ខេត្តប៉ៃលិន ៖ ស្ត្រីម្នាក់ត្រូវប្តីប្រមឹកវាយដំធ្វើបាបទាំងចិត្តកាយជារៀងរាល់ថ្ងៃ រហូតដល់ទ្រាំនឹងទង្វើដ៏ឃោរឃៅរបស់ប្តីលែងបាន ក៏សម្រេចចិត្តអូសដៃប្តីទៅផ្ទះលោកមេភូមិ ដើម្បីសុំលែងលះគ្នា លុះមិនទាន់ទៅដល់ផង បុរសជាប្តីក៏ផ្ទុះភ្លើងប្រចណ្ឌ ថាប្រពន្ធទារលែងប្តី ដោយសារចង់មានប្រុសថ្មី ក៏ដាល់ប្រពន្ធចំផ្ទៃមុខ១ដៃ បណ្តាលឱ្យជាំហើមពោរ ទើបប្រពន្ធប្តូរចិត្តដាក់ពាក្យប្តឹងឱ្យសមត្ថកិច្ចចាប់ប្តីកំណាចយកទៅ ចាត់ការតាមច្បាប់វិញម្តង។
ករណីអំពើហិង្សាប្តីដាល់ប្រពន្ធហើមពោរមុខនេះ បានកើតឡើងកាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចភូមិស្លា ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ។
ស្ត្រីរងគ្រោះជាប្រពន្ធដែលត្រូវប្តីកំណាចវាយដំដាល់ជាំមុខ មានឈ្មោះវណ្ណា មុំ អាយុ២៥ឆ្នាំ រងរបួសហើមមុខ។ ចំណែកជនដៃដល់ជា ប្តី មានឈ្មោះចេន វិចិត្រ អាយុ៣២ឆ្នាំ។ ប្តីប្រពន្ធអ្នកទាំងពីរមានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា ប្តីប្រពន្ធខាងលើរស់នៅមិនសូវចុះសម្រុងនឹងគ្មានទេ ដោយសារតែបុរសជាប្តី គឺជាមនុស្ស ប្រមឹក តែងដើរផឹកស៊ីស្រវឹងអួទីនួជារៀងរាល់ថ្ងៃ មិនដែលជួយធ្វើការងារប្រពន្ធកូននោះទេ ដោយគិតតែពីដើរផឹកស៊ីជាមួយមិត្តភក្តិក្នុងភូមិ លុះត្រឡប់មកផ្ទះវិញ តែងរករឿងប្រចណ្ឌប្រពន្ធជាមួយអ្នកជិតខាង និងបានប្រើអំពើហិង្សាវាយដំប្រពន្ធរបស់ខ្លួនជាញឹកញាប់។
ប្រភពដដែលបន្តថា រហូតមកដល់រសៀលថ្ងៃកើតហេតុ ដោយសារតែស្ត្រីរងគ្រោះជាប្រពន្ធ ទ្រាំនឹងទង្វើឃោរឃៅរបស់ប្តីតទៅទៀតលែងបាន ក៏ដឹកដៃប្តីបម្រុងទៅផ្ទះលោកមេភូមិ ក្នុងគោលបំណងសុំឱ្យលោកមេភូមិធ្វើសំបុត្រលែងលះគ្នា។ ស្រាប់តែទៅមិនទាន់ដល់ផ្ទះលោក មេភូមិផង ប្តីប្រមឹកក៏ផ្ទុះភ្លើងប្រចណ្ឌ ចោទប្រពន្ធថាទាមទារលែងលះជាមួយប្តីនេះ ក៏ដោយសារតែប្រពន្ធចង់គេចកែទៅមានប្រុសថ្មី រួចក៏ផ្ទុះកំហឹងកាន់តែខ្លាំង ស្ទុះទៅដាល់ប្រពន្ធ១ដៃចំផ្ទៃមុខ បណ្តាលឱ្យហើមជាំ ប៉ោងមុខតែម្តង។
ក្រោយកើតហេតុ ស្ត្រីរងគ្រោះបានផ្អាកគំនិតចង់លែងលះប្តី រួចក៏ងាកទៅដាក់បណ្តឹងនៅប៉ុស្តិ៍នគរបាលឃុំស្ទឹងកាច់ ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍វិញម្តង។ បន្ទាប់មកសមត្ថកិច្ចក៏បានចុះឃាត់ខ្លួនបុរសជាប្តីខាងលី នាំយកមកសាកសួរ។
ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តប៉ៃលិន ដើម្បីចាត់ការតាមមនីតិវិធី៕