ខេត្តត្បូងឃ្មុំ ៖ បុរសអភ័ព្វម្នាក់ ដែលទិញភេសជ្ជៈអូអ៊ិឈិ យកមកផឹក លុះបើកគម្របដបត្រូវរង្វាន់រថយន្តភីកអាប់ ១គ្រឿង តម្លៃជាង៤ម៉ឺនដុល្លារ ប៉ុន្តែដោយខ្លាចរក្សាទុកគម្របដបមិនគង់ ក៏យកទៅផ្ញើឱ្យថៅកែទុកជាបណ្តោះអាសន្នសិន ស្រាប់តែថៅកែបែកគំនិតស៊ីដាច់បាត់ បង្កជារឿងរ៉ាវដ៏ចម្រូងចម្រាស់ផ្អើលពេញបណ្តាញសង្គមហ្វេសប៊ុកនោះ ពេលនេះទទួលបានយុត្តិធម៌វិញហើយ បន្ទាប់ពីសមត្ថកិច្ចខេត្តត្បូងឃ្មុំ ចុះអន្តរាគមន៍ ដកហូតយកគម្របដបត្រូវរង្វាន់ពីថៅកែ មកទុកប្រគល់ឱ្យម្ចាស់រង្វាន់វិញ កាលពីព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨។
បុរសដែលមានសំណាងបើកគម្របដបភេសជ្ជៈអូអ៊ិឈិិ ត្រូវរង្វាន់រថយន្ត១គ្រឿង បែរជាត្រូវថៅកែរបស់ខ្លួនប៉ុនប៉ងស៊ីដាច់នេះ មានឈ្មោះហែម និមល ជាបុគ្គលិកបម្រើការនៅហាងខារ៉ាអូខេយីហោ វិមានទ្រព្យ មានទីតាំងនៅភូមិម៉ាស៊ីនទឹក ឃុំមេមត់ ស្រុកមេមត់ និងមានស្រុកកំណើតនៅខេត្តសៀមរាប។
យោងតាមប្រភពព័ត៌មានចុងក្រោយ គម្របដបភេសជ្ជៈ អូឈិ ដែលត្រូវរង្វាន់រថយន្ត ហើយត្រូវថៅកែយកពីកម្មករនោះ ពេលនេះ ត្រូវបានលោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ សម្រេចធ្វើការដកហូតយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមេមត់ ហើយ ដើម្បីទុកដោះស្រាយជូនម្ចាស់គម្របពិត។
យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានបញ្ជាក់ថា “សូមជម្រាបជូនបងប្អូនក្នុងបណ្តាញសង្គមទាំងអស់ បន្ទាប់ពីបានឃើញការបង្ហោះរបស់យុវជនម្នាក់ កាលពីរាត្រីថ្ងៃទី១១ ខែមិថុនា ភ្លាម។ ករណីនេះកម្លាំងនគរបាលខេត្តត្បូងឃ្មុំ បាននិងកំពុងដំណើរការស៊ើបអង្កេត ចម្លើយបឋម ករណីនេះជារឿងពិតពាក់ព័ន្ធមនុស្ស៣នាក់ មានកម្មករ២នាក់ (ម្នាក់ពិការ) ផ្តើមចេញពីលុយធីប៥ពាន់រៀល ហើយនាំគ្នាទៅទិញទឹកអូអ៊ិឈិ១ដបហូប២នាក់ និងថៅកែខារ៉ាអូខេ វិមានទ្រព្យ។ រង្វាន់នេះមិនទាន់បើកបាននៅឡើយទេ។ អ្នកទាំង៣កំពុងបំពេញកំណត់ហេតុនៅអធិការដ្ឋាននគរបាលស្រុកមេមត់។ យើងនឹងទំនាក់ទំនងទៅក្រុមហ៊ុន ដើម្បីផ្អាកផ្តល់រង្វាន់សិន រង់ចាំការដោះស្រាយបានចប់សព្វគ្រប់។ ពេលនេះមនុស្សទាំង៣នាក់ និងគម្របដបបាននិងកំពុងស្ថិតនៅកន្លែងនគរបាលស្រុកមេមត់…”។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Hem Nimoul បានបង្ហោះសារមួយថា “គម្របរង្វាន់ ខ្ញុំត្រូវឡានពីតែបៃតង Oishi មានគេស៊ីដាច់ហើយ ធ្វើជាកម្មសិទ្ធិបាត់ហើយបងប្អូនអើយ ជួយខ្ញុំផង អយុត្តិធម៌ណាស់ បើបងប្អូនជួបរឿងដូចខ្ញុំ តើបងប្អូននឹងធ្វើយ៉ាងណា? ជួយស៊ែរផងបងប្អូន…”។
ជាមួយនេះ បុរសជាជនរងគ្រោះ និងជាម្ចាស់គណនីហ្វេសប៊ុកខាងលើ បានឡាយវីដេអូរៀបរាប់ថា “ជម្រាបសួរពុកម៉ែ បងប្អូនក្នុង បណ្តាញសង្គមហ្វេសប៊ុក ថ្ងៃនេះ ខ្ញុំមានរឿងអយុត្តិធម៌មួយ ចង់ឱ្យពុកម៉ែបងប្អូនជួយ ខ្ញុំបាទឈ្មោះហែម និមល រស់ក្នុងខេត្តសៀមរាប ធ្វើការនៅហាងវិមានទ្រព្យ រស់នៅតែ២នាក់ប្តីប្រពន្ធមានការលំបាកខ្លាំងណាស់ ជាដំបូងខ្ញុំបាទសូមគោរពទៅដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ឱ្យជួយរកយុត្តិធម៌ឱ្យរូបខ្ញុំបាទ ព្រោះពេលនេះ ខ្ញុំមានការលំបាកខ្លាំងណាស់ ហើយក៏មានរឿងមួយចង់ប្តឹងទៅលោកទាំង២ ខ្ញុំបើកគំរបដបត្រូវរង្វាន់ឡានពីតែអូអ៊ិឈិ តែគំរបដបពិតត្រូវថៅកែខ្ញុំយកទៅបាត់ហើយ ចៃដន្យថ្ងៃមួយ ខ្ញុំបាទបានទៅទិញអូអ៊ិឈិ ចំនួន២ដប ហើយភ្លាមៗនោះ ខ្ញុំក៏បានបើកគំរបត្រូវរង្វាន់អូអ៊ិឈិ ឡានចំនួន១គ្រឿង ហើយខ្ញុំបានគិតថា រង្វាន់នោះពិតឬមិនពិត ខ្ញុំក៏យកទៅបង្ហាញអ្នកលក់ អ្នកលក់ក៏ឆ្លើយថា រង្វាន់ហ្នឹងពិតហើយ ហើយខ្ញុំក៏បានខលទៅក្រុមហ៊ុនអូអ៊ិឈិ ហើយគាត់ក៏បានជ្រាបថា រូបខ្ញុំពិតជាត្រូវរង្វាន់រថយន្តមែន ពេលបានគំរបនោះហើយ ខ្ញុំមិនហ៊ានទុកខ្លួនឯងទេ ព្រោះថាកន្លែងដែលខ្ញុំស្នាក់នៅមិនសូវមានសុវត្ថិភាព ទើបខ្ញុំបានសម្រេចចិត្តយកគំរបដបហ្នឹងទៅផ្ញើឱ្យថៅកែរក្សាទុក គាត់ក៏បានរក្សាទុកឱ្យខ្ញុំ ប៉ុន្តែ២-៣ថ្ងៃក្រោយមក គាត់ក៏សុំខ្ចីទូរស័ព្ទរបស់ខ្ញុំ ហើយខ្ញុំក៏ទៅប្រាប់ប្រពន្ធខ្ញុំថា ថៅកែបានខ្ចីទូរស័ព្ទខ្ញុំតែមិនដឹងមូលហេតុអ្វី ពេលនេះ ប្រពន្ធខ្ញុំបានទៅសុំទូរស័ព្ទមកវិញ ប៉ុន្តែថៅកែមិនព្រមឱ្យទូរស័ព្ទខ្ញុំមកវិញទេ គាត់បែរជាទិញទូរស័ព្ទថ្មី រួចឱ្យលុយខ្ញុំ៥០ដុល្លារថែមទៀត ពេលដែលប្រពន្ធខ្ញុំទារទូរស័ព្ទមកវិញ គាត់ក៏បានស្តីបន្ទោសខ្ញុំថា គ្រាន់តែរឿងទូរស័ព្ទប៉ុណ្ណឹងចាំបាច់ប្រាប់ប្រពន្ធធ្វើអី? ហើយគាត់គំរាមខ្ញុំថា បើសិនរឿងគំរបដបអូអ៊ិឈិហ្នឹង បែកខ្ចរខ្ចាយទៅខាងក្រៅ គាត់នឹងដេញខ្ញុំ ២នាក់ប្តីប្រពន្ធចេញពីកន្លែងធ្វើការ ហើយគាត់បាននិយាយថា គាត់មិនបានយករបស់ខ្ញុំទេ ហើយខ្ញុំសព្វថ្ងៃក្រណាស់ ខ្ញុំមិនដឹងថាមានអ្វីជាទីពឹងទេ ខ្ញុំមានសំណាងបានត្រូវរង្វាន់ឡានមួយហ្នឹង ហើយបើគាត់ស៊ីដាច់ចឹង តើជីវភាពរបស់ខ្ញុំនឹងទៅជាយ៉ាងណា បងប្អូនជួយពិចារណា បើសិនជាបានឡានមួយហ្នឹង ជីវភាពខ្ញុំប្រហែលជាធូរស្រាលទៅមុខ តែបើខ្ញុំមិនមានគម្របដបហ្នឹង តើជីវភាពរបស់ខ្ញុំនឹងទៅជាយ៉ាងណាវិញ ពុកម៉ែបងប្អូន? ហើយគាត់បានយកគម្របដបហ្នឹងទៅឱ្យបងប្អូនគាត់នៅភ្នំពេញ យកទៅបើក ធ្វើជាទ្រព្យសម្បត្តិរបស់គាត់ ហើយគាត់គំរាមខ្ញុំថា បើសិនជារឿងហ្នឹងខ្ចរខ្ចាយទៅខាងក្រៅ គាត់នឹងដេញខ្ញុំ២នាក់ប្តីប្រពន្ធចេញ និងឱ្យប៉ូលិសមកចាប់ខ្ញុំ ចឹងខ្ញុំមានតែម្រាមដៃដប់ សូមអំពាវនាវដល់សម្តេចទាំង២ មេត្តាជួយដល់រូបខ្ញុំបាទ ព្រោះខ្ញុំក្រណាស់បងប្អូន…”។
យ៉ាងណាក្តី មកដល់ព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ បុរសអភ័ព្វខាងលើ ដែលជាម្ចាស់គម្របដបអូអ៊ិឈិ ដែលឈ្នះរង្វាន់រថយន្តពិតប្រាកដ បានទទួលយុត្តិធម៌វិញហើយ ក្រោមការសម្របសម្រួល និងជួយអន្តរាគមន៍ពីសមត្ថកិច្ច ហើយនៅក្នុងពេលដ៏ខ្លីខាងមុខ រថយន្តទំនើបភីកអាប់ ដែលមានតម្លៃជាង៤ម៉ឺនដុល្លារ នឹងត្រូវប្រគល់ដល់ដៃម្ចាស់រង្វាន់រូបនេះហើយ៕