Thursday, October 16, 2025
Homeព័ត៌មានជាតិចិត្តខ្លាំងមែន ម៉ែស្តីបន្ទោសអប់រំ កូនគំរាមយកជីវិត

ចិត្តខ្លាំងមែន ម៉ែស្តីបន្ទោសអប់រំ កូនគំរាមយកជីវិត

ខេត្តកំពត ៖ បុរសម្នាក់គ្រាន់តែត្រូវម្តាយស្តីបន្ទោសតិចតួច ស្រាប់តែច្រឡោតខឹង ស្ទុះទៅទាញកាំបិតផ្គាក់ មកកាន់គំរាមកាប់សម្លាប់ ម្តាយបង្កើត និងប្អូនប្រុសរបស់ខ្លួន បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១១ និង៥០នាទីព្រឹក ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចភូមិត្រពាំងជ្រៃ ឃុំត្រពាំងធំ ស្រុកទឹកឈូ។

ជនសង្ស័យដែលគំរាមកាប់សម្លាប់ម្តាយ និងប្អូនប្រុសបង្កើតរបស់ខ្លួន មានឈ្មោះសែត ទូច អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា នៅមុនពេលកើតហេតុ ស្ត្រីជាម្តាយ ឃើញជនសង្ស័យជាកូនប្រុសចេះតែដើរលេងប៉ោឡែ មិនព្រមរកការងារធ្វើរកប្រាក់ចិញ្ចឹមជីវិតសោះ។ លុះត្រូវម្តាយស្តីបន្ទោសបែបនេះ ជនសង្ស័យក៏ផ្ទុះកំហឹង ស្ទុះទៅទាញកាំបិតផ្គាក់ដងវែង មកកាន់ រួចតមាត់តសម្តីជាមួយម្តាយរបស់ខ្លួនវិញ។ ឃើញបែបនេះ ប្អូនប្រុសរបស់ជនសង្ស័យក៏បានរត់មកជួយឃាត់ ខ្លាចក្រែងជនសង្ស័យជ្រុលដៃកាប់ម្តាយ ទើបធ្វើឱ្យជនសង្ស័យកាន់តែច្រឡោតខឹង គំរាមកាប់សម្លាប់ទាំងម្តាយ និងប្អូនប្រុសទៀតផង។

ប្រភពដដែលបន្តថា បន្ទាប់មក ជនសង្ស័យក៏បានយកកាំបិតទៅកាប់បំផ្លាញទ្រព្យសម្បត្តិក្នុងភូមិ ដោយកាប់អង្រឹងកាប់ដើមចេក កាប់ដើមដូងចោល និងចាប់កូនខ្លួនឯងមកគាបនិងភ្លៅជាប់ទៀតផង។ ឃើញដូច្នេះ សាច់ញាតិជនរងគ្រោះបានរាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍ ឱ្យមកដល់ ធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើ អនុវត្តតាមនីតិវិធីតែម្តង៕

RELATED ARTICLES