Wednesday, October 15, 2025
Homeព័ត៌មានជាតិឆេះកុដិក្នុងវត្តទឹកថ្លា ឆេះម៉ូតូសល់គ្រោងឆ្អឹង២គ្រឿង

ឆេះកុដិក្នុងវត្តទឹកថ្លា ឆេះម៉ូតូសល់គ្រោងឆ្អឹង២គ្រឿង

ភ្នំពេញ ៖ កុដិចំណាស់មួយខ្នង ត្រូវបានអគ្គិភ័យឆាបឆេះទាំងកណ្តាលយប់ ដោយមិនទាន់ដឹងមូលហេតុច្បាស់លាស់នៅឡើយ និងបានធ្វើឱ្យព្រះសង្ឃរួមនិងកូនសិស្សដែលគង់ស្នាក់នៅក្នុងកុដិ ភ័យសភ្នែក ព្រមទាំងបង្កឱ្យមានការខូចខាតទ្រព្យសម្បត្តិក្នុងកុដិមួយចំនួន ចំណែកម៉ូតូ២គ្រឿង ត្រូវភ្លើងឆេះខ្ទេចសល់តែគ្រោងឆ្អឹងដែកប៉ុណ្ណោះ។

ករណីគ្រោះអគ្គិភ័យខាងលើនេះ បានកើតមានឡើង កាលពីវេលាម៉ោង១១និង៤០នាទីយប់ ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៨ នៅត្រង់ចំណុចកុដិចំណាស់អត់លេខមួយខ្នង ស្ថិតក្នុងបរិវេណវត្តទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

តាមសម្តីយុវជនឈ្មោះសេង ហុង អាយុ២៤ឆ្នាំ ជានិសិត្សឆ្នាំទី៤ នៃសាកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូង មានស្រុកកំណើតនៅស្រុកបាធាយ ខេត្តកំពង់ចាម បច្ចុប្បន្នកំពុងស្នាក់នៅក្នុងកុដិកើតហេតុខាងលើ បានរៀបរាប់ប្រាប់ថា ខ្លួនបានមកស្នាក់នៅក្នុងវត្តទឹកថ្លានេះ អស់រយៈពេលជាង៣ឆ្នាំមកហើយ ហើយកុដិកើតហេតុខាងលើនោះ គឺមានតែខ្លួន និងយុវជនម្នាក់ទៀតដែលជានិសិត្សមកស្នាក់នៅក្នុងវត្តខាងលើដែរតែប៉ុណ្ណោះ។

យុវជនសេង ហុង បានបន្តថា នៅមុនពេលកើតហេតុ ពួកគេទាំង២នាក់បានមកពីរៀន ហើយក៏បានយកម៉ូតូចំនួន២គ្រឿង ក្នុងនោះ មួយគ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៧ និង១គ្រឿងទៀតម៉ាក ZOOMER-X ស៊េរីឆ្នាំ២០១៨ ដែលជារបស់ពួកគេទៅទុកនៅក្នុងកុដិកើតហេតុ ហើយក៏បានចាក់សោទ្វារចោល រួចក៏នាំគ្នាឡើងទៅសម្រាកនៅជាន់ទី១ដូចសព្វដង។ ស្រាប់តែមកដល់វេលាកើតហេតុ ខណៈដែលពួកគេកំពុងតែដេកលង់លក់ ក៏ស្រាប់តែឮសំឡេងផ្ទុះ និងមានផ្សែងខ្មួលខ្មាញ់ចេញពីជាន់ក្រោម ដែលជាបន្ទប់ដាក់ម៉ូតូរបស់ពួកគេ។ ភ្លាមនោះ ពួកគេក៏នាំគ្នាចុះមកមើល ស្រាប់តែឃើញមានអណ្តាតភ្លើងកំពុងតែឆាបឆេះបន្ទប់នោះយ៉ាងសន្ធោសន្ធៅទៅហើយ។ ឃើញបែបនេះ ពួកគេបានស្រែកឆោឡោ ធ្វើឱ្យមានការភ្ញាក់ផ្អើលព្រះសង្ឃដែលគង់នៅវត្តទឹកថ្លា ព្រមទាំងកូនសិស្សនាំគ្នាទាញទុយោទឹកជួយបាញ់ពន្លត់ភ្លាមៗ និងបានប្រើអស់រយៈពេលជាង១ម៉ោង ទើបភ្លើងបានរលត់ទៅវិញ ដោយមិនរំខាន់ដល់រថយន្តពន្លត់អគ្គិភ័យនោះទេ។

ហេតុការណ៍អគ្គិភ័យឆាបឆេះកុដិខាងលើ បានបង្កឱ្យម៉ូតូ២គ្រឿង និងរបស់មួយចំនួន រួមទាំងបន្ទប់ជាន់ផ្ទាល់ដី ដែលមានទំហំ៤ម៉ែត្រ គុណនឹង៧ម៉ែត្រ រងការខូចខាតអស់ទាំងស្រុង។

ចំណែកមូលដែលបណ្តាលឱ្យកើតមានគ្រោះអគ្គិភ័យនេះ នៅមិនទាន់មានប្រភពណាមួយអាចបញ្ជាក់ឱ្យបានច្បាស់លាស់នៅឡើយថា ឆេះមកពីមូលហេតុអ្វី ដោយសារតែកុដិកើតហេតុខាងលើ ពុំមានបណ្តាញចរន្តអគ្គិសនីតចូលទេ ហើយក៏មិនមានការដុតទាន់បំភ្លឺបន្ទប់អ្វីដែរ៕

RELATED ARTICLES