ខេត្តបន្ទាយមានជ័យ ៖ ប្តីប្រពន្ធវ័យក្មេង២នាក់ បាននាំគ្នាធ្វើចំណាកស្រុកចេញទៅធ្វើការនៅប្រទេសថៃ លុះស្ត្រីជាប្រពន្ធត្រូវធ្វើលិខិតឆ្លងដែន ក៏ត្រឡប់មកទឹកដីកម្ពុជាវិញបាន១ថ្ងៃ ទុកឱ្យប្តីដេកនៅតែម្នាក់ឯង ក៏ស្រាប់តែបុរសជាប្តីបានកើតមានអាការៈខ្យល់គរស្លាប់យ៉ាងអាណោចអាធ័ម ជាហេតុធ្វើឱ្យស្ត្រីជាប្រពន្ធទួញយំអាណិតប្តីផង បន្ទោសខ្លួនឯងផងថា បើមិនឃ្លាតពីប្តីទេ គឺប្តីមិនស្លាប់ឡើយ ព្រោះអាចកោសខ្យល់សង្គ្រោះប្តីទាន់ពេលមិនខាន។
ករណីបុរសជាប្តីដេកស្លាប់ចោលប្រពន្ធនេះ បានកើតឡើង កាលពីព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចកន្លែងស្នាក់នៅក្នុងការដ្ឋានសំណង់មួយកន្លែង ស្ថិតក្នុងទឹកដីខេត្តឈុនបុរី ប្រទេសថៃ។ បន្ទាប់មកសាកសពជនរងគ្រោះ ត្រូវបានភាគីថៃ ដឹកយកមកប្រគល់ឱ្យ ស្ត្រីជាប្រពន្ធវិញតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត នៅវេលាម៉ោងជិត១២ថ្ងៃត្រង់ ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៨។
បុរសរងគ្រោះដែកដេកស្លាប់ចោលប្រពន្ធ មានឈ្មោះស៊ិន សោម អាយុ២៧ឆ្នាំ មុខរបរកម្មករសំណង់ ធ្វើការនិងស្នាក់នៅខេត្តឈុនបុរី ប្រទេសថៃ និងមានស្រុកកំណើតនៅភូមិតានី ឃុំរោងគោ ស្រុកក្រឡាញ់ ខេត្តសៀមរាប មានប្រពន្ធឈ្មោះសិ អួន អាយុ២៤ឆ្នាំ មានលំនៅក្នុង ភូមិឃុំតាបែន ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
តាមសម្តីស្ត្រីជាប្រពន្ធជនរងគ្រោះ បានរៀបរាប់ទាំងអួលដើមកប្រាប់ថា នាងនិងប្តីទើបនឹងចាប់ដៃគ្នាបានប៉ុន្មានឆ្នាំប៉ុណ្ណោះ និងបាននាំគ្នាធ្វើចំណាកស្រុកចេញទៅធ្វើការនៅខេត្តឈុនបុរី ប្រទេសថៃ មួយរយៈមកហើយ។ នៅមុនពេលកើតហេតុ កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៨ នាងបានសុំប្តីត្រឡប់មកប្រទេសកម្ពុជាវិញប៉ុន្មានថ្ងៃសិន ដើម្បីរៀបចំធ្វើលិខិតឆ្លងដែន ងាយស្រួលធ្វើការ និងស្នាក់នៅប្រទេសថៃ។ ស្រាប់តែមកដល់ព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៨ ខណៈដែលនាងកំពុងរៀបចំធ្វើដំណើរទៅរកធ្វើលិខិតឆ្លងដែន ក៏ស្រាប់តែទទួលបានទូរស័ព្ទពីមិត្តភក្តិដែលធ្វើការនៅស្រុកថៃ ជាមួយគ្នាថា ប្តីរបស់នាងបានស្លាប់បាត់ទៅហើយ ធ្វើឱ្យនាងស្រឡាំងកាំង ហាស្តីអ្វីមិនចេញ ចង់តែស្ទះទ្រូងស្លាប់ភ្លាមៗទេ ព្រោះមិនគួរលឿនបែបនេះសោះ ទើបនឹងបែកគ្នា១ថ្ងៃសោះ ស្រាប់តែប្តីស្លាប់ចោលនាងបែបនេះ។
ស្ត្រីរងគ្រោះបានយំបណ្តើរ បន្ទោសខ្លួនឯងបណ្តើរថា បើនាងនៅជុំគ្នា ប្តីរបស់នាងច្បាស់ជាមិនស្លាប់ទេ ព្រោះនាងអាចកោសជប់ខ្យល់ឱ្យប្តី សង្គ្រោះប្តីបានទាន់ពេលវេលាមិនខាន។
តាមប្រភពពីសាច់ញាតិបុរសរងគ្រោះ បានបញ្ជាក់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីរសៀលថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៨ ខណៈដែលកំពុងធ្វើការសំណង់សុខៗ ជនរងគ្រោះបានប្រាប់គេឯងថា ខ្លួនចុកពោះណាស់ តែយ៉ាងណា ជនរងគ្រោះមិនព្រមសុំច្បាប់ឈប់សម្រាកពីការងារសិនទេ នៅតែបន្តធ្វើការរហូតដល់ចប់ម៉ោង ក៏ចូលទៅសម្រាក ស្រាប់តែព្រឹកឡើងក៏ត្រូវបានគេប្រទះឃើញដេកស្លាប់រឹងស្តូកតែម្តង។
សាកសពជនរងគ្រោះ ក្រោយបញ្ជូនដល់ទឹកដីកម្ពុជា ត្រូវបានសាច់ញាតិ និងស្ត្រីជាប្រពន្ធ ជួលរថយន្តម៉ាកស៊ីណា ដឹកទៅស្រុកក្រឡាញ់ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