Thursday, October 16, 2025
Homeព័ត៌មានជាតិបន្សល់ត្រឹមពាក្យ “អូនស្រលាញ់ប្តីណាស់” នារីរូបស្រស់ក៏ចាកចេញទៅរហូត

បន្សល់ត្រឹមពាក្យ “អូនស្រលាញ់ប្តីណាស់” នារីរូបស្រស់ក៏ចាកចេញទៅរហូត

ភ្នំពេញ ៖ នារីវ័យក្មេងម្នាក់ ទំនងជាតូចចិត្តនឹងរឿងស្នេហាមិនសមបំណង ក៏ដាច់ចិត្តគិតខ្លីចងកបញ្ចប់ជីវិត ដោយបន្សល់ទុកពាក្យចុងក្រោយថា “អូនស្រលាញ់ប្តីណាស់” បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១០និង៤៥នាទីយប់ ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចបន្ទប់ជួលលេខ០០៣ ជាន់ទី១ ផ្លូវលេខ១០០៣ ស្ថិតក្នុងក្រុមទី៧ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

នារីគំនិតខ្លីដែលចងកធ្វើអត្តឃាត មានឈ្មោះខាត់ សុម៉ាលី អាយុ២០ឆ្នាំ ជាអតីតបុគ្គលិកខារ៉ាអូខេប៊េសស្តារ ស្នាក់នៅកន្លែងបន្ទប់ជួលកើតហេតុខាងលើ និងមានស្រុកកំណើតនៅភូមិជីពាង ឃុំមងរៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

តាមសម្តីនារីជាអ្នកជិតខាងម្នាក់ បានរៀបរាប់ប្រាប់ថា ដោយសុំមិនបញ្ចោញឈ្មោះថា នារីរងគ្រោះបានជួលបន្ទប់ខាងលើ ស្នាក់នៅតែម្នាក់ឯងអស់រយៈពេលជាង១ឆ្នាំមកហើយ ហើយពីមុនមក នារីរងគ្រោះគឺជាបុគ្គលិកបម្រើការនៅហាងខារ៉ាខូខេប៊េសស្តារ តែក្នុងអំឡុងពេលប៉ុន្មានខែចុងក្រោយនេះ នារីរងគ្រោះមិនបានទៅធ្វើការអ្វីនោះទេ ពោលគឺនៅតែក្នុងបន្ទប់ប៉ុណ្ណោះ។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៦ព្រលប់ ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៨ នាងបានឃើញនារីរងគ្រោះ និងមិត្តភក្តិស្រីម្នាក់ទៀត បានចេញទៅញ៉ាំអីនៅហាងមួយកន្លែងដែលនៅក្បែរកន្លែងកើតហេតុ។ លុះដល់ម៉ោងប្រមាណជា១០យប់ នារីរងគ្រោះបានទូរស័ព្ទមករកនាងឱ្យទៅយកនៅហាងក្បែរនោះ តែពេលនោះនាងក៏បានប្រាប់ទៅនារីរងគ្រោះវិញថា អត់មានអីជិះទៅយកទេ រួចនារីរងគ្រោះក៏បានតបមកវិញថា មិនអីទេចឹង ហើយក៏បិទទូរស័ព្ទទៅ។ ស្រាប់តែមួយស្ទុះក្រោយមក នារីរងគ្រោះក៏បានទូរស័ព្ទមកគាត់ម្តងទៀត ដោយសួរនាងថា “បងនៅកន្លែងណា? ទំនេរអត់? ខ្ញុំមានរឿងពិបាកចិត្តចង់និយាយជាមួយបង ហើយនេះក៏ជាសម្លេងចុងក្រោយដែលបងបានឮ” ពេលនោះ នាងក៏មិនបានចាប់អារម្មណ៍អ្វីដែរ ព្រោះពីមុនមកនារីរងគ្រោះតែងតែនិយាយពាក្យនេះជារឿយៗមកហើយ។ ស្រាប់តែមកដល់វេលាម៉ោងកើតហេតុ គាត់ក៏បានដើរទៅបន្ទប់របស់នារីរងគ្រោះដើម្បីនិយាយគ្នា តែពេលទៅដល់ឃើញទ្វារបន្ទប់មិនចាក់គន្លឹះ ហើយហៅក៏មិនឆ្លើយ ទើបគាត់បានចូលទៅមើល ក៏ស្រាប់តែប្រទះឃើញនារីរងគ្រោះបានយកខ្សែចងកសម្លាប់ខ្លួន ជាប់នឹងចម្រឹងបង្អួចនៅក្នុងបន្ទប់ស្លាប់បាត់ទៅហើយ។

