Wednesday, October 15, 2025
Homeព័ត៌មានជាតិគំរាមសម្លាប់រាល់ថ្ងៃ ប្រពន្ធខ្លាចស្លាប់ ប្តឹងប៉ូលិសចាប់ខ្លួន

គំរាមសម្លាប់រាល់ថ្ងៃ ប្រពន្ធខ្លាចស្លាប់ ប្តឹងប៉ូលិសចាប់ខ្លួន

ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់ ព្រោះតែលង់ខ្លួនជាមួយថ្នាំញៀន ទើបធ្វើឱ្យកើតមានអត្តចរិតឆេវឆាវ ឃោរឃៅ ចេះតែរករឿងប្រពន្ធកូនមិនឈប់ និងថែមទាំងគំរាមសម្លាប់ប្រពន្ធកូនជាញឹកញាប់ រហូតដល់ស្ត្រីជាប្រពន្ធទ្រាំលែងបាន ខ្លាចស្លាប់ក្រោមដៃប្តីនៅថ្ងៃណាមួយ ក៏សម្រេចប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ចាប់ខ្លួនប្តីកំណាច យកទៅចាត់ការតាមច្បាប់។

ករណីប្រពន្ធប្តឹងសមត្ថកិច្ចឱ្យចាប់ប្តីដែលជាមនុស្សញៀនថ្នាំ ចេះតែគំរាមសម្លាប់ប្រពន្ធកូនមិនឈប់នេះ បានកើតឡើង កាលពីថ្ងៃទី05 ខែមិថុនា ឆ្នាំ2018 នៅចំណុចភូមិព្រៃច្រេស ឃុំអូរ ស្រុកភ្នំស្រួច។

បុរសដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននោះ មានឈ្មោះយុង វ៉ឹង អាយុ36ឆ្នាំ មុខរបរកសិករ មានលំនៅភូមិព្រៃច្រេស ឃុំអូរ ស្រុកភ្នំស្រួច។ ចំណែកស្ត្រីជាប្រពន្ធដែលប្តឹងសមត្ថកិច្ចឱ្យចាប់ប្តី មានឈ្មោះហឿង បូ អាយុ37ឆ្នាំ។

តាមសម្តីស្ត្រីជាប្រពន្ធ បានរៀបរាប់ប្រាប់ថា ប្តីប្រពន្ធគាត់បានចាប់ដៃគ្នាជាច្រើនឆ្នាំមំកហើយ ហើយកាលពីដំបូង ឃើញថាប្តីជាមនុស្សល្អ ពូកែទាំងរកស៊ីចិញ្ចឹមគ្រួសារ ពូកែទាំងថ្នាក់ថ្នមប្រពន្ធទៀត មិនដែលធ្វើឱ្យមានភាពល្អក់កករក្នុងគ្រួសារឡើយ។ ស្រាប់តែក្រោយមក ប្តីគាត់ស្រាប់តែដើរទៅសេពគប់ជាមួយមិត្តភក្តិមិនល្អ វក់រឿងដើរលេងផឹកស៊ីស្រវឹងអួទីនួរាល់ថ្ងៃ និងថែមទាំងរករឿងឈ្លោះប្រកែកវាយដំគាត់ជាប្រពន្ធខ្លះៗទៀតផង តែគាត់ក៏មិនបានប្តឹងផ្តល់អ្វីដែរ។

ស្ត្រីជាប្រពន្ធបន្តថា លុះក្រោយមកទៀត ស្រាប់តែប្តីនេះបែរជាបែកគំនិតត្រូវមិត្តភក្តិអូសទាញឱ្យប្រើប្រាស់ថ្នាំញៀន រហូតដល់ផ្តាច់លែងបាន ចេះតែបំផ្លាញលុយកាក់ទ្រព្យសម្បត្តិក្នុងផ្ទះ លែងរកស៊ីអ្វីទាំងអស់ មួយថ្ងៃៗដើរតែជក់ថ្នាំញៀន រួចមកដល់ផ្ទះរករឿងវាយដំគំរាមសម្លាប់ប្រពន្ធកូនមិនឈប់ ជាហេតុធ្វើឱ្យគាត់រស់នៅទាំងភ័យខ្លាចរាល់ថ្ងៃ។ ហើយកន្លងមក គាត់ធ្លាប់បានបញ្ជូនប្តីទៅមណ្ឌលអប់រំកែប្រែ ផ្តាច់សារធាតុញៀនម្តងដែរ តែប្តីនេះមិនកែខ្លួនសោះឡើយ។

ស្ត្រីជាប្រពន្ធរូបនេះ បានបញ្ជាក់ថា ដោយសារតែប្តីញៀនថ្នាំចេះតែគំរាមសម្លាប់គាត់ជាប់រហូត ទើបធ្វើឱ្យគាត់ទ្រាំលែងបាន ខ្លាចថ្ងៃណាមួយប្តីសម្លាប់មែន ក៏សម្រេចប្តឹងសមត្ថកិច្ចឱ្យចាប់ខ្លួនប្តីយកទៅចាត់ការតាមច្បាប់តែម្តង។

ក្រោយទទួលបានពាក្យបណ្តឹង សមត្ថកិច្ចចុះទៅដល់ផ្ទះ ឃាត់ខ្លួនបុរសជាប្តីខាងលើ ព្រមទាំងដកហូតបាននូវឧបករណ៍សម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនផងដែរ។

ជនសង្ស័យរូបនេះ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធិី៕

RELATED ARTICLES