កែវ ស្រីនាង ដែលមានសុខភាពមិនអំណោយផល ព្រោះតែមានជំងឺកាចសាហាវ ឈាមសស៊ីឈាមក្រហមនោះ ត្រូវបានបងស្រីរបស់នាង ដែលក្លាយជាជំទាវនាង កែវ ពិសី ធ្វើខួបកំណើតឱ្យគម្រប់អាយុ35ឆ្នាំ កាលពីរាត្រីថ្ងៃទី09 ខែមិថុនា នៅភូមិគ្រឹះរបស់ពិសី នៅខណ្ឌចំការមន ក្រុងភ្នំពេញ។
គេឃើញមានតែតារាដែលជិតដិតបំផុតជាមួយកែវ ស្រីនាង ប៉ុណ្ណោះ ដែលទៅចូលរួមខួបកំណើតតារាសម្តែងរូបនេះ ដូចជា អ្នកនាងយុគ ចិន្តា, ប៊ី រីយ៉ា, គៀត សុវណ្ណាឡាង, បេប៊ី និងលោកអែនឌី ទេ ដែលទៅអបអរសាទរអ្នកសម្តែងរូបនេះ ស្របពេលដែលនាងកែវ វរលក្ខណ៍ ជាប្អូនស្រីនោះ ក៏លេចមុខក្នុងកម្មវិធីនោះដែរ។
នេះមិនមែនជាលើកទី1ឡើយ ដែលតារាកូន1 មានស្វាមីជាជនជាតិអង់គ្លេស អ្នកនាងកែវ ស្រីនាង បានប្រារឰខួបកំណើតនោះ គឺជារៀងរាល់ឆ្នាំ អ្នកនាងស្រីនាង តែងប្រារឰខួបកំណើតមិនដែលខានឡើយ តែជាទម្លាប់តារាសម្តែង ដែលតម្រូវឱ្យលេបថ្នាំអស់1ជីវិត ដើម្បីជាការប្រឆាំងទៅនិងជំងឺឈាមសស៊ីឈាមក្រហមនោះ មិនដែលធ្វើពិធីធំដុំហៅតារាល្បីៗរាប់រយនាក់ដូចគេឡើយ គឺអ្នកនាងតែងធ្វើដោយស្ងប់ស្ងាត់ និងហៅតែអ្នកជិតដិតប៉ុណ្ណោះ ឱ្យចូលរួម។ ជាក់ស្តែងដូចជានៅឆ្នាំនេះ ស្រីនាង ត្រូវបងស្រីនាង កែវ ពិសី ដែលក្លាយទៅជាជំទាវរបស់លោកឈុំ សុជាតិ នោះ រៀបចំធ្វើខួបឱ្យ ដើម្បីជាការលើកទឹកចិត្តដល់ស្រីនាង ដែលមានតែនៅបន្តពុះពារការងារសិល្បៈតទៅទៀតនោះ។
កែវ ស្រីនាង ស្ថិត ក្នុងចំណោមតារាដែលមានទ្រព្យច្រើន ដូចជា លោកព្រាប សុវត្ថិ, ចា រិទ្ធី, ខេមរៈ សិរីមន្ត, ឆាយ វីរៈយុទ្ធ, យុគ ចិន្តា, គង់ សុជាតិ និងខាត់ សុឃីម ជាដើម។ មុនពេលប្រារឰខួបកំណើតនេះ កែវ ស្រីនាង បានកុងត្រាថតជាតួឯករឿង “កាំបិតមុខពីរ” ឱ្យផលិតកម្មមហាហង្ស និងរឿង “ប្រចណ្ឌ” ឱ្យផលិតកម្មផ្កា5 របស់អ្នកស្រីពាន់ ភួងបុប្ផា ផងដែរ៕