Wednesday, October 15, 2025
Homeព័ត៌មានជាតិចង់ឲ្យគេសងលុយ ពាក់អាវប៉េអឹមបង្ហោះរូបតាមហ្វេសប៊ុក សមត្ថកិច្ចឃាត់ខ្លួន

ចង់ឲ្យគេសងលុយ ពាក់អាវប៉េអឹមបង្ហោះរូបតាមហ្វេសប៊ុក សមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ ៖ បុរសម្នាក់ នៅសុខៗក៏បែកគំនិតទៅទិញឯកសណ្ឋានមន្ត្រីកងរាជអាវុធហត្ថ មកស្លៀក រួចថតរូបបង្ហោះហ្វេសប៊ុក ដើម្បីបង្អួតគេឯង បន្ទាប់មកថែមទាំងថ្លើមធំហ៊ានឡាយវីដេអូ គំរាមទារលុយពីអ្នកដែលជំពាក់ខ្លួនទៀតផង ទីបំផុតក៏ត្រូវបានកម្លាំងកងរាជអាវុធហត្ថ ចាប់ឃាត់ខ្លួននាំយកទៅធ្វើការសួរនាំ នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៨។

ជនសង្ស័យដែលបន្លំខ្លួនជាមន្ត្រីកងរាជអាវុធហត្ថ និងត្រូវកម្លាំងជំនាញចាប់ឃាត់ខ្លួននេះ មានឈ្មោះថា វណ្ណា អាយុ៣៤ឆ្នាំ មុខរបរជា ជាងថតវីដេអូតាមរោងការ មានលំនៅស្រុកស្អាង ខេត្តកណ្តាល និងមានគណនីហ្វេសប៊ុកឈ្មោះ “ព្រះអាទិត្យបំបែកភ្នំ”។

លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាក់ប្រាប់ថា នៅមុនពេលកើតហេតុ បុគ្គលឈ្មោះថា វណ្ណា បានទៅទិញសម្លៀកបំពាក់មន្ត្រីកងរាជអាវុធហត្ថនៅផ្សារទឹកថ្លា ខណ្ឌសែនសុខ ហើយយកមកស្លៀកពាក់រួចថតរូបបង្ហោះលើហ្វេសប៊ុក និងថែមទាំងបានយកអាវអាវុធហត្ថទៅបំពាក់ពីក្រោយខ្នង ពេលខ្លួនកំពុងឡាយវីដេអូ ដើម្បីទារប្រាក់ពីអ្នកជំពាក់គោលបំណងឱ្យគេខ្លាច និងសងបំណុលខ្លួនទៀតផង។

ក្រោយទទួលបានព័ត៌មានខាងលើនេះ នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាឱ្យកម្លាំងជំនាញបើកការស្រាវជ្រាវដើម្បីឈានទៅដល់ការចាប់ខ្លួនជនម្នាក់នេះ។ នៅទីបំផុត ជនសង្ស័យក៏ត្រូវបានរកឃើញ ហើយធ្វើការនាំខ្លួនមកសួរចម្លើយ នៅទីបញ្ជាការដ្ឋានអាវុធហត្ថលើផ្ទៃប្រទេស។

នៅចំពោះមុខមន្ត្រីជំនាញ ជនសង្ស័យបានឆ្លើយសារភាពថា ហេតុតែខ្លួនធ្វើដូច្នេះ ដោយសារតែមានចិត្តចង់ក្លាយជាមន្ត្រីអាវុធហត្ថ តាំងពីតូច ប៉ុន្តែមិនដឹងចូលតាមច្រកណា។

យ៉ាងណាក្តី លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី បានបញ្ជាក់ថា ក្រោយបញ្ចប់ការសួរនាំ និងអប់រំរួចមក ជនសង្ស័យត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅវិញ។ ជាមួយនេះ លោកឧត្តមសេនីយ៍អ្នកនាំពាក្យ ក៏បានផ្តាំផ្ញើទៅកាន់ប្រជាពលរដ្ឋ ជាពិសេស យុវជនកុំប្រព្រឹត្តនូវទង្វើខុសច្បាប់បែបនេះ ដែលធ្វើឱ្យប៉ះពាល់ដល់សង្គមជាតិ ក៏ដូចរងទុក្ខទោសដល់ខ្លួនឯង និងក្រុមគ្រួសារ។

ជាមួយគ្នានេះ មានការលើកឡើងថា ដើម្បីបញ្ចប់បទល្មើសបែបនេះ សមត្ថកិច្ច និងអាជ្ញាធរ គួរតែចុះទៅទប់ស្កាត់ និងណែនាំក្នុងកម្រិតណាមួយទៅលើអ្នកលក់ដូរឯកសណ្ឋានកងកម្លាំងប្រដាប់អាវុធបែបនេះ នៅផ្សារទឹកថ្លា តែម្តង ចៀសវាងមានរឿងដដែលៗកើតឡើង៕

RELATED ARTICLES