ខេត្តបាត់ដំបង ៖ បុរសកំហូចម្នាក់ឆ្លៀតពេលប្រពន្ធមិននៅផ្ទះ ក៏ធ្វើសកម្មភាពចាប់រំលោភប្អូនថ្លៃស្រីរបស់ខ្លួន ដែលទើបនឹងមានអាយុ១៣ឆ្នាំ រហូតដល់បានសម្រេចជាបន្តបន្ទាប់ចំនួន២ដង ព្រមទាំងគំរាមមិនឱ្យប្រាប់អ្នកណាទៀតផង ទីបំផុត ស្ត្រីជាម្តាយឃើញកូនស្រីហាក់មានអាការៈប្លែកខុសប្រក្រតី ក៏ហៅមកសួរនាំ រហូតធ្លាយរឿងថា នាងធ្លាប់ត្រូវបងថ្លៃកំហូចចាប់រំលោភ២ដង ក៏ត្រូវស្ត្រីជាម្តាយដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចចាប់ខ្លួនកូនប្រសាល្មោភកាម យកទៅចាត់ការតាមច្បាប់។
ករណីបងថ្លៃចាប់រំលោភប្អូនស្រីនេះ បានកើតឡើងតាំងពីអំឡុងខែមេសា ឆ្នាំ២០១៧ កន្លងទៅម៉្លេះ នៅចំណុចភូមិស្រឡៅ ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ប៉ុន្តែរឿងរ៉ាវទើបនឹងបែកធ្លាយ និងត្រូវបានសមត្ថកិច្ចចាប់ខ្លួនជនសង្ស័យ កាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចភូមិឃុំខាងលើ។
ជនសង្ស័យល្មោភកាមដែលចាប់រំលោភប្អូនថ្លៃស្រី ស្ថិតក្នុងវ័យជាអនីតិជន រហូតបានសម្រេច២ដង និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះឌី សាវឿត ហៅទយ អាយុ៣៣ឆ្នាំ មុខរបរជាងម៉ូតូ ស្នាក់នៅភូមិឃុំកើតហេតុខាងលើ។ ចំណែកក្មេងស្រីរងគ្រោះមានឈ្មោះស.ស.ភ ហៅល អាយុ១៣ឆ្នាំ រស់នៅផ្ទះជាមួយគ្នា។
តាមប្រភពពីសមត្ថកិច្ចមូលុដ្ឋាន បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៨ ស្ត្រីជាម្តាយក្មេងស្រីរងគ្រោះ និងត្រូវជាម្តាយក្មេករបស់ជនសង្ស័យផងនោះ បានមកដាក់ពាក្យបណ្តឹងថា កូនប្រសាប្រុសរបស់គាត់ឈ្មោះឌី សាវឿត ហៅទយ បានចាប់រំលោភកូនស្រីបង្កើតរបស់គាត់ ដែលមិនទាន់គ្រប់អាយុនៅឡើយ បានសម្រេចចំនួន២ដង។
តាមការអះអាងរបស់ស្ត្រីជាម្តាយក្មេងស្រីរងគ្រោះ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានចាប់អារម្មណ៍ឃើញថា កូនស្រីរបស់គាត់ (ក្មេងស្រីរងគ្រោះ) ហាក់មានទឹកមុខស្លេកស្លាំង និងមានសុខភាពខុសប្រក្រតី ទើបនឹកសង្ស័យ ក៏ហៅកូនស្រីមកសួរនាំ ទីបំផុត ស្រាប់តែកូនស្រីបានទម្លាយរឿងរ៉ាវប្រាប់ថា នាងធ្លាប់ត្រូវបានបងថ្លៃប្រុស (ជនសង្ស័យ) ចាប់រំលោភរហូតដល់បានសម្រេចចំនួន២ដងរួចមកហើយ។ ដោយក្នុងនោះ កាលពីលើកទី១ ជនសង្ស័យបានចាប់រំលោភនាង នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧ ចំណែកលើកទី២ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨។
ក្រោយពីទទួលបានពាក្យបណ្តឹងពីស្ត្រីជាម្តាយក្មេងស្រីរងគ្រោះរួចមក សមត្ថកិច្ចបានចុះធ្វើការស្រាវជ្រាវរហូតឈានដល់ការចាប់ឃាត់ ខ្លួនជនសង្ស័យបាន កាលពីវេលាម៉ោង៣ និង៣០នាទីរសៀល ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៨ រួចក៏នាំយកមកធ្វើការសួរនាំនៅអធិការដ្ឋាន នគរបាលស្រុកភ្នំព្រឹក។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាធ្លាប់ចាប់រំលោភក្មេងស្រីរងគ្រោះរហូតដល់បានសម្រេចប្រាកដមែន ពោលគឺឆ្លៀតពេលដែលប្រពន្ធ និងឪពុកម្តាយក្មេកមិននៅផ្ទះ រូបគេក៏ប្រព្រឹត្តសកម្មភាពបែបនេះតែម្តង។
ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការតាមនីតិវិធី៕