បាត់ដំបង ៖ ស្ត្រីមានផ្ទៃពោះដែលជាគ្រូបង្រៀននៅតំបន់ដាច់ស្រយាលម្នាក់ បានត្អូញត្អែរថា ប្រាក់ខែរបស់ខ្លួនចំនួន៣ខែ នៅមិនទាន់បើកបាននៅឡើយ ដោយសារតែជាប់គាំងត្រឹមមន្ទីរអប់រំខេត្ត ខណៈដែលខ្លួនត្រូវចំណាយសព្វបែបយ៉ាងចេញពីហោប៉ៅផ្ទាល់ខ្លួនរយៈពេល៣ខែជាប់ៗគ្នា រហូតពេលនេះ ស្ទើរគ្មានលុយចាក់សាំងម៉ូតូជិះទៅបង្រៀនសិស្សផង ហើយប្រសិនបើនៅតែបែបនេះទៀត អ្នកគ្រូអាចនឹងបញ្ចប់អាជីពមួយនេះមិនខាន។
អ្នកគ្រូបង្រៀនដែលព្រមានបញ្ចប់អាជីពរបស់ខ្លួន ព្រោះតែប្រាក់ខែយឺតរូបនេះ មានឈ្មោះញាណ ប៊ុនសុជាតា ជាគ្រូបង្រៀននៅសាលាបឋមសិក្សាកំប៉ូវ ស្ថិតក្នុងស្រុកបាណន់។
យោងតាមគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់អ្នកគ្រូបង្រៀនខាងលើ ដែលមានឈ្មោះ Bun Socheata បានបង្ហោះសារមួយ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ ថា “និយាយលើកចុងក្រោយ សម្រាប់អាជីពជាគ្រូបង្រៀន ខ្ញុំពោះធំ ជិះម៉ូតូឡើងចុះទៅបង្រៀនរាល់ថ្ងៃ ចំងាយដី១៣គីឡូ ទៅមក២៦គីឡូ ចូលបម្រើការងារវិញនៅដើមខែបី គ្រាន់តែរត់ពាក្យសុំប្រាក់បៀវត៍ ឡើងចុះមន្ទីរដើម្បីសុំឱ្យគេចុះហត្ថលេខា គឺមិនតិចជាង២០ដងទេ គឺទៅមិនដែលជួបប្រធានមន្ទីរ ខ្ញុំរត់ពាក្យសុំតាំងពីដើមខែបី រហូតដល់ខែ៥ បានខ្ញុំបានជួបប្រធានមន្ទីរចុះហត្ថលេខា។ ចុះរួចលោកប្រធានប្រាប់ថា មិនយូរទេអាទិត្យក្រោយអ្នកគ្រូទទួលបានប្រាក់ខែហើយ ហើយខាងខ្ញុំនឹងបើកកុងធានាគារជូនអ្នកគ្រូវិញ។ មួយអាទិត្យ ហើយមួយអាទិត្យទៀត រហូតមកដល់ថ្ងៃនេះ ខ្ញុំនៅមិនទាន់ទទួលបានប្រាក់ខែនៅឡើយទេ ហើយប្រាក់ខែនោះ គឺនៅប្រធានគណនីជាអ្នកកាន់។ ខ្ញុំមិនចង់និយាយទេ តែគួរតែលោកគ្រូអ្នកគ្រូ ដែលជាអ្នកកាន់លុយនឹងយល់ផងថា គ្នា (ខ្ញុំ) ចូលបម្រើការងារបីខែកន្លងមកហើយ ដោយមិនបានទទួលប្រាក់ខែសម្រាប់ចាយវាយ ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃនេះ តើគ្នាលំបាកប៉ុនណា? ឯណាលុយចំណាយប្រចាំថ្ងៃសម្រាប់សាំងម៉ូតូទៅបង្រៀន ឯណាលុយសម្រាប់អាហារហូបចុក? គ្នាសម្បត្តិត្រឹមគ្រូបង្រៀន តើគ្នាមានលុយមកពីណាសម្រាប់ដេកស៊ីទៅ? រវល់តែជាប់បង្រៀន មានពេលឯណាទៅធ្វើការងារដទៃ ដើម្បីបានកម្រៃយកមក? ខ្ញុំយល់ហើយថា ប្រាក់ខែពួកអ្នកគង់តែបើកឱ្យ តែខ្ញុំត្រូវចំណាយពេលចាំប៉ុន្មានខែទៀត? អ្នកធ្វើការបម្រើរដ្ឋដូចគ្នា អ្នកគួរតែយល់ហើយថា អ្នកការងាររដ្ឋ គឺរស់បានដោយប្រាក់ខែតិចតួចនេះ ចុះបើអ្នកជាខ្ញុំវិញ ដែលខំទៅធ្វើការទាំងពោះធំ ហើយគ្មានប្រាក់ខែ ជិះចុះជិះឡើង តើពួកអ្នកគិតម៉េចវិញ? អ្នកក៏យល់ ក៏ដឹងថាមនុស្សស្រីពោះធំ គឺឃ្លានយ៉ាងម៉េច? ចុះបើក្នុងកាបូប រកតែលុយចាក់សាំងដើម្បីទៅបំពេញតួនាទីរបស់ខ្លួនគ្មានផង តើមានលុយឯណាសម្រាប់ទិញរបស់ហូបនោះ? នេះបីខែជាងហើយ មិនមែនបីថ្ងៃទេ ណាអស់លោកធ្វើជាអ្នកដឹកនាំគេ ធ្វើជាម៉ែឪគេ គួរតែចេះគិតពីសុខទុក្ខរបស់កូនចៅផង ខ្ញុំអាចរស់បានដោយប្រកបរបបផ្សេង តែដោយសារស្រឡាញ់ការងារមួយនេះ បានចេះតែប្រឹងប្រែងប្តូរបន្តទៅមុខ តែពេលនេះប្រហែលជាខ្ញុំត្រូវបញ្ចប់ការងារនេះហើយ ព្រោះក្រពះវាឃ្លាន…”។
ជុំវិញរឿងរ៉ាវអ្នកគ្រូបង្រៀនទទួលបានប្រាក់ខែយឺតខាងលើនេះ “នគរធំ” នៅមិនទាន់អាចទាក់ទងសុំការបំភ្លឺពីតំណាងមន្ទីរអប់រំ យុវជន និងកីឡា ខេត្តបាត់ដំបង បាននៅឡើយ កាលពីម្សិលមិញ។ យ៉ាងណា យើងរង់ចាំការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