កាលពីព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៨ មានករណីស្ត្រីគ្រួសារកងទ័ពមួយរូបដែលមានអាការៈធ្លាក់ឈាម ធ្ងន់ធ្ងរ ដោយសាររលូតកូន៨ខែ (កូនដំបូង) ភ្លាមៗនោះផងដែរ ដំណឹងបានដឹងដល់លោកទៀ វិចិត្រ ឯកឧត្តមបានបញ្ជូនអូប័រល្បឿនលឿន ដើម្បីទៅជួយសង្គ្រោះ កើតហេតុនៅកោះតាង ខេត្តព្រះសីហនុ។
ស្ត្រីរងគ្រោះមានឈ្មោះ ជិន ទួន អាយុ៣៥ឆ្នាំ មានប្តីឈ្មោះវណ្ណៈ ច័ន្ទបូរ៉ា អាយុ៣០ឆ្នាំ ជាកងទ័ពជើងទឹកប្រចាំនៅលើកោះតាង សព្វថ្ងៃរស់នៅកោះតាង។
ប្រភពព័ត៌មានបានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី០៧ ខែមិថុនា នារីរងគ្រោះមានអាការៈចុកពោះធ្លាក់ឈាមយ៉ាងខ្លាំង ធ្វើឲ្យរលូតកូន៨ខែក្នុងផ្ទៃ បន្ទាប់ពីឮដំណឹងនេះ ប្រធានវរកងទ័ពជើងទឹកនៅកោះតាង បានរាយការណ៌ព័ត៌មាននេះ រហូតដល់ដឹងដល់ឯកឧត្តមទៀ វិចិត្រ ពេលនោះឯកឧត្តមបានបញ្ជូនបអូប័រល្បឿនលឿនចេញទៅសង្គ្រោះភ្លាមៗ ទោះជាមានអាកាសធាតុកំពុងមានភ្លៀង ខ្យល់ និងរលកធំ យ៉ាងណាក៏ដោយ។ រហូតដល់ម៉ោងជិត២រសៀល ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨ នារីរងគ្រោះត្រូវបានបញ្ជូនមកដល់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។
ដោយឡែក ថ្លៃក្នុងការសម្រាកព្យាបាល ឯកឧត្តមទៀ វិចិត្រ នឹងចេញថ្លៃទាំងអស់ រហូតដល់ស្ត្រីរងគ្រោះជាសះស្បើយ៕