ភ្នំពេញ ៖ ប្តីប្រពន្ធខុសវ័យមួយគូ (ប្តីក្មេងប្រពន្ធចាស់) បានកើតមានទំនាស់ពាក្យសម្តីតឹងសរសៃកដាក់គ្នា ព្រោះតែរឿងប្រចណ្ឌ រហូតដល់ភាគីបុរសជាប្តីទប់ចិត្តមិនបាន ក៏ទាញពូថៅស្ទុះទៅកាប់ប្រហារប្រពន្ធរបស់ខ្លួន បណ្តាលឱ្យរងរបួសធ្ងន់ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៨ ត្រង់ចំណុចផ្ទះជួល តាមបណ្តោយផ្លូវរថភ្លើង ស្ថិតក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ។
ជនបង្កហេតុជាប្តីក្មេង ដែលកាប់ប្រពន្ធរបស់ខ្លួន១ពូថៅនោះ មានឈ្មោះវ៉ែន ពៅ អាយុ២២ឆ្នាំ មុខរបររើសអេតចាយ។ ចំណែកស្ត្រីរងគ្រោះជាប្រពន្ធ មានឈ្មោះតំ ស៊ីណា អាយុ ៣៨ឆ្នាំ។ ប្តីប្រពន្ធអ្នកទាំង២ ស្នាក់នៅផ្ទះជួលកើតហេតុខាងលើជាមួយគ្នា។
តាមប្រភពពីអ្នកជិតខាង បានឱ្យដឹងថា ប្តីប្រពន្ធទាំង២នាក់ខាងលើនេះ ចាប់ដៃគ្នាមួយរយៈមកហើយ ដោយមើលទៅមានវ័យខុសគ្នាឆ្ងាយគួរសម ដោយប្រពន្ធអាយុបងប្តី រហូតដល់ទៅ១៦ឆ្នាំឯណោះ ប៉ុន្តែតាមស្ថានភាពរស់នៅជាក់ស្តែងវិញ ឃើញថា បុរសជាប្តីហាក់មានចិត្តប្រចណ្ធប្រពន្ធខ្លាំងណាស់ ចេះតែរករឿងឈ្លោះប្រកែកមិនសូវលោះថ្ងៃ។
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ គេឃើញប្តីប្រពន្ធអ្នកទាំងពីរ បានឈ្លោះប្រកែកគ្នាមួយប្រាវ ដោយបុរសជាប្តីរករឿងប្រចណ្ឌប្រពន្ធ លុះបន្តិចក្រោយមក ស្រាប់តែបុរសជាប្តីបានស្ទុះទៅទាញពូថៅកាប់ប្រហារប្រពន្ធ១ពូថៅ បណ្តាលឱ្យរងរបួស និងត្រូវបានអ្នកជិតខាងជួយអន្តរាគមន៍ចាប់បំបែកទាន់ពេល រួចរាយការណ៍ប្រាប់សមត្ថកិច្ចតែម្តង។
ក្រោយកើតហេតុ ស្ត្រីរងគ្រោះជាប្រពន្ធត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ចំណែកបុរសជាប្តី ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន នាំយកទៅសាកសួរ និងរៀបចំកសាងសំណុំរឿងបញ្ជូនទៅចាត់ការតាមនីតិវិធី៕