Wednesday, October 15, 2025
Homeព័ត៌មានជាតិបរិយាយថ្ងៃនេះ ៖ គេហៅស៊ីបាយ ឱ្យខំអត់

បរិយាយថ្ងៃនេះ ៖ គេហៅស៊ីបាយ ឱ្យខំអត់

ពាក្យស្លោកបុរាណជាឃ្លោងឃ្លា១ថា “ដើរលេងផ្ទះគេទោះជិតឆ្ងាយ គេហៅស៊ីបាយឱ្យខំអត់ អង្ករគេច្រកដឹងកំណត់ ឱ្យល្មមតែមាត់កូនចៅគេ” មានខ្លឹមសារអប់រំ “មនុស្សជំហមស៊ី” តែម្តង។ ករណីបក្សតូចៗកើតព្រោងព្រាត ចូលរួមការបោះឆ្នោតនោះ បើសិនជាមាន “បក្សជំហមស៊ី” នឹងមិនបានជោគជ័យទេ ដែល “នគរធំ” ក្តាប់បញ្ហាដ៏រសើបនេះបាន ក៏លើកមកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

កន្លងមក មានការរិះគន់ថា គណបក្សតូចៗទើបបង្កើត ក៏ដូចជាគណបក្សមានពីមុន តែគ្មានកៅអីរដ្ឋសភានោះ ជា “បក្សអាប បក្សស៊ីពែ បក្សរណប បក្សអែបអប បក្សអំពិលអំពែក” ដែលការរិះគន់នេះចេញពីមាត់ពួកប្រឆាំងដែលមានលោកសម រង្ស៊ី ជាអ្នកដឹកនាំ។ នៅពេលមានការរិះគន់បែបនេះ ប្រធានគណបក្សនីមួយៗ ក៏វាយបកវិញថា គណបក្សគាត់រស់ដោយខ្លួនឯង គ្មានអ្នកណាចិញ្ចឹមទេ ព្រោះមានគោលការណ៍ប្រកួតប្រជែងដណ្តើមសន្លឹកឆ្នោត ដណ្តើមកៅអីនាយករដ្ឋមន្ត្រី។

បើមានការអះអាងយ៉ាងនេះមែន ជារឿងល្អបំផុត ព្រោះបើបក្សខ្លួនអត់លុយធ្វើនយោបាយ បែរជាពឹងពាក់ខ្ចីលុយបក្សកាន់អំណាច ឬសុំស្ងាត់ៗឱ្យគេជួយនោះ នឹងដើរជាន់ពាក្យស្លោក “គេហៅស៊ីបាយ ឱ្យខំអត់” នេះមិនខានឡើយ។ ធម្មតា អ្នកដើរលេងផ្ទះគេ បើជួនជាមានភ្លៀងខ្លាំង ច្បាស់ជាម្ចាស់ផ្ទះ “ហៅហូបបាយ” ជាការគួរសម បើសិនជាអ្នកដើរលេងនោះ ចូលអង្គុយរួមស្ពកជាមួយគេ ច្បាស់ជា “ខ្វះបាយ” មិនខាន ព្រោះគេវាល់អង្ករមានកំណត់ល្មមតែឆ្អែតកូនចៅ ក្រុមគ្រួសារគេ លុះបន្ថែមភ្ញៀវម្នាក់ដែលគេមិនអញ្ជើញទៅលេងនោះ ឃើញថា មុខជារលីងបោសឆ្នាំង។ ដូចរឿងពិតមួយតំណាលពីបុរសម្នាក់ទៅលេងផ្ទះក្លើ ដោយមិនប្រាប់ម្ចាស់ផ្ទះឱ្យដឹងមុន ហើយគាប់ជួនពេលបាយ កំពុងជុំកូនចៅគេហូបផងនោះ ម្ចាស់ផ្ទះក៏អញ្ជើញភ្ញៀវឱ្យចូលហូបជាមួយ។ លុះហូបអស់បាយ១ចាន មិនឃើញម្ចាស់ផ្ទះថែមឱ្យ ឯភ្ញៀវនោះក៏មិនហ៊ានទារថែម ក៏ធ្វើជាលើកចានបង្ហាញម្ចាស់ផ្ទះ រួចសួរថា “ចាននេះទិញពីពេលណា?” ឯស្ត្រីជាម្ចាស់ផ្ទះ ដែលគ្មានបាយថែមឱ្យភ្ញៀវ ក៏លើកឆ្នាំងដែលអស់បាយរលីងនោះបង្ហាញ និងឆ្លើយថា “ចានហ្នឹងទិញ៣ខែហើយ ដំណាលនឹងឆ្នាំងនេះ” ទីបំផុត ភ្ញៀវនោះបានត្រឹមកន្លះពោះ ឯកូនចៅគេ ក៏ហូបមិនឆ្អែត បើនឹងដាំបាយជាថ្មីទៀត ក៏ខ្ជិលរវល់ មានតែផឹកទឹកបំពេញក្រពះទៅ…។

យ៉ាងណាមិញ កាលបរិច្ឆេទនៃការឃោសនាបោះឆ្នោតដែលកំណត់ដោយ គ.ជ.ប មិនទាន់មកដល់ផង យើងឃើញគណបក្សទាំង២០ ចាប់ផ្តើមឃោសនាបណ្តើរៗហើយ ខ្លះទៀត ក៏មានការហែក្បួនគគ្រឹកគគ្រេង។ សម្រាប់គណបក្សប្រជាជនកម្ពុជា (CPP) មានថវិកាពេញដៃ និងមានហេដ្ឋារចនាសម្ព័ន្ធតាំងពីលើដល់ក្រោមនោះ ប្រៀបបាននឹង “ម្ចាស់ផ្ទះ” រីឯគណបក្សតូចៗ មិនខុសពី “អ្នកដើរលេងផ្ទះគេ”។ CPP ឱបក្តាប់ទាំងអស់ តាំងពីមន្ត្រីរាជការ កងប្រដាប់អាវុធ មេភូមិ មេឃុំ រហូតដល់ប្រជាពលរដ្ឋសាមញ្ញ ត្រូវបានដាក់បញ្ចូលជាសមាជិកបក្ស ស្ទើរតែទាំងអស់។ កាលបើប្រមូលឱបក្តាប់បាន កូនចៅច្រើនយ៉ាងនេះ CPP អាចដឹងពីការចំណាយ ឬ “ច្រកអង្ករឱ្យល្មមតែមាត់កូនចៅ” បើបក្សតូចៗ “ជំហមស៊ី” នឹង “ជំពាក់គុណគេ”។ រឿងជំពាក់គុណនេះ មកពី “គេបេះពីមាត់ពីកឱ្យខ្លះ” បើចេះតែទទួល មិនមើលមុខក្រោយ ហើយបើសិនជាពលរដ្ឋបានដឹង នឹងបាត់បង់ការគាំទ្រ។

ប៉ុន្មានថ្ងៃមុន សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទម្លាយរឿងសម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ផ្ញើសំបុត្រខ្ចីលុយជាង១លានដុល្លារ ទៅធ្វើនយោបាយ។ បើសិនរឿងនេះ ជាការពិត មានន័យថា “អ្នកដើរលេងផ្ទះគេ មិនចេះទ្រាំអត់ទ្រាំឃ្លាន ឃើញគេមានម្ហូបឆ្ងាញ់ ចង់ចូលវង់នឹងគេដែរ”។ ម្ហូបនោះ គេចម្អិនសម្រាប់តែកូនចៅគេ បើអ្នកក្រៅចូលហូបដែរ កូនចៅគេនឹងរអ៊ូរទាំ ធុញទ្រាន់ មិនចង់ឱ្យភ្ញៀវនោះទៅលេងផ្ទះគេទៀត។

ដោយឡែក គណបក្សតូចៗមួយចំនួន ក៏មានការលាបពណ៌ថា ជាបក្សស៊ីពែ បក្សអែបអប បក្សរណប បក្សអំពិលអំពែក ព្រោះតែអ្នករិះគន់នោះ ដឹងថា ប្រធានគណបក្សខ្លះ គ្មានអ្វីជាដុំកំភួនទេ លុះត្រាតែ “ជំហមស៊ី” ទើបមានកម្លាំងធ្វើនយោបាយ។ បើគេរិះគន់បែបនេះ គួរតែគណបក្សតូចៗទាំងនោះ ចេះទ្រាំអត់ឃ្លាន កុំទទួលជំនួយពីគេឱ្យសោះ ទើបបាន។ ឧបមាថា មានបក្សមួយួ មិនសូវមានឈ្មោះល្បី នៅពេលហែក្បួនទៅដល់ផ្ទះមេឃុំជាសមាជិក CPP នៅមូលដ្ឋានណាមួយ ស្រាប់តែមេឃុំនោះហៅចូលស្រស់ស្រូប ហូបដូងខ្ចី បន្តកម្លាំងនោះ បើអ្នកហែក្បួនព្រមចូលហូប ច្បាស់ណាស់ថា មហាជននឹងដាក់ឈ្មោះបក្សនោះថា ជា “បក្សស៊ីពែ”។ ឧបមាទៀតថា បើមានបក្សមួយ ពេលហែក្បួនទៅប្រជ្រួសផ្លូវគ្នាជាមួយក្បួនហែរបស់បក្សកាន់អំណាច ហើយបក្សតូចនោះឱនក្បាលត្រុនៗ ចៀសផ្លូវឱ្យគេ ច្បាស់ជាមហាជនវាយតម្លៃបក្សតូចនោះថា ជា “បក្សអែបអប”។ ជាងនេះទៀត បើមានបក្សមួយ កំពុងតែឃោសនាក្តែងៗ លុះឃើញមន្ត្រីបក្សកាន់អំណាច ទៅដល់ ក៏ស្ងាត់ឈឹងនោះ មហាជននឹងដាក់ឈ្មោះថា ជា “បក្សអំពិលអំពែក” មិនខានឡើយ។

