ខេត្តបាត់ដំបង ៖ រថយន្តរបស់អង្គភាពស៊ីម៉ាក់ ១គ្រឿង បានបើកមកដល់ចំណុចផ្លូវដែក ឃើញរថភ្លើងបើកជិតមកដល់ទៅហើយ មិនព្រមឈប់ បែរជាបន្តដំណើរទៅមុខ បណ្តាលឱ្យត្រូវរថភ្លើងជ្រុលមកបុកយ៉ាងពេញទំហឹង ធ្វើឱ្យក្រឡាប់ជាច្រើនត្រឡប់ បង្កឱ្យភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៨ នៅត្រង់ច្រកចូលមណ្ឌលស៊ីម៉ាក់ ស្ថិតក្នុងភូមិអណ្តូងចេញ សង្កាត់អូរចារ ក្រុងបាត់ដំបង។
តាមប្រភពព័ត៌មានបានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថភ្លើងមួយខ្សែ កំពុងបើកបរក្នុងទិសដៅពីខេត្តបាត់ដំបងឆ្ពោះ ទៅកាន់ខេត្តបន្ទាយមានជ័យ។ លុះពេលរថភ្លើងបើកមកដល់ត្រង់ចំណុចប្រសព្វគ្នារវាងផ្លូវដែក និងផ្លូវថ្នល់ ក៏ឃើញមានរថយន្តស៊ីម៉ាក់១គ្រឿង ម៉ាក Nissan Patrol ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ រដ្ឋ២-០៥៨៨ បើកមកដល់ចំណុំចកើតហេតុដែរ និងបានព្យាយាមបើកឆ្លងកាត់ផ្លូវរថភ្លើងទៀត ទើបបណ្តាលឱ្យរថភ្លើងជ្រុលបុកយ៉ាងពេញទំហឹង បណ្តាលឱ្យអ្នកបើកបររងរបួសស្រាល រីឯរថយន្តក្រឡាប់ជាច្រើនត្រឡប់។ ករណីនេះ បើតាមអ្នកឃើញហេតុការណ៍ បានចាត់ទុកថា មហាសំណាងហើយ ដែលមិនគ្រោះថ្នាក់ដល់អាយុជីវិត។
ដោយឡែក យោងតាមគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកហេង រតនា អគ្គនាយកអង្គភាពស៊ីម៉ាក់ បានសរសេរបញ្ជាក់ កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៨ ថា “វេលាម៉ោងប្រមាណ៦ល្ងាច ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៨នេះ រថភ្លើងបានបុករថយន្តស៊ីម៉ាក់ប្រភេទ Nissan Patrol បើកបរដោយមន្ត្រីស៊ីម៉ាក់ នៅមុខទីបញ្ជាការស៊ីម៉ាក់បាត់ដំបង ដែលធ្វើឱ្យមន្ត្រីនោះរងរបួសស្រាល និងខូចខាតរថយន្តស្ទើរទាំងស្រុង។ សូមបញ្ជាក់ថា នេះជាពិសោធន៍ត្រូវយកចិត្តទុកដាក់ទាំងអស់គ្នា។ រថភ្លើងគ្មានដាក់ស្លាកសញ្ញានៅកន្លែងឆ្លងកាត់ គ្មានកុងត្រូលសុវត្ថិភាពនៅពេលរថភ្លើងឆ្លងកាត់ រថភ្លើងគ្មានស៊ីផ្លេ និងសញ្ញាព្រមានជាមុន គ្មានពេលម៉ោងធ្វើដំណើរច្បាស់លាស់ទេ ម្តងម៉ោងនេះ ម្តងនោះ ជាដើម៘ អ្នកបើកបររថយន្ត ក៏គប្បីយកចិត្តទុកដាក់ ព្រោះរថភ្លើងចាប់ផ្តើមដំណើរឡើងវិញជាថ្មីហើយ! ត្រូវខិតខំកែលំអរផង! កំហឹងរថភ្លើងជាមួយរថយន្តស៊ីម៉ាក់!…”។
ក្រោយពេលកើតហេតុ រថភ្លើងពុំបានឈប់ទេ ក៏បើកបន្តឆ្ពោះទៅខេត្តបន្ទាយមានជ័យ បាត់ទៅ។ ដោយឡែក រថយន្តត្រូវអង្គភាពស៊ីម៉ាក់ រក្សាទុកនៅកន្លែងកើតហេតុ ហើយទាក់ទងទៅមន្ត្រីការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ឱ្យចុះមកពិនិត្យ និងចាត់តាមនីតិវិធី៕