Thursday, October 16, 2025
Homeព័ត៌មានជាតិបុរសឈប់ឡានកណ្តាលស្ពាន លោតទឹកសម្លាប់ខ្លួន គឺជាមន្ត្រី​សុរិយោដី​ខេត្តកណ្តាល រកឃើញមាន​សារធាតុ​ញៀន​

បុរសឈប់ឡានកណ្តាលស្ពាន លោតទឹកសម្លាប់ខ្លួន គឺជាមន្ត្រី​សុរិយោដី​ខេត្តកណ្តាល រកឃើញមាន​សារធាតុ​ញៀន​

ភ្នំពេញ ៖ បុរសម្នាក់ស្ថិតក្នុងអាការរវើរវាយនិយាយស្តីមិនដឹងខុសត្រូវ ប្រៀបបាននឹងមនុស្សកំពុងបែកថ្នាំ បានបើករថយន្តទំនើបមួយគ្រឿង មកឈប់នៅកណ្តាលស្ពានជ្រោយចង្វារថ្មី រួចព្យាយាមលោតចូលទឹកសម្លាប់ខ្លួន ធ្វើឱ្យផ្អើលដល់សមត្ថកិច្ច និងប្រជាពលរដ្ឋនាំគ្នាដេញចាប់ ឃាត់ទម្រាំបាន រួចក៏នាំយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រោយចង្វារ ដើម្បីឱ្យស្វាងសតិ ទើបទាក់ទងរកក្រុមគ្រួសារមកទទួលយកទៅផ្ទះវិញ។

ហេតុការណ៍បុរសឈប់រថយន្តទំនើបកណ្តាលស្ពាន រួចប៉ុនប៉ងលោតចូលទឹកទន្លេសម្លាប់ខ្លួន បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង២និង៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចលើស្ពានជ្រោយចង្វារថ្មី ស្ថិតក្នុងភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។

បុរសដែលប៉ុនប៉ងលោតទឹកសម្លាប់ខ្លួនខាងលើនេះ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះនេ គ្រាន់តែពិនិត្យតាមភិនភាគមានអាយុប្រហែលជាង៣០ឆ្នាំ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសខាងលើ បានបើករថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាកឡិចស៊ីស ស៊េរីទំនើប GS-A450 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AL-5422 ធ្វើដំណើរតែម្នាក់ឯងតាមបណ្តោយផ្លូវជាតិលេខ៦A ក្នុងទិសដៅពីជើងទៅត្បូង។ លុះធ្វើដំណើរមកដល់ចំណុចពាក់កណ្តាលស្ពានជ្រោយចង្វារ ស្រាប់តែរថយន្តខាងលើបានឈប់កណ្តាលស្ពាន បន្ទាប់មកបុរសខាងលើ ដែលជាអ្នកបើកបរបានចុះពីលើរថយន្ត រួចដើរទៅឈរតោងបង្កាន់ដៃស្ពានបម្រុងលោតទឹកសម្លាប់ខ្លួន ភ្លាមៗនោះក៏ត្រូវបានសមត្ថកិច្ច ព្យាយាមចូលឃាត់ទាន់ពេល តែបុរសនោះមិនស្តាប់ ថែមទាំរត់ឆ្លេឆ្លាពេញលើស្ពាន បំណងរត់ចូលម៉ូតូឡានអ្នកដំណើរដែលឆ្លងកាត់ទីនោះ ទើបធ្វើឱ្យសមត្ថកិច្ច រួមនឹងប្រជាពលរដ្ឋអ្នកដំណើរ នាំគ្នារត់ដេញតាមចាប់ឃាត់ផ្អើលពេញលើស្ពានតែម្តង។

ប្រភពដដែលបានបន្តថា បន្ទាប់មកសមត្ថកិច្ចក៏នាំគ្នាចាប់បុរសខាងលើដាក់ក្នុងរថយន្តរបស់គាត់ តែបុរសនោះមិនព្រមចូលក្នុងរថយន្ត ដោយរើបម្រះរមួលដូចអន្ទង់ ទើបសមត្ថកិច្ចបាននាំគ្នាព្យាយាមចាប់អស់រយៈពេល២០នាទី រួចយកបុរសនោះចូលក្នុងរថយន្ត តែដោយសមត្ថកិច្ចបញ្ឆោះរថយន្តបុរសខាងលើមិនឆេះ ក៏បានហៅរ៉ឺម៉កម៉ូតូកង់បី ដឹកយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រោយចង្វារ ដើម្បីឱ្យស្វាងថ្នាំញៀន នឹងទាក់ទងរកក្រុមគ្រួសារមកទទួលយកទៅផ្ទះវិញ។

បើតាមអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា “បុរសដែលចតឡានលើស្ពាន រួចដើរបំរុងលោតទឹកសម្លាប់ខ្លួន​ មានឈ្មោះ​ លឿង​ អ៊ា​ន់​ អាយុ​៣៤​ឆ្នាំ​ មុខរបរ​មន្ត្រី​សុរិយោដី​ខេត្តកណ្តាល​ បើករថយន្ត​ ម៉ាក​ ឡិច​ស៊ី​ស​ Gs450​ ពណ៌​ស​ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2A-l5422​ ។

មុន​ពេល​កើតហេតុ​ បុរស​ខាងលើ​បាន​ចេញពី​ក្លឹប​ត្រូ​ហ្វែ​ស ​នៅ​ម៉ោង​០០​និង​១០​នាទី​ ថ្ងៃ​ទី​១០​ ខែមិថុនា​ ឆ្នាំ​២០១៨​ បើកបរ​ម្នាក់ឯង​ ពេលមកដល់​លើ​ស្ពាន ​បាត់បង់​ស្មារតី​ ក៏​ចុះ​ពី​រថយន្ត​រត់​ឆ្លេរឆ្លា ​ចង់​លោតទឹកសម្លាប់ខ្លួន​ ប៉ុន្តែសមត្ថកិច្ច​ឃើញភ្លាម ក៏ជួយ​អន្តរាគមន៍​ឃាត់​ខ្លួនបញ្ជូន​មក​ខណ្ឌ​ដូនពេញ រួច​ធ្វើតេស្ត​ទឹកនោម​ រកឃើញមាន​សារធាតុ​ញៀន​ ៕

RELATED ARTICLES