ចំណុចសំខាន់នៅត្រង់ធ្វើយ៉ាងណា “ពេលគេហៅស៊ីបាយ ឱ្យខំអត់” នេះឯង ព្រោះ “បើស៊ីបាយគេ តែ១ស្លាបព្រា” នឹងជំពាក់គុណគេ។ ឥឡូវមិនទាន់អីផង លេចធ្លាយរឿងហ៊្វុនស៊ិនប៉ិច ខ្ចីលុយ CPP ទៅពង្រឹងបក្ស ទោះបីជាហ៊្វុនស៊ិនប៉ិច បង្ហាញគោលការណ៍ ១៤ចំណុច មានន័យប្រឆាំងបក្សកាន់អំណាចយ៉ាងណា បើយើងរកលុយគេបែបនេះ អាចនឹងរងការលាបពណ៌ពីពួកប្រឆាំង នៅក្រៅប្រទេសថា ជា “បក្សរណប” ចៀសមិនផុត។

ដូច្នេះទ្រឹស្តី “ខ្លួនទីពឹងខ្លួន” ត្រូវតែយកមកអនុវត្តឱ្យដល់កម្រិតទើបបាន ប៉ុន្តែជារឿងពិបាកបំផុត ដោយសារតែមានច្បាប់ចែងថា “ហាមអ្នកនយោបាយយកលុយបរទេសមកធ្វើនយោបាយ” អ៊ីចឹងបើសិនជាគណបក្សណា ហ៊ានទាក់ទងសុំលុយរដ្ឋាភិបាលអាមេរិក បារាំង អូស្ត្រាលី មកប្រើប្រាស់ក្នុងការរកសំឡេងឆ្នោត នឹងត្រូវប្រឈមចំពោះមុខច្បាប់។ បើនឹងរៃអង្គាសលុយពីបងប្អូនអាណិកជនខ្មែរ នៅក្រៅប្រទេស មកចាយវាយ ក៏បានតិចតួចដែរ មិនអាចទប់ទល់នឹងការចំណាយបានឡើយ អ៊ីចឹងតើគណបក្សដែលអត្តខាត់នោះ ត្រូវដោះស្រាយយ៉ាងណា? បើគ្មានដំណោះស្រាយ ស្រាប់តែមានលុយចេញហែក្បួនឃោសនាគគ្រឹកគគ្រេង ឬជួលម៉ោងវិទ្យុផ្សាយគោលនយោបាយរបស់ខ្លួននោះ ចៀសមិនផុតពីការចោទប្រកាន់ថា ជា “អ្នកដើរលេងផ្ទះគេៗហៅស៊ីបាយ” មិនខានឡើយ។ បើបក្សតូចៗ ឬបក្សដែលបង្កើតពីមុន “មានលុយប៉ុន្មាន ចាយប៉ុណ្ណឹង” មិន “ជំហមស៊ី” នឹងមិនបានជោគជ័យទេ ដោយហេតុថា បក្សកាន់អំណាច មានអ្វីៗទាំងអស់ ដូច្នេះប្រជាពលរដ្ឋមិនល្ងង់ទៅបោះឆ្នោតឱ្យ “បក្សជំហមស៊ី” នោះទេ ច្បាស់ជាបោះឱ្យ “ម្ចាស់ផ្ទះដែលសម្បូរលុយ” មិនខានឡើយ។

សរុបទៅ “គេហៅស៊ីបាយ ឱ្យខំអត់” មានន័យយ៉ាងនេះឯង ដែលជាបរិបទសម្រាប់គណបក្សតូចៗ យកទៅពិចារណា។ បើចង់បានសន្លឹកឆ្នោត លុះត្រាតែ “អត្តា ហិ អត្តនោ នាថោ” (ខ្លួនទីពឹងខ្លួន) ប៉ុន្តែបើខ្លួនអត់លុយ បែរជាសុំលុយគេមកធ្វើនយោបាយ បានត្រឹម “កំដរឆាក” ប៉ុណ្ណោះ។ ហេតុនេះ គួរតែគណបក្សទាំង១៩ (ក្រៅពី CPP) ដោះស្រាយឱ្យបានរឿងថវិកា ព្រោះប្រជារាស្ត្រសម័យនេះ “មានភ្នែកទិព្វ ត្រចៀកទិព្វ” មើលឃើញគ្មានចន្លោះ បើដឹងថា “បក្សណាជំហមស៊ី” រាស្ត្រមិនបោះឆ្នោតឱ្យទេ តែបើបក្សណា “រស់ដោយខ្លួនឯង” និងមានជំហរ “ប្រឆាំងចំប្លង់” អាចសង្ឃឹមបានអាសនៈសភា បើមិនច្រើនក៏តិច…៕

RELATED ARTICLES