Thursday, October 16, 2025
Homeព័ត៌មានជាតិឪពុកម្តាយក្រីក្រ ខំប្រឹងដើរដកព្រលិតលក់ យកលុយទិញអង្ករច្រកឆ្នាំង អកុសលប្អូនប្រុសលង់ទឹកស្លាប់

ឪពុកម្តាយក្រីក្រ ខំប្រឹងដើរដកព្រលិតលក់ យកលុយទិញអង្ករច្រកឆ្នាំង អកុសលប្អូនប្រុសលង់ទឹកស្លាប់

ខេត្តកំពង់ធំ ៖ ក្មេងប្រុសស្រី២នាក់បងប្អូនបង្កើត ព្រោះតែឃើញជីវភាពគ្រួសារទីទ័លក្រខ្លាំងពេក ក៏នាំបងប្អូនចេញទៅបឹង ដើម្បីចុះដកព្រលិត យកទៅលក់គ្រាន់បានប្រាក់ទិញអង្ករច្រកឆ្នាំង ជួយសម្រាលបន្ទុកឪពុកម្តាយ ស្រាប់តែអកុសល ពេលកំពុងចុះដកព្រលិត ក៏រអិលជើងចូលកន្លែងទឹកជ្រៅ បណ្តាលឱ្យលង់ទឹកទាំង២នាក់បងប្អូន តែសំណាងល្អ ត្រូវអ្នកភូមិប្រទះឃើញជួយស្រង់ប្អូនស្រីទាន់ ចំណែកបងប្រុសបានលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម។

ករណីបងប្អូនប្រុសស្រីចុះដកព្រលិតលក់ បែរជាជួបគ្រោះអកុសលលង់ទឹកស្លាប់ម្នាក់នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលោម៉ោង១រសៀល ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចបឹងបន្ទាយ ស្ថិតក្នុងភូមិតាំងក្រសាំង ឃុំតាំងក្រសាំង ស្រុកសន្ទុក។

ក្មេងប្រុសរងគ្រោះដែលលង់ទឹកស្លាប់ មានឈ្មោះរិន សារី អាយុ១៥ឆ្នាំ ជាសិស្សរៀនថ្នាក់ទី៥។ ចំណែកក្មេងស្រីរងគ្រោះជាប្អូន ដែលមានសំណាងល្អបានរួចរស់ជីវិត មានឈ្មោះរិន កេង អាយុ១០ឆ្នាំ ជាមនុស្សគ។ ក្មេងប្រុសស្រីទាំង២នាក់បងប្អូននេះ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា ជីវភាពគ្រួសាររបស់ក្មេងប្រុសស្រីរងគ្រោះខាងលើ ទីទ័លក្រខ្លាំងណាស់ រកព្រឹកខ្វះល្ងាច ហេតុនេះហើយទើបក្មេងប្រុសស្រីទាំង២នាក់បងប្អូន តែងនាំគ្នាចេញទៅដកព្រលិតពីក្នុងបឹងបន្ទាយ ដែលស្ថិតនៅខាងលិចភូមិចម្ងាយប្រហែល១២០០ម៉ែត្រ ដើម្បីយកទៅលក់ យកលុយទិញអង្ករហូប និងដើម្បីជួយសម្រាលបន្ទុកឪពុកម្តាយ។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ ក្មេងប្រុសស្រីទាំង២នាក់បងប្អូន ស្រាប់តែអកុសល មិនដឹងជាយ៉ាងម៉េច បែរជារអិលជើងចូលកន្លែងទឹកជ្រៅ បណ្តាលឱ្យលង់ទឹកទាំង២នាក់បងប្អូន តែសំណាងល្អ ត្រូវអ្នកភូមិដើរឆ្លងកាត់ប្រទះឃើញ ជួយស្រង់ក្មេងស្រីជាប្អូនទាន់ពេល ចំណែកក្មេងប្រុសជាបងបានលិចចូលទឹកស្លាប់យ៉ាងអាណោចអាធ័ម។

តាមសម្តីបុរសឈ្មោះហឿន ហូយ អាយុ២៩ឆ្នាំ និងប្រពន្ធឈ្មោះឃីម ស្រីនា អាយុ២៣ឆ្នាំ ជាអ្នកភូមិជាមួយគ្នា និងជាអ្នកប្រទះឃើញហេតុការណ៍ផ្ទាល់ភ្នែក បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ ពួកខ្លួន២នាក់ប្តីប្រពន្ធបាននាំគ្នាទៅរកដកព្រលឹតនៅបឹងនោះដែរ លុះទៅដល់ ក៏ស្រាប់តែប្រទះឃើញក្មេងស្រីឈ្មោះរិន កេង កំពុងលង់ទឹក ដោយកាយវិការទទះទឹក ត្រដរខ្យល់។ ឃើញបែបនេះ ពួកខ្លួនបានស្ទុះចុះទៅជួយស្រង់យកក្មេងស្រីរងគ្រោះឡើងមកលើ បន្ទាប់មកក្មេងស្រីរងគ្រោះដែលជាមនុស្សគ និយាយមិនរួច បានធ្វើកាយវិការឱ្យជួយបងរបស់នាងផង ដែលកំពុងលង់ទឹកក្នុងស្រះនេះដែរ។ ភ្លាមនោះ ពួកខ្លួនបានចុះមុជទឹករាវរកក្មេងប្រុសរងគ្រោះដែរ តែរកមិនឃើញ រួចក៏បានឃើញបុរសឈ្មោះ ណោ ធី ភេទប្រុស អាយុ៤៥ឆ្នាំ មករកព្រលិតដែរ ក៏បានប្រាប់មានមនុស្សលង់ទឹក ហើយក៏នាំគ្នាជួយរាវរកនៅបាតបឹងទាំង២នាក់ រហូតដល់២០នាទីក្រោយមក ទើបប្រទះឃើញសពក្មេងប្រុសរងគ្រោះនៅបាតស្រះ ក៏ស្រង់យកមកដាក់លើគោក និងបានពិនិត្យមើលឃើញថា ដាច់ខ្យល់ស្លាប់បាត់ទៅហើយ ក៏ទៅប្រាប់ឪពុកម្តាយក្មេងប្រុសរងគ្រោះនៅឯភូមិឱ្យបានដឹង ហើយនាំគ្នាយកសាកសពត្រឡប់ទៅផ្ទះរាយការណ៍ប្រាប់សមត្ថកិច្ច ចុះមកពិនិត្យតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ក្មេងប្រុសរងគ្រោះពិតជាលង់ទឹកស្លាប់ប្រាកដមែន រួចក៏ប្រគកល់សាកសពទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES