ខេត្តកណ្តាល ៖ សាកសពស្ត្រីម្នាក់ត្រូវបានអ្នកជិតខាងប្រទះឃើញដេកស្លាប់យ៉ាងអាណោចអាធ័មនៅលើផ្ទះរបស់ខ្លួន ដោយមានស្លាកស្នាមរបួសត្រង់ក្បាល ផ្ទៃមុខ និងបាក់ក ព្រមទាំងប្រទះឃើញផ្លែចប និងដំបងឈើជ្រុងនៅក្បែរសាកសពទៀតផង ជាហេតុធ្វើឱ្យមានការសង្ស័យថា ស្ត្រីរងគ្រោះត្រូវបានគេឡើងទៅវាយសម្លាប់ដល់លើផ្ទះ។
ករណីឃាតកម្មដ៏ឃោរឃៅខាងលើនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១០និង៤០នាទីព្រឹក ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចលើផ្ទះរបស់ស្ត្រីរងគ្រោះ ស្ថិតក្នុងភូមិដងគោម ឃុំកំពង់អុស ស្រុកពញាឮ។
ស្ត្រីរងគ្រោះដែលត្រូវឃាតករមិនស្គាល់មុខ វាយសម្លាប់យ៉ាងឃោរឃៅ មានឈ្មោះម៉ែន សារឿន អាយុ៤៨ឆ្នាំ មានលំនៅភូមិកើត ហេតុខាងលើ។
ការសន្និដ្ឋានជំហានដំបូងរបស់សមត្ថកិច្ច ស្ត្រីរងគ្រោះ បានស្លាប់ដោយសារទទួលរងការវាយប្រហារ នឹងវត្ថុរឹងមុត ហើយករណីនេះ អាចកើតឡើងនៅចន្លោះម៉ោងប្រហែល៨ទៅ៩យប់ ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៨ ដោយសារសាកសពមានសភាពហើមធំក្លិន យ៉ាងខ្លាំងសង្ស័យ ជាអំពើឃាតកម្ម។ ដោយឡែកនោក្បែរកន្លែងកើតហេតុ សមត្ថកិច្ចបានរកឃើញ ផ្លែចបជីក១ ប្រវែង៣តឹក និងឈើជ្រុងប្រវែង៦តឹកទៀតផង។
ក្រោយពិនិត្យរួចរាល់ សាកសពស្ត្រីរងគ្រោះ ត្រូវបានប្រគល់ទៅឱ្យសាច់ញាតិ និងក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី ចំពោះជនសង្ស័យសមត្ថកិច្ចកំពុងស្រាវជ្រាវចាប់ខ្លួន៕
(ព័ត៌មានលម្អិត សូមអានកាសែតនគរធំ)