សុភាសិតបារាំង ១ឃ្លាថា “មានអ្នកគោរពតាម ទើបមានអ្នកដឹកនាំ” (Il faut savoir obéir avant que de commander) មានខ្លឹមសារផ្តោតជាសំខាន់ទៅលើអ្នកដឹកនាំគ្រប់រូប មិន “នៅឯកោ” នោះទេ បើមានអ្នកគោរពស្តាប់បង្គាប់។ បន្ទាប់ពីបានឃើញសេចក្តីអំពាវនាវរបស់លោកសម រង្ស៊ី ឱ្យពលរដ្ឋ និងកម្លាំងប្រដាប់អាវុធ “ងើបបះបោរក្រោយពេលបោះឆ្នោត” នោះ បើគាត់ជាអ្នកដឹកនាំ នឹងមានអ្នកធ្វើតាមខ្លះមិនខានឡើយ ដែល“នគរធំ” សូមលើកមកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។
ទោះបីជាអតីតគណបក្សសង្គ្រោះជាតិ ត្រូវរលំរលាយទៅហើយក្តី ក៏ “និន្នាការប្រឆាំង” មិនទាន់រលាយ រីឯអតីតមន្ត្រី CNRP ១១៨នាក់នោះ ក៏សំងំមើលស្ថានការណ៍ ខណៈដែលលោកសម រង្ស៊ី ដែលក្លាយជាទណ្ឌិត និងរស់នៅនិរទេស នៅតែបន្តធ្វើនយោបាយប្រឆាំងមិនឈប់ឈរ។ ថ្មីៗនេះ លោកសម រង្ស៊ី ក្នុងបទសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី បានអំពាវនាវឱ្យប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ ងើបបះបោរក្រោយការបោះឆ្នោត ដូចសម្តីរបស់គាត់ច្បាស់ៗជាអាទិ៍ថា “សូមបងប្អូន ជនរួមជាតិ ក្មួយៗទាំងអស់ ត្រៀមលក្ខណៈងើបឈរ តតាំងជាមួយរដ្ឋអំណាចផ្តាច់ការ ដើម្បីសង្គ្រោះជាតិយើង ឱ្យទាល់តែបាននៅក្នុងឆ្នាំ២០១៨នេះ”។ ជាការវាយបកវិញ អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោកគឹម សន្តិភាព បានលើកឡើងថា “លោក សម រង្ស៊ី អាចប្រឈមនឹងបទល្មើសថ្មី ពីបទប្រមាថព្រះមហាក្សត្រ” បានន័យថា ព្រះមហាក្សត្រ ចេញព្រះរាជសារឱ្យប្រជារាស្ត្រទៅបោះឆ្នោត ប៉ុន្តែមេចលនាសង្គ្រោះជាតិ អំពាវនាវឱ្យពលរដ្ឋធ្វើពហិការ និងបះបោរ អាចប្រឈមនឹងទោសព្រហ្មទណ្ឌបន្ថែមទៀត។
ការឆ្លើយឆ្លងគ្នានេះ ក្លាយជារឿងធម្មតាទៅហើយ បើលោកសម រង្ស៊ី ចេញយុទ្ធសាស្ត្រអ្វីភ្លាម បក្សកាន់អំណាចប្តឹងភ្លែត ធ្វើឱ្យទោសទណ្ឌរបស់អតីតមេបក្សប្រឆាំងនេះ កើនឡើងជិត១០ករណីទៅហើយ តែក៏មិនអាចចាប់ខ្លួនលោកសម រង្ស៊ី មក ដាក់ពន្ធនាគារបានដែរ។ ដូច្នេះ ករណីមិនអាចនាំខ្លួនទណ្ឌិតមកចាត់ការបាននោះ ធ្វើឱ្យលោកសម រង្ស៊ី មានឱកាសធ្វើនយោបាយពីក្រៅប្រទេស មិនខុសពីលោកសឺង ង៉ុកថាញ់ អ្នកនយោបាយជំនាន់មុន។ បើនៅតែមានអ្នកគោរពស្តាប់គាត់ ធ្វើឱ្យលោកសម រង្ស៊ី ក្លាយជា “អ្នកដឹកនាំ” ដែលមិនអាចមើលស្រាលបានឡើយ បើសិនជាគាត់ “បំផុសឱ្យអ្នកស្តាប់គាត់បះបោរប្រឆាំងរដ្ឋាភិបាល”។
