ភ្នំពេញ ៖ និស្សិតច្បាប់វ័យក្មេងមួយរូប បានធ្វើការហេកចូលទៅក្នុងគណនីហ្វេសប៊ុករបស់អាជីវករលក់ផលិតផលតាមអនឡាញម្នាក់ រួចបានធ្វើសកម្មភាពលួចយកលេខកូដសម្ងាត់ ដែលអតិថិជនវេរលុយមកឱ្យថ្លៃផលិតផល យកទៅបើកលុយអស់ចំនួន៤ដង សរុបជាទឹកប្រាក់ជាង៤ពាន់ដុល្លារ ទីបំផុត ម្ចាស់គណនីហេសប៊ុកបានដឹង ក៏ប្តឹងសមត្ថកិច្ចជួយស្រាវជ្រាវ រហូតឈានដល់ការចាប់ឃាត់ខ្លួនជនសង្ស័យបាន កាលពីវេលាម៉ោង៥និង២០នាទីល្ងាច ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក។
ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះចាន់ ម៉េងឆាយ ហៅម៉េងឆាយ អាយុ១៩ឆ្នាំ ជានិស្សិតឆ្នាំទី២ នៃសាកលវិទ្យាល័យនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ស្នាក់នៅផ្ទះលេខ៥២ ផ្លូវលេខ៤ ភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ ចំណែកជនរងគ្រោះ មានឈ្មោះសុខ ស៊ីណា ភេទស្រី អាយុ៣០ឆ្នាំ មុខរបរអាជីវករលក់ផលិតផលខោអាវ និងគ្រឿងហូបតាមអនឡាញ (Live Facebook) ស្នាក់នៅផ្ទះលេខ៦០ ផ្លូវលេខ១៨៦ ក្រុមទី៤ ភូមិ៣ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក។ ដោយឡែក សម្ភារៈដែលបាត់បង់ រួមមាន ទឹកប្រាក់សរុបចំនួន៤៥០០ដុល្លារ។
តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា កាលពីល្ងាចថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើ បទលួចចូលមើលតាមការ Live ផ្ទាល់លក់ផលិតផល គណនីហ្វេសប៊ុករបស់ជនរងគ្រោះឈ្មោះ Ana Brand Brands ហើយលួចយកលេខកូដសម្ងាត់ជនរងគ្រោះ ទៅបើកយកលុយដែលភ្ញៀវវេរមកឱ្យជនរងគ្រោះ តាមរយៈក្រុមហ៊ុនវេរលុយទ្រូម៉ានី ដែលជនសង្ស័យរូបនេះបានប្រព្រឹត្ត កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០១៧ រហូតមកដល់ថ្ងៃទី១២ និង១៣ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចទីតាំងលក់ និងឡាយផ្ទាល់ ផ្ទះលេខ៦០ ផ្លូវលេខ១៨៦ ក្រុមទី៤ ភូមិ៣ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក។ ជាមួយនឹងការចាប់ខ្លួនជនសង្ស័យ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន វិក័យប័ត្រវេរលុយ និងលេខកូដសម្ងាត់ដកលុយរបស់ក្រុមហ៊ុនវេរលុយទ្រូម៉ានី ចំនួន២សន្លឹក មានទឹកប្រាក់សរុបចំនួន១៦៣ដុល្លារ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះចាន់ ម៉េងឆាយ បានសារភាពថា រូបគេ ពិតជាបានមកលួចបើកយកលុយរបស់ជនរងគ្រោះ ប្រាកដមែន ដោយធ្លាប់លួចដកទាំងអស់បានចំនួន៤លើកមកហើយ ដោយប្រើប្រាស់លេខទូរស័ព្ទដៃរបស់ជនរងគ្រោះ យកទៅបើក ដែលមាន លេខ ០១៥ ៩៦ ៩៧ ៩៨ និងលេខ ០៨៨ ៨៩ ៦៩ ៧៩៨ ហើយមានលេខកូដរបស់ភ្ញៀវដែលផ្ញើមកឱ្យ ដើម្បីយកទៅបើកយកលុយ ដែល មានទឹកប្រាក់សរុបចំនួន១៦៣ដុល្លារ។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និង កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕
(ព័ត៌មានលម្អិត សូមអានកាសែតនគរធំ)