមិនមានការពាក់ព័ន្ធនឹងរឿងស្នេហាខូចចិត្តអីទេ មិនមែនជារឿងស្នេហាខកចិត្តទេ គ្រាន់តែជារឿងផ្ទាល់ខ្លួន”។

ហេង ស្រីរ័ត្ន សម្តែងក្នុងរឿង “មន្តស្នេហ៍អនុសេនីយ៍” ជាតួអនុសេនីយ៍ឈ្មោះ រតនា នាងជាពេទ្យទាហាន មាននិស្ស័យរួសរាយឃើញម៉េចនិយាយអ៊ីចឹង និងជាគូប្រជែងជាមួយវរសេនីយ៍សុខសាន្ត ធ្វើជាឆ្អឹងទទឹងករបស់អនុសេនីយ៍ណាវី ដែលជាតួឯកសម្តែង ដោយនាងយ៉ែម ស្រីពេជ្រ៕

RELATED ARTICLES