ខេត្តព្រះសីហនុ ៖ នារីវ័យក្មេងម្នាក់ត្រូវបានយុវជនម្នាក់ ទាក់ទងសុំស្នេហ៍អស់រយៈពេលកន្លះខែមកហើយ រួចក៏ល្បួងនាំទៅផឹកស្រាជាមួយគ្នា បន្ទប់មកខាងប្រុសបានព្យាយាមបង្អកស្រារហូតដល់ខាងស្រីស្រវឹងធ្លាក់ភ្នែក ក៏ចាប់អូសដៃចូលទៅក្នុងបន្ទប់រួចធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈរហូតដល់បានសម្រេច ទីបំផុត នារីរងគ្រោះបានយករឿងរ៉ាវប្រាប់ម្តាយឱ្យដឹង ក៏ដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចចាប់ខ្លួននាំយកមក ចាត់ការតាមច្បាប់។
ករណីប្រុសបង្អកស្រាស្រី រួចអូសដៃចូលបន្ទប់ចាប់រំលោភរហូតដល់បានសម្រេចនេះ បានកើតឡើង កាលពីវេលាម៉ោង១០ និង១៥នាទីយប់ ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចការដ្ឋានសំណង់ ក្រុមហ៊ុនចិន ក្នុងមូលដ្ឋានរាម ស្ថិតក្នុងភូមិអុង ឃុំរាម ស្រុកព្រៃនប់។ ចំណែកជនសង្ស័យល្មោភកាមត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន កាលពីវេលាម៉ោង៣ និង៣០នាទីរសៀល ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៨។
ជនសង្ស័យល្មោភកាមដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះសាក់ ឡា អាយុ២០ឆ្នាំ មុខរបរកម្មករសំណង់ ធ្វើការនិងស្នាក់នៅក្នុងការដ្ឋានសំណង់ក្រុមហ៊ុនចិន ខាងកើតឃ្លាំងប្រេងភីធីធី ក្នុងមូលដ្ឋានរាម ស្ថិតក្នុងភូមិឃុំកើតហេតុខាងលើ និងមានស្រុកកំណើតភូមិស្ទោង ឃុំចំណាលើ ស្រុកស្ទោង ខេត្តកំព់ងធំ។ ចំណែកនារីរងគ្រោះ មានឈ្មោះវ.ស.ម អាយុ១៦ឆ្នាំ មុខរបរកម្មករសំណង់ ធ្វើការនិងស្នាក់នៅក្នុងការដ្ឋានសំណង់ក្រុមហ៊ុនចិន ជាមួយជនសង្ស័យដែរ និងមានស្រុកកំណើតនៅភូមិអំពិលព្រៃ ឃុំកោះសំពៅ ស្រុកពាមជរ៍ ខេត្តព្រៃវែង។
ក្រោយកើតហេតុ នៅវេលាម៉ោង២ និង១០នាទីរសៀល ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៨ នារីរងគ្រោះបានយករឿងរ៉ាវដែលត្រូវជនសង្ស័យចាប់រំលោភកាលពីយប់ ទៅប្រាប់ម្តាយគ្មានសល់ ធ្វើឱ្យម្តាយខឹងច្រឡោត ក៏អូសដៃកូនស្រីទៅដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ រហូតឈានដល់ការចាប់ខ្លួនជនសង្ស័យតែម្តង៕
(ព័ត៌មានលម្អិត សូមចាំអានកាសែតនគរធំ)