ខេត្តបាត់ដំបង ៖ បុរសជាគ្រូបង្រៀនម្នាក់ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន បន្ទាប់ពីគ្រូបង្រៀនរូបនេះ បានលក់ដីមួយកន្លែងទៅឱ្យបុរសម្នាក់ លុះក្រោយពីប្រគល់លុយគ្រប់ចំនួនចូលកាន់កាប់បានមួយរយៈ ទើបដឹងថា ដីនោះមានម្ចាស់កម្មសិទ្ធិរួចទៅហើយ ធ្វើឱ្យភាគីអ្នកទិញដី កើតទុក្ខមិនសុខចិត្ត ក៏ដាក់ពាក្យប្តឹងគ្រូបង្រៀនពីបទឆបោក (លក់ដីខ្យល់)។
ការចាប់ខ្លួនគ្រូបង្រៀនខាងលើ ធ្វើឡើងកាលពីវេលាម៉ោង៧និង១០នាទីយប់ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ ខណៈដែលគ្រូបង្រៀនរូបនោះ កំពