Thursday, October 16, 2025
Homeព័ត៌មានជាតិជំងឺកាន់តែដុនដាប ដាច់ចិត្តផឹកថ្នាំពុលសម្លាប់ខ្លួន

ជំងឺកាន់តែដុនដាប ដាច់ចិត្តផឹកថ្នាំពុលសម្លាប់ខ្លួន

ខេត្តកំពង់ចាម ៖ ស្ត្រីម្នាក់បានកើតមានជំងឺប្រចាំកាយរាប់ឆ្នាំមកហើយ ហើយស្ថានភាពជំងឺចេះតែដុនដាបខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ រហូតដល់ធ្វើឱ្យស្ត្រីរងគ្រោះធុញថប់ខ្លាំងពេក ទ្រាំទ្រលែងបាន ក៏សម្រេចចិត្តផឹកថ្នាំពុលសម្លាប់ខ្លួន បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៥និង២០នាទីល្ងាច ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចភូមិតាំងជ្រៃ ឃុំសណ្តែក ស្រុកបាធាយ។

ស្ត្រីគំនិតខ្លីដែលដាច់ចិត្តផឹកថ្នាំពុលធ្វើអត្តឃាត ព្រោះតែតូចចិត្តនឹងជំងឺប្រចាំកាយ ព្យាបាលមិនជានោះ មានឈ្មោះឈួន សូ អាយុ៤៤ឆ្នាំ មានលំនៅក្នុងភូមិកើតហេតុខាងលើ។

តាមប្រភពពីក្រុមគ្រួសារជនរងគ្រោះ បានរៀបរាប់ប្រាប់ថា ស្ត្រីរងគ្រោះបានកើតមានជំងឺប្រចាំកាយជាច្រើនឆ្នាំមកហើយ លុះមួយរយៈចុងក្រោយនេះ​ ស្ថានភាពជំងឺហាក់កាន់តែដុនដាបខ្លាំង ទើបធ្វើឱ្យស្ត្រីរងគ្រោះទ្រាំលែងបាន ក៏ដាច់ចិត្តគិតខ្លីបែបនេះតែម្តង។ នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៥និង២០នាទីល្ងាច ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៨ ខណៈដែលក្រុមគ្រួសាររវល់ការងាររៀងៗខ្លួន ស្រាប់តែស្ត្រីរងគ្រោះបានយកថ្នាំបាញ់កក់មកផឹក បណ្តាលឱ្យកើតមានអាការពុល ក្អួតចង្អោរ បែកពពុះមាត់ និងមានឈាមចេញតាមមាត់ និងច្រមុះ យ៉ាងច្រើនទៀតផង។ ឃើញសភាពបែបនេះ ក្រុមគ្រួសារក៏ប្រញាប់ដឹកបញ្ជូនស្ត្រីរងគ្រោះទៅកាន់មន្ទីរពេទ្យបង្អែកស្រុកបាធាយ ភ្លាមៗដែរ តែអកុសល ដោយសារតែស្ថានភាពធ្ងន់ពេក ទើបនៅវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃដដែល ស្ត្រីរងគ្រោះក៏ដាច់ខ្យល់ស្លាប់បាត់ទៅ។

ក្រោយកើតហេតុ ក្រុមគ្រួសារបានដឹកសពស្ត្រីរងគ្រោះត្រឡប់មកផ្ទះវិញ រហូតដល់ព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៨ ក៏រាយការណ៍ប្រាប់សមត្ថកិច្ចចុះមកពិនិត្យ។

បន្ទាប់ពីទទួលបានព័ត៌មានភ្លាម សមត្ថកិច្ចជំនាញបានចុះដល់កន្លែងកើតហេតុ និងបានបង្កើតគណៈកម្មាការធ្វើការពិនិត្យលើសព ឃើញថា សពមានសភាពហើមមុខ និងមាន ឈាមពពុះហូរចេញតាមមាត់ និងច្រមុះ ហើយមានធុំក្លិនថ្នាំយ៉ាងខ្លាំង។ ចំណែកនៅលើខ្លួនប្រាណរបស់សព ពុំមានស្លាកស្នាមរបួស ឬបាក់ឆ្អឹងឡើយ។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ច ជនរងគ្រោះពិតជាស្លាប់ដោយសារផឹកថ្នាំពុលធ្វើអត្តឃាតពិតប្រាកដមែន។ មូលហេតុដោយសារតែស្ត្រីរងគ្រោះតូចចិត្តនឹងកើតមានជំងឺប្រចាំកាយជាយូរឆ្នាំមកហើយ។

សពស្ត្រីរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES