Wednesday, October 15, 2025
Homeព័ត៌មានជាតិប្រពន្ធមិនបានទិញស្បែកជើងឲ្យកូនពៅ ប្តីវាយ១វែកឆា

ប្រពន្ធមិនបានទិញស្បែកជើងឲ្យកូនពៅ ប្តីវាយ១វែកឆា

ភ្នំពេញ ៖ ប្តីប្រពន្ធជាអ្នករើសអេតចាយ២នាក់ បានកើតមានទំនាស់តឹងសរសៃកដាក់គ្នាពីរឿងស្ត្រីជាប្រពន្ធទិញសម្លៀកបំពាក់ឱ្យកូនគ្រប់គ្នា ប៉ុន្តែមិនព្រមទិញស្បែកជើងឱ្យកូនពៅ១គូ ទើបធ្វើឱ្យកើតជាអំពើហិង្សា ដោយបុរសជាប្តីបានទាញវែកឆាវាយប្រពន្ធ បណ្តាលឱ្យរងរបួស និងបង្កមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះអន្តរាគមន៍ទាំងយប់។

ករណីប្តីប្រពន្ធផ្ទុះហិង្សាព្រោះតែរឿងអត់ទិញស្បែកជើងឱ្យកូនពៅនេះ បានកើតឡើង កាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចភូមិអង្គ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

បុរសជាប្តីដែលទាញវែកឆាវាយប្រពន្ធ មានឈ្មោះសឹម មិនា អាយុ៤៣ឆ្នាំ មុខរបររើសអេតចាយ។ ចំណែកស្ត្រីជាប្រពន្ធ មានឈ្មោះសុខ វណ្ណារ៉ា អាយុ៤៣ឆ្នាំ មុខរបរដើររើសអេតចាយ។ ប្តីប្រពន្ធអ្នកទាំង២ មានលំនៅក្នុងភូមិកើតហេតុខាងលើ។

តាមសម្តីស្ត្រីជាប្រពន្ធបានរៀបរាប់ប្រាប់ថា គាត់មានកូនទាំងអស់៥នាក់ ក្នុងនោះកូនច្បងស្រីអាយុ១៥ឆ្នាំ ចំណែកកូនពៅអាយុ៦ឆ្នាំ។ ហេតុតែគ្រួសាររបស់គាត់មានជីវភាពក្រពេក ទើបមិនមានលុយទិញសម្លៀកបំពាក់ ឬស្បែកជើងល្អៗថ្មីៗឱ្យកូនពាក់ដូចគេនោះទេ។ នៅមុនពេលកើតហេតុ កូនស្រីច្បងរបស់គាត់ ធ្វើការងារបោកសម្លៀកបំពាក់ឱ្យគេ ទើបនឹងបើកប្រាក់ខែ ក៏បានយកលុយមកឱ្យគាត់ជាង១០ម៉ឺនរៀល សម្រាប់ផ្គត់ផ្គង់គ្រួសារ។

ស្ត្រីជាប្រពន្ធរូបនេះ បន្តថា ក្រោយពីបានលុយមក គាត់ក៏បានយកលុយទាំងនោះ ទៅសងគេខ្លះ និងសល់ខ្លះ យកទៅទិញម្ហូប និងបានឆ្លៀតទិញសម្លៀកបំពាក់ឱ្យកូនៗ ប៉ុន្តែមិនទាន់បានទិញស្បែកជើងឱ្យកូនពៅរបស់គាត់ទេ។ ស្រាប់តែមកដល់វេលាម៉ោងកើតហេតុខាងលើ ប្តីរបស់គាត់ទើបត្រឡប់មកពីផឹកស៊ីនៅក្នុងភូមិ ដោយដឹងថា កូនស្រីច្បងទើបនឹងបើកលុយ ហើយឱ្យលុយគាត់យកទៅទិញសម្លៀកបំពាក់ឱ្យកូនៗ ទើបប្តីបានសួរថា មានទិញស្បែកជើងឱ្យកូនស្រីពៅអត់ ព្រោះអាណិតកូនស្រីពៅឃើញពាក់ស្បែកជើងឡើងកញ្ចាស់ លុះគាត់ប្រាប់ថា មិនទាន់ទិញឱ្យទេ ចាំថ្ងែក្រោយ ស្រាប់តែប្តីនិយាយថា គ្រាន់តែស្បែកជើង១គូ តម្លៃ៥ពាន់រៀលសោះ មិនទិញឱ្យកូន  ទើបធ្វើឱ្យកើតមានការឈ្លោះប្រកែកគ្នាទៅវិញទៅមក ហើយភ្លាមនោះ ប្តីគាត់ខឹងបានទាញធុងទឹកកកយកមកវាយក្បាលគាត់ ព្រមទាំងទាញវែកឆាមកក្បាលគាត់ថែមទៀត បណ្តាលឱ្យគាត់ឈឺយ៉ាងខ្លាំង ក៏ទូរស័ព្ទហៅសមត្ថកិច្ចឱ្យមកជួយអន្តរាគមន៍ភ្លាមៗតែម្តង។

តាមប្រភពព័ត៌មានពីអ្នកជិតខាង បានប្រាប់ថា ប្តីប្រពន្ធ២នាក់ខាងលើតែងតែឈ្លោះប្រកែកគ្នាសឹងរាល់ថ្ងៃ ហើយនៅពេលខ្លះមិនត្រឹមតែប្តីវាយប្រពន្ធទេ គឺប្រពន្ធវាយប្តីបណ្តាលឱ្យបែកក្បាលជាញឹកញាប់ផងដែរ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានធ្វើការណែនាំប្តីប្រពន្ធ២នាក់ខាងលើ កុំប្រើអំពើហិង្សាវាយគ្នាបែបនេះទៀត ឱ្យចេះសាមគ្គីគ្នា ព្រោះការឈ្លោះប្រកែកគ្នាមិនដែលចំណេញឡើយ ហើយបន្ទាប់មកប្តីបានសុំទោសប្រពន្ធ និងសុំទោសសមត្ថកិច្ចផងដែរ៕

RELATED ARTICLES