តាមសម្តីពីនារីជាមិត្តភក្តិនារីរងគ្រោះ ដែលបានទៅញ៉ាំអីជាមួយគ្នាកាលពីក្បាលព្រលប់ រៀបរាប់ប្រាប់ថា នាងនិងនារីរងគ្រោះជាមិត្តភក្តិនឹងគ្នាជាយូរមកហើយ ហើយនាងក៏អ្នកជិតខាងគ្នាដែរ។ នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៦ព្រលប់ ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៨ នាងបានហៅនារីរងគ្រោះទៅញ៉ាំអីជុំគ្នាជាមួយនឹងសង្សារបស់នាងម្នាក់ទៀត នៅហាងមួយកន្លែងដែលនៅក្បែរនោះ ព្រោះពួកនាងខានជុំគ្នាយូរហើយ។

ប្រភពដដែលបន្តថា បន្ទាប់មកខណៈពេលដែលកំពុងតែញ៉ាំអី នារីរងគ្រោះក៏បានហៅបុរសម្នាក់ទៀតដែលជាសង្សាមកញ៉ាំអីជាមួយគ្នា រហូតដល់ម៉ោងប្រមាណ៩យប់ នាងនិងសង្សារបានចេញពីកន្លែងញ៉ាំអីនោះមុន នៅសល់តែនារីរងគ្រោះនិងបុរសជាសង្សាតែ២នាក់ប៉ុណ្ណោះ។ ស្រាប់តែមកដល់វេលាកើតហេតុខាងលើ ក៏មានអ្នកជិតខាងបានទូរស័ព្ទមកប្រាប់ថា នារីរងគ្រោះបានចងកសម្លាប់ខ្លួនស្លាប់បាត់ទៅហើយ។

គួរបញ្ចាក់ថា នៅក្នុងហេតុការណ៍ខាងលើនេះ មិនមានប្រភពណាបានដឹងពីមូលហេតុច្បាស់លាស់ ដែលនាំឱ្យនារីរងគ្រោះតូចចិត្តគិតខ្លី រហូតដល់ថ្នាក់ធ្វើអត្តឃាតចងកសម្លាប់ខ្លួននោះទេ។ គឺគ្រាន់តែដឹងថានារីរងគ្រោះបានបង្ហោះពាក្យថា “អូនស្រលាញប្តីណាស់” អមនិងរូបរបស់នាងជាមួយនិងបុរសម្នាក់ទៀតចំនួន៣សន្លឹក នៅលើអាខោនហ្វេសប៊ុកផ្ទាល់ខ្លួនរបស់នារីរងគ្រោះ ឈ្មោះថា Ma Ly កាលពីវេលាម៉ោង១០និង៤០នាទីយប់ថ្ងៃកើតដែល ជាវេលាមុនពេលដែលនាងចងកសម្លាប់ខ្លួននោះតែម្តង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា នារីរងគ្រោះពិតជាស្លាប់ដោយសារចងកធ្វើអត្តឃាតប្រាកដមែន។

សាកសពនារីរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចដឹកយកទៅតម្កល់នៅវត្តទឹកថ្លា ដើម្បីរង់ចាំសាច់ញាតិមកទទួលដឹកយកទៅធ្វើបុណ្យតាមប្រពៃណី នៅឯស្រុកកំណើត៕

RELATED ARTICLES