ខេត្តបន្ទាយមានជ័យ ៖ យុវជនម្នាក់ទើបចេញពីធ្វើការកាស៊ីណូនៅពេលយប់ ស្រាប់តែត្រូវជនសង្ស័យ២នាក់ជិះម៉ូតូដេញតាមពីក្រោយ ទាញកាំបិតកាប់ប្រហារ បណ្តាលឱ្យរយះក្បាលរបួសធ្ងន់ កាលពីវេលាម៉ោង៨និង១៥នាទីយប់ ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ក្បែរចំណុចរង្វង់មូលច្រកទ្វារអន្តរជាតិប៉ោយប៉ែត ស្ថិតក្នុងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
យុវជនរងគ្រោះដែលត្រូវជនមិនស្គាល់មុខកាប់ឱ្យរងរបួស ឈ្មោះហុង សុថៃ អាយុ២១ឆ្នាំ មុខរបរជាបុគ្គលិកកាស៊ីណូត្រូពីកាណា ស្នាក់នៅភូមិប្រជាធម្ម សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត រងរបួសក្បាលដេរ១១ថ្នេរ។
តាមសម្តីយុវជនរងគ្រោះ បានបញ្ជាក់ប្រាប់ថា នៅមុនកើតហេតុ នៅវេលាម៉ោង៨យប់ ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៨ ខ្លួនទើបនឹងចេញពីធ្វើការកាស៊ីណូ ក៏ជិះម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខ បាត់ដំបង 1X-5932 ក្នុងបំណងទៅកន្លែងស្នាក់នៅ។ លុះពេលរូបគេកំពុងជិះម៉ូតូក្នុងទិសដៅពីលិចទៅកើត មកដល់ចំណុចកើតហេតុ ក៏ស្រាប់តែលេចមុខជនសង្ស័យ២នាក់ ជិះម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ក្នុងទិសដៅស្របគ្នា តាមមកពីក្រោយ រួចក៏ធ្វើសកម្មភាពកាប់ប្រហារចំក្បាលពីក្រោយ បណ្តាលឱ្យរូបគេដួលម៉ូតូរងរបួសធ្ងន់តែម្តង។
ក្រោយកើតហេតុ ក្រុមជនបង្កបាននាំគ្នាបន្ថែមល្បឿនម៉ូតូ ឆ្ពោះទៅទិសខាងកើត គេចខ្លួនបាត់ស្រមោល។ ចំណែកជនរងគ្រោះត្រូវគេបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីព្យាបាលរបួស។
តាមការអះអាងរបស់ជនរងគ្រោះ កន្លងមករូបគេមិនធ្លាប់មានជម្លោះជាមួយអ្នកណាម្នាក់ឡើយ ហើយជនសង្ស័យទាំង២នាក់ ដែលកាប់ប្រហាររូបគេបណ្តាលឱ្យរងរបួសធ្ងន់នេះ ក៏រូបគេមិនធ្លាប់ស្គាល់មុខដែរ។
លោកវរសេនីយ៍ឯក ធិន ស៊ិនដេត អធិការនគរបាលក្រុងប៉ោយប៉ែត បានបញ្ជាក់ប្រាប់ថា ករណីនេះ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវរកមុខសញ្ញាជនសង្ស័យ ដើម្បីនាំយកមកចាត់ការតាមច្បាប់៕