ចំណុចនេះគួរយល់ថា ប្រជាពលរដ្ឋខ្មែរសម័យនេះ “ខ្លាចសង្គ្រាម” មិនអាចបង្កជាកម្លាំងឧទ្ទាមប្រដាប់អាវុធបានឡើយ ប៉ុន្តែ “ចលនាឧទ្ទាមក្រុង” ដែលមានដៃទទេ ជារឿងមិនអាចមើលរំលង។ ឧទ្ទាមប្រភេទនេះ បើទុកយូរដោយគ្មានយុទ្ធសាស្ត្រ ទប់ស្កាត់ នឹងកើនច្រើនទៅៗ ដូចនៅប្រទេសនីការ៉ាហ្គ័រ (NICARAGUA) ដែលកាន់អំណាចដោយប្រធានាធិបតីដានីញ៉ែល អ័រតេហ្គា (Daniel Ortega) តាំងពីឆ្នាំ១៩៧៩មកនោះ សុខៗស្រាប់តែកើត “ចលនាបះបោរ” ឬ “ឧទ្ទាមក្រុង” បណ្តាលឱ្យចលាចលដល់សង្គម។ ប្រទេសនីការ៉ាហ្គ័រ មានផ្ទៃដីតូចជាងកម្ពុជា មានទីតាំងនៅតំបន់អាមេរិកកណ្តាល កៀកនឹងច្រមុះសហរដ្ឋអាមេរិក ធ្លាក់ទៅក្រោមអាណានិគមប្រទេសអេស្ប៉ាញ ម៉ិកស៊ិក និងសាធារណរដ្ឋសហព័ន្ធអាមេរិកកណ្តាល រាប់សតវត្ស ប៉ុន្តែលោកដានីញ៉ែល អ័រតេហ្គា បានដឹកនាំធ្វើបដិវត្តន៍ដណ្តើមឯករាជ្យបាន នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៧៩។ កាលនោះលោកទើបមានអាយុជាង២០ឆ្នាំប៉ុណ្ណោះ ត្រូវបានប្រជាជននីការ៉ាហ្គ័រ គោរពស្រលាញ់ ជ្រើសតាំងជាប្រធានាធិបតី បើគិតមកទល់ពេលនេះ មានរយៈពេល៣៩ឆ្នាំហើយ។ លោកដានីញ៉ែល អ័រតេហ្គា កាន់អំណាចយូរៗទៅ ស្មានថាមិនអី ដោយគាត់មាននយោបាយឆ្វេងនិយម ស្និទ្ធប្រទេសគុយបា និងរុស្ស៊ី នាំឱ្យមានអ្នកប្រឆាំងច្រើនទៅៗ រហូតមកដល់ឆ្នាំ២០១៨ ក៏ផ្ទុះបាតុកម្ម កូដកម្ម នៅរដ្ឋធានីម៉ាណាហ្គ័រ (Managua) មានស្លាប់និងរបួសរាប់រយនាក់ ដោយការបង្ក្រាបពីកងកម្លាំងរដ្ឋាភិបាល។
ការកើតឧទ្ទាមក្រុងដៃទទេបែបនេះ មកពី “មានអ្នកគោរពតាម ទើបមានអ្នកដឹកនាំ” នេះឯង ពោលគឺពួកប្រឆាំង មានមេដឹកនាំរុញពីក្រោយ ហើយបើសិនជារដ្ឋាភិបាលប្រើកណ្តាប់ដៃដែក កម្ទេចចលនាបះបោរនោះ អាចនឹងធ្ងន់ទៅៗ ដោយការបែងចែកនិន្នាការនយោបាយ ឈានទៅរកការបែកបាក់ជាតិ។ ស្ថានការណ៍នៅនីការ៉ាហ្គ័រ មិនទាន់ដល់ផ្ទុះអាវុធដូចប្រទេសស៊ីរី នោះទេ ប៉ុន្តែបើកាលណាមានចលនាបាតុកម្ម កូដកម្ម មិនស្វាង អាចធ្វើឱ្យសេដ្ឋកិច្ចដុនដាប ប្រាក់ចាយវាយមានអតិផរណា ចៀសមិនរួចឡើយ។
សម្រាប់កម្ពុជា ដែលធ្លាប់ឆ្លងកាត់សឹកសង្គ្រាម បាតុកម្ម កូដកម្ម កុបកម្ម ឆ្អែតឆ្អន់កន្លងមកនោះ ប្រជាពលរដ្ឋមិនចង់ឃើញទៀតទេ ប៉ុន្តែបើនៅតែមាន “មេដឹកនាំប្រឆាំង នឹងមានអ្នកគោរពតាម” ដែលមិនគួរមើលរំលង។ ការប្រឆាំងដៃទទេ មានលក្ខណៈធ្ងន់ជាងប្រដាប់អាវុធទៅទៀត ព្រោះការបាញ់តគ្នាលើសមរភូមិ ឆាប់ចប់ បន្ទាប់ពីភាគីម្ខាងចុះចាញ់ ឬដាក់អាវុធ សុំចុះចូល ប៉ុន្តែអ្នកប្រឆាំងដៃទទេ ដែលស្តាប់តាមមេដឹកនាំអំពាវនាវពីក្រៅប្រទេស មិនងាយចប់ស្រួលៗនោះទេ។ ចង់ដឹងថា និន្នាការប្រឆាំងនៅសល់ប៉ុន្មាននោះ យើងអាចឃ្លាំមើល “ចំនួនអ្នកធ្វើពហិការបោះឆ្នោះ” ឬ “សន្លឹកឆ្នោតមិនបានការដោយគូស ខ្វែងចោល” ជាដើម។ បើរាប់ឃើញប៉ុន្មាន សន្មតថា មាននិន្នាការប្រឆាំងនៅក្នុងចំនួនអវត្តមាននោះ យ៉ាងតិចក៏ ៩០ភាគរយដែរ ដោយកាត់១០ភាគរយចេញ សម្រាប់អ្នកមានធុរៈឈឺថ្កាត់ ឬចំណាកស្រុក ដែលស្វាមីភក្តិចំពោះបក្សកាន់អំណាច (CPP)។
លុះមានការអំពាវនាវពីលោកសម រង្ស៊ី ឱ្យពលរដ្ឋនិងកងកម្លាំងប្រដាប់អាវុធ ងើបឈរបះបោរនោះ ពុំមែនជាការបះបោរដោយអាវុធនោះទេ តែពួកប្រឆាំងសម្តែងឆន្ទៈមិនចូលរួម ឬចូលធ្លុងជាមួយបក្សកាន់អំណាចនេះឯង។
សូមលើកឧទាហរណ៍នៅវត្តមួយ មានការតែងតាំងចៅអធិការ ដោយក្រសួងធម្មការ និងអាជ្ញាធរដែនដី ដោយពុទ្ធបរិស័ទចំណុះជើងវត្ត មិនគាំទ្រ។ ទីបំផុត ចៅអធិការវត្តនោះ បានត្រឹមឯកោ ដោយសារពុទ្ធបរិស័ទមិនចូលទៅធ្វើបុណ្យ ខ្វះចង្ហាន់ យូរៗទៅភិក្ខុ សាមណេរ រត់ចោលអស់ ធ្វើឱ្យលោកគ្រូសង្គ្រាជទ្រាំមិនបាន ក៏លាចាកសិក្ខាបទទៅ។ ដូច្នេះរឿងនយោបាយ ក៏យ៉ាងនេះដែរ បើរកឃើញថា និន្នាការប្រឆាំងមានលើសពី៣០ភាគរយ គួរតែបក្សកាន់អំណាច ប្តូរយុទ្ធសាស្ត្រថ្មីអូសទាញ និន្នាការប្រឆាំងនោះឱ្យបានមកវិញ។ យុទ្ធសាស្ត្រអូសទាញនោះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ប្រសប់ណាស់ ប៉ុន្តែអាជ្ញាធរថ្នាក់ក្រោម ក៏ដូចជាឧត្តមសេនីយ៍មួយចំនួន មានទៅប្រសប់ដូចសម្តេចឯណា! បែរជាធ្វើទុក្ខបុកម្នេញពលរដ្ឋតាមរបៀបលាបពណ៌ សូម្បីតែរឿងដីធ្លីរាប់ឆ្នាំទៅហើយ មិនព្រមដោះស្រាយឱ្យចប់ បណ្តាលឱ្យអ្នកបាត់បង់ដីធ្លីក្តៅក្រហាយ លើកគ្នាមកតវ៉ាដល់ភូមិគ្រឹះនាយករដ្ឋមន្ត្រី។ អ៊ីចឹងបើលោកសម រង្ស៊ី អំពាវនាវឱ្យអ្នកក្តៅទាំងនោះ ងើបឈរបន្តការប្រឆាំង ច្បាស់ជាមានអ្នកស្តាប់គាត់ ធ្វើតាមគាត់ បើមិនច្រើនក៏តិចដែរ។ កាលពីសម័យសង្គមរាស្ត្រនិយម ក៏មាននិន្នាការប្រឆាំងដែរ ដោយស្តាប់តាមលោកសឺង ង៉ុកថាញ់ ខៀវ សំផន ហ៊ូ នឹម ហ៊ូ យន់ តែអ្នកប្រឆាំងមានមិនដល់ ១០ភាគរយទេ។ ឥឡូវតួលេខអ្នកបោះឆ្នោតឃុំសង្កាត់ ឆ្នាំ២០១៧ ពួកប្រឆាំងកើនដល់ជាង៤០ភាគរយ មកពីស្តាប់តាមលោកសម រង្ស៊ី កឹម សុខា ដែលជាបរិបទសម្រាប់បក្សកាន់អំណាចពិចារណា។
សរុបទៅ “មានអ្នកគោរពតាម ទើបមានអ្នកដឹកនាំ” មានន័យយ៉ាងនេះឯង។ បើមានអ្នកធ្វើពហិការបោះឆ្នោត មានអ្នកគូសសន្លឹកឆ្នោតខ្វែងចោល មានន័យថា ធ្វើតាមការអំពាវនាវរបស់មេដឹកនាំប្រឆាំងនោះហើយ។ ដូច្នេះលោកសម រង្ស៊ី មិនអាចបង្កសង្គ្រាមបានទេ ប៉ុន្តែគាត់ “ព្យាយាមចិញ្ចឹមនិន្នាការប្រឆាំង” ហើយបើ CPP ចាំតែផ្សំបទល្មើសព្រហ្មទណ្ឌឱ្យសម រង្ស៊ី អស់១ករណី ចូល១ករណីនោះ ជួនកាលអាចដើរជាន់ខ្សែត្រៀមរបស់មេដឹកនាំឧទ្ទាមក្រុងនោះក៏ថាបាន៕