Wednesday, October 15, 2025
Homeព័ត៌មានជាតិលោកកូនម្នាក់នេះ ចង់ឃើញញោមទាំងពីរសប្បាយចិត្តណាស់ តែលោកកូននេះមិនទាន់អាចធ្វើបាន

លោកកូនម្នាក់នេះ ចង់ឃើញញោមទាំងពីរសប្បាយចិត្តណាស់ តែលោកកូននេះមិនទាន់អាចធ្វើបាន

បន្ទាយមានជ័យ៖ សង្ឃវ័យក្មេងមួយអង្គ ទើបនឹងបួសថ្វាយខ្លួនក្នុងព្រះពុទ្ធសាសនាបាន២ខែ ស្រាប់តែរៀនធម៌អារ្យយូរៗទៅ ក៏នឹកឃើញដល់រឿងអតីតកាលដែលខ្លួននៅជាយុវវ័យឈាមរាវ ដើរលេងប៉ោឡែ ធ្វើទុក្ខបុកម្នេញបំផ្លាញម្តាយ និងក្រុមគ្រួសារច្រើនពេក ក៏សម្រេចចិត្តគិតខ្លី ចងកធ្វើអត្តឃាត បណ្តាលឱ្យសុគតយ៉ាងអាណោចអាធ័ម។

ករណីសង្ឃបួសបាន២ខែ បែរជាគិតខ្លីចងកសម្លាប់ខ្លួន បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៥និង១០នាទីល្ងាច ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចដើមអាកាស្យា១ដើម ស្ថិតនៅខាងកើតព្រះវិហាវត្តចាន់ស៊ី ហៅវត្តលាវ ស្ថិតក្នុងភូមិកូបកើត ឃុំកូប ស្រុកអូរជ្រៅ។

ព្រះសង្ឃដែលតូចព្រះទ័យ ចងកធ្វើអត្តឃាត មានព្រះនាម ឡេង ម៉េងជូ ព្រះជន្ម២១វស្សា មានស្រុកកំណើតនៅភូមិអូរជ្រៅ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត តែបានមកបួសរៀន និងគង់នៅវត្តចាន់ស៊ី ហៅវត្តលាវ ស្ថិតនៅទីតាំងកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ មានព្រះសង្ឃគង់នៅក្នុងវត្តចាន់ស៊ី បានរត់ទៅទូលព្រះចៅអធិការវត្តថា បានប្រទះឃើញសង្ឃ ឡេង ម៉េងជូន ដែលទើបនឹងបួសរៀនបាន២ខែ ចងកសុគតនៅលើដើមអាកាស្យាខាងកើតវិហារ ទើបធ្វើឱ្យកើតមានការផ្អើលឆោឡោពេញវត្ត និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកពិនិត្យតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះមកដល់ទីតាំងកើតហេតុ និងបានរកឃើញមានលិខិតបណ្តាំរបស់ព្រះសង្ឃ ឡេង ម៉េងជូ ចំនួន៥សន្លឹក ដែលសរសេរទុកមុនពេលធ្វើអត្តឃាតដោយចងក។

នៅក្នុងលិខិតបណ្តាំទាំង៥សន្លឹក មានខ្លឹមសារទាំងស្រុងថា “ថ្ងៃទី២០ ខែ០៤ ឆ្នាំ២០១៨ គឺជាថ្ងៃដែលអាត្មា បានចូលបួសជាព្រះសង្ឃរួចហើយ អាត្មាបានសម្រេចចិត្តថ្វាយខ្លួនដល់ព្រះ នៅថ្ងៃទី២៤ ខែ០៤ ឆ្នាំ២០១៨ រហូតតទៅដល់ថ្ងៃអាត្មាអស់ជីវិតទៅ ពីអាត្មា ម៉េងជូ។ ពេលវេលាជាមាសប្រាក់ មានតម្លៃណាស់សម្រាប់មនុស្សយើងម្នាក់ៗ ត្រូវខំធ្វើល្អឱ្យច្រើន ទើបជួបតែរឿងល្អមកវិញ។ ខ្ញុំករុណាសូមអរគុណដល់លោកគ្រូទាំងពីរអង្គ និងភិក្ខុទាំងអស់អង្គ ដោយចិត្តគោរពដែលបានធ្វើឱ្យខ្ញុំករុណាដឹងនូវធម៌ ស្គាល់នូវបុណ្យ តែខ្ញុំករុណានេះ មិនចេះគិតដោយខ្លួនឯង ខ្ញុំករុណាដឹង ២ខែជាងហើយ ដែលខ្ញុំករុណាបានចូលបួសជាព្រះសង្ឃ ពេលខ្ញុំករុណាទៅហើយ សូមជួយធ្វើបុណ្យឱ្យខ្ញុំករុណាផង ដើម្បីខ្ញុំករុណា បាននៅជាតិក្រោយ កើតមកជាមនុស្សត្រឹមត្រូវនឹងគេផង កុំឱ្យពិបាកដូចជាតិនេះ។ លោកកូនខុសហើយ សូមញោមម៉ែ ជួយធ្វើបុណ្យជូនលោកកូនផងចុះ ព្រោះតែភាពល្ងង់របស់លោកកូននេះ ធ្វើឱ្យញោមម៉ែញោមពុកពិបាក កើតមកជាតិនេះ លោកកូនបានធ្វើខុសច្រើនណាស់ ពេលនៅជាឧបាសក ក៏មិនដែលធ្វើឱ្យញោមម៉ែញោមពុកសប្បាយចិត្ត ពេលបានបួសជាព្រះសង្ឃហើយ ក៏មិនដែលធ្វើឱ្យញោមមែញោមពុកសប្បាយចិត្ត លោកកូនម្នាក់នេះ ចង់ឃើញញោមទាំងពីរសប្បាយចិត្តណាស់ តែលោកកូននេះមិនទាន់អាចធ្វើបាន ព្រោះតែលោកកូនរៀនធម៌មិនចេះមិនដឹងនូវវិន័យធម៌ មិនដឹងនូវវិន័យសង្ឃ ពេលនេះលោកកូនម្នាក់នេះដឹងខុសហើយ លោកកូនគ្មានអ្វីសងគុណញោមម៉ែញោមពុកវិញនោះទេ អ្វីដែលលោកកូនធ្វើបាន លោកកូនធ្វើបានតែប៉ុណ្ណឹងឯង លោកកូនមានតែសូមអភ័យទោស ដែលធ្វើឱ្យញោមទាំងពីរសប្បាយចិត្តមិនបាន លោកកូនម្នាក់នេះ សង្ឃឹមថា អត់ពីលោកកូននេះទៅ ញោមម៉ែញោមពុក ទាំងអស់គ្នានឹងសប្បាយចិត្តតទៅ រហូតឈប់ពិបាកចិត្តទៀតទៅ លោកកូនខុសហើយ ដែលមិនអាចឱ្យនូវសេចក្តីសុខក្នុងគ្រួសារបាន លោកកូនម្នាក់នេះសុំលាញោមទាំងពីរទៅហើយ…”។

តាមរយៈលិខិតបណ្តាំខាងលើ និងតាមរយៈការធ្វើកោសល្យវិច័យសពរួចរាល់ សមត្ថកិច្ចជំនាញបានសន្និដ្ឋាន ព្រះសង្ឃ ឡេង ម៉េងជូ ពិតជាសុគតដោយសារចងកធ្វើអត្តឃាតប្រាកដមែន ពោលគឺមិនពាក់ព័ន្ធទៅនឹងករណីអ្វីផ្សេងនោះទេ។

សាកសពព្រះសង្ឃម៉េងជូ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES