ខេត្តរតនគិរី ៖ បុរសម្នាក់ក្រោយពីផឹកស្រាស្រវឹងធ្លាក់ភ្នែក ធុញទ្រាន់នឹងរឿងប្រពន្ធរអ៊ូច្រើនពេក ក៏សម្រេចចិត្តគិតខ្លីចងកបញ្ចប់ជីវិត បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចចម្ការអូរប៉ាអរ ស្ថិតក្នុងភូមិស្វាយ ឃុំប៉ូយ ស្រុកអូរជុំ។
បុរសគំនិតខ្លីដែលផឹកស្រវឹងខឹងរឿងប្រពន្ធរអ៊ូច្រើន បែរជាដាច់ចិត្តចងកធ្វើអត្តឃាត មានឈ្មោះប៉ាន លុង អាយុ៣៥ឆ្នាំ ជាជនជាតិគ្រឹង មុខរបរកសិករ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា ប្តីប្រពន្ធជនរងគ្រោះរស់នៅមិនសូវចុះសម្រុងនឹងគ្នាប៉ុន្មានទេ ដោយសារតែបុរសជាប្តី គឺជាមនុស្សចូលចិត្តផឹកស្រា តែងដើរផឹកស៊ីស្រវឹងអួទីនួសឹងរាល់ថ្ងៃ ទើបធ្វើឱ្យប្រពន្ធទ្រាំមិនបានចេះតែរអ៊ូរទាំដាក់ប្តីជាញឹកញាប់ ដើម្បីឱ្យប្តីចេះកែខ្លួន កាត់បន្ថយការផឹកស៊ី ងាកមកជួយធ្វើការរកស៊ីចិញ្ចឹមជីវិតវិញប្រសើរជាង តែប្តីមិនស្តាប់ នៅតែដើរផឹកស្រវឹងជារៀងរាល់ថ្ងៃ។
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ បុរសជាប្តីទើបនឹងត្រឡប់មកពីផឹកស្រាជាមួយមិត្តភក្តិវិញ ស្ថិតក្នុងស្ថានភាពស្រវឹងជោកជាំ ឃើញបែបនេះ ស្ត្រីជាប្រពន្ធក៏ស្តីបន្ទោស ធ្វើឱ្យកើតជាជម្លោះនឹងគ្នាមួយប៉្រាវ ហើយស្ត្រីជាប្រពន្ធក៏ចេះតែរអ៊ូរឿងនេះជាប់មាត់រហូត ស្រាប់តែបុរសជាប្តីធុញទ្រាន់ខ្លាំងពេក ក៏សម្រេចចិត្តចងកបញ្ចប់ជីវិតខ្លួនឯងតែម្តង។ លុះប្រពន្ធប្រទះឃើញ ក៏ស្រែកឆោឡោ ហៅអ្នកជិតខាងឱ្យជួយ តែអកុសល ប្តីរបស់ខ្លួនបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ទើបរាយការណ៍ប្រាប់សមត្ថកិច្ច។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតស្លាប់ដោយសារចងក ធ្វើអត្តឃាតប្រាកដមែន។
សាកសពបុរសរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