ដូចការគ្រោងទុកជំនួបប្រជុំកំពូលប្រវត្តិសាស្ត្ររវាងមេដឹកនាំសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ និងមេដឹកនាំវ័យក្មេងកូរ៉េខាងជើង បានចាប់ផ្តើមកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ នៅសណ្ឋាគារ Capella លើកោះ Sentosa ប្រទេសសិង្ហបុរី។
ក្រោយជំនួបពេញមួយព្រឹក ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមហើយ។
នៅក្នុងសេចក្តីថ្លែងការណ៍រួមនោះ ត្រូវបានគេរំពឹងថា ការឈានទៅរំសាយអាវុធនុយក្លេអ៊ែរ នឹងអាចកើតមានឡើងឆាប់ ព្រោះលោកគីម ប្រកាសប្រាប់ពិភពលោកថា “យើងនឹងឃើញការផ្លាស់ប្តូរដ៏ធំមួយនៅពេលខាងមុខ”។
ក្រោយជំនួបប្រជុំដូណាល់ ត្រាំ បាននិយាយថា “ខ្ញុំសង្ឃឹមថា ដំណើការរំសាយអារុធនុយក្លេអ៊ែរ និងចាប់ផ្តើមនៅពេលឆាប់ៗខាងមុខនេះ។ ត្រាំ បានបន្តថា ក្រោយជំនួបកំពូលនេះ ក៏នឹងមានកិច្ចប្រជុំបន្តបន្ទាប់ទៀត ពាក់ព័ន្ធទៅនឹងការរំសាយអាវុធនុយក្លេអ៊ែរ ឱ្យបានកាន់តែឆាប់កាន់តែល្អ។
អង្គុយទន្ទឹមគ្នាពេលចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម លោកគីម ជុងអ៊ុន បានថ្លែងថា អតីតកាលត្រូវទុកមួយឡែក ហើយគេនឹងឃើញថា មានការផ្លាស់ប្តូរដ៏ធំមិនធ្លាប់មានមួយ។ បន្ទាប់មក លោកក៏បានអរគុណលោកត្រាំ ដែលធ្វើឱ្យកិច្ចប្រជុំនេះកើតឡើងដែរ។
ភ្លាមៗនោះ លោកត្រាំ ក៏ចាប់ផ្តើមចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម។ ពេលអ្នកសារព័ត៌មានសាកសួរពីបញ្ហារំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង លោកត្រាំ មិនបានឆ្លើយតបភ្លាមឡើយ។ លោកងាកទៅថ្លែងអំណរគុណលោកគីម សិន ជុំវិញការអនុញ្ញាតឱ្យជំនួបនេះកើតឡើងតាមការគ្រោងទុក។ បន្ទាប់មក មេដឹកនាំអាមេរិក ក៏បញ្ជាក់បន្ថែមទៀតថា លោកមានឆន្ទៈអញ្ជើញលោកគីម ទៅសេតវិមាន ហើយការរំសាយអាវុធនុយក្លេអ៊ែរអាចនឹងចាប់ផ្តើមឆាប់ៗនេះដែរ។
បន្ទាប់ពីបញ្ចប់ជំនួបប្រវត្តិសាស្ត្រនេះ លោកគីម នឹងចាកចេញពីសិង្ហបុរី ភ្លាមៗ ទៅកាន់កូរ៉េខាងជើងវិញ។ ចំណែកឯលោកត្រាំ នឹងធ្វើសន្និសីទសារព័ត៌មានមួយសិន ដើម្បីបង្ហាញទៅកាន់ពិភពលោកពីលទ្ធផលនៃកិច្ចប្រជុំប្រវត្តិសាស្ត្រនេះដែរ មុននឹងធ្វើដំណើរទៅកាន់អាមេរិកវិញ។
ជំនួបប្រជុំកំពូលសម្រេចបានសេចក្តីថ្លែងការណ៍រួម ៤ចំណុច ៖
ក្រោមបញ្ចប់ជំនួបប្រជុំមេដឹកនាំទាំងពីរ បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម មាន៤ចំណុចសំខាន់ៗដូចតទៅ ៖
១.សហរដ្ឋអាមេរិក និងកូរ៉េខាងជើង ប្តេជ្ញាបង្កើតទំនាក់ទំនងថ្មី ដោយអនុលោមទៅតាមបំណងរបស់ពលរដ្ឋប្រទេសទាំងពីរ សម្រាប់សន្តិភាពនិងភាពរុងរឿង។
២-សហរដ្ឋអាមេរិក និងកូរ៉េខាងជើង នឹងចូលរួមក្នុងកិច្ចប្រឹងប្រែងកសាងរបបសន្តិភាព ស្ថិរភាព យូរអង្វែង នៅឧបទ្វីបកូរ៉េ។
៣-ពិនិត្យមើលឡើងវិញនូវសេចក្តីថ្លែងការណ៍រួម កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ ២០១៨ ដែលប្រទេសកូរ៉េ បានប្តេជ្ញាចិត្តរំលាយចោលអាវុធនុយក្លេអ៊ែរទាំងស្រុងនៅឧបទ្វីបកូរ៉េ។
៤- សហរដ្ឋអាមេរិក និងកូរ៉េខាងជើង ប្តេជ្ញារុករកអដ្ឋិធាតុកងទ័ពអាមេរិក ដែលស្លាប់នៅក្នុងសង្គ្រាមកូរ៉េ រួមទាំងការធ្វើមាតុភូមិនិវត្តន៍។
ជំនួបប្រជុំកំពូលថ្លៃបំផុតរវាងអាមេរិក-កូរ៉េខាងជើង
នៅក្នុងសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃចន្ទ ទី១១ ខែមិថុនា ឆ្នាំ២០១៨ នាយករដ្ឋមន្ត្រីសិង្ហបុរី លី សៀនឡុង បានថ្លែងប្រាប់អ្នកសារព័ត៌មានថា សម្រាប់ជំនួបកំពូលរវាងអាមេរិក និងកូរ៉េខាងជើង ត្រូវចំណាយអស់២០លានដុល្លារសិង្ហបុរី ស្មើនឹង១៥លានដុល្លារអាមេរិក។
លោកបានថ្លែងបន្តទៀតថា ដោយសារតែកិច្ចប្រជុំនេះប្រព្រឹត្តទៅក្នុងប្រទេសសិង្ហបុរី ដូចនេះរាល់ការចំណាយទាំងអស់ជាបន្ទុករបស់រដ្ឋាភិបាល។ នាយករដ្ឋមន្ត្រីខាងលើ ឱ្យដឹងថា កិច្ចប្រជុំកំពូលនេះត្រូវចំណាយសរុបប្រមាណ១៥លានដុល្លារ ជាថវិការបស់រដ្ឋផ្ទាល់។ លោកបន្ថែមថា “យើងប្រហែលជាទទួលបានប្រាក់មកវិញតិចតួចប៉ុណ្ណោះ ប៉ុន្តែ យើងមានឆន្ទៈក្នុងការចំណាយដែលវាជាការចូលរួមរបស់យើង ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីជាប្រយោជន៍សម្រាប់ពិភពលោកទាំងមូល”។
ត្រាំៈ អាមេរិក នឹងមិនចេញថ្លៃ សម្រាប់ការរំសាយអាវុធនុយក្លេអ៊ែរ
នៅពេលអ្នកសារព័ត៌មានសួរថា តើកូរ៉េខាងជើង មានលុយឯណាសម្រាប់ការចំណាយទៅលើការរំសាយអាវុធនុយក្លេអ៊ែរ ខណៈប្រទេសនេះកំពុងជាប់ទណ្ឌកម្មសេដ្ឋកិច្ច? លោកដូណាល់ ត្រាំ បាននិយាយថា អាមេរិក មិនប្រឈមមុខទេ ដោយសារតែប្រទេសកូរ៉េខាងត្បូងនិងជប៉ុន អាចមានលទ្ធភាពផ្តល់ជំនួយហិរញ្ញវត្ថុសម្រាប់ការរំលាយនោះ។
តាមប្រភពព័ត៌មានមួយ បានឱ្យដឹងថា ការចំណាយទៅលើការរំលាយអាវុធនុយក្លេអ៊ែរ អស់ប្រហែលជា២០ពាន់លានដុល្លារ។
ត្រាំ ប្រកាសឈប់ធ្វើសមយុទ្ធ
ក្រោយជំនួបប្រជុំ លោកដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានប្រកាសថា អាមេរិក និងបញ្ឈប់ល្បែងសង្គ្រាម ដែលសំដៅទៅរកការធ្វើសមយុទ្ធជាមួយសម្ព័ន្ធមិត្តកូរ៉េខាងត្បូង និងជប៉ុន ព្រមទាំងសន្យាដកកងទ័ពអាមេរិក ចេញពីកូរ៉េខាងត្បូង តែត្រូវរង់ចាំមើលទង្វើរបស់គីម ជុងអ៊ុន ជាមុនសិន។
លោកអាបេ អរគុណត្រាំ លើកឡើងបញ្ហាចាប់ជំរិតក្នុងកិច្ចប្រជុំ នៅក្នុងកិច្ចប្រជុំនេះដែរ ក្រៅពីប្រធានបទក្តៅការរំសាយអាវុធនុយក្លេអ៊ែរ លោកដូណាល់ ត្រាំ ក៏បានលើកយករបៀបវារៈចាប់ជំរិតមកពិភាក្សាជាមួយលោកគីម ជុងអ៊ុន ផងដែរ។
គន្លងមក ជនជាតិជប៉ុន និងកូរ៉េខាងជើង ធ្លាប់ត្រូវបានកូរ៉េខាងជើង ចាប់ជំរិត ដែលអ្នកខ្លះបាត់ខ្លួនរហូត និងអ្នកខ្លះបានវិលត្រឡប់មកវិញ៕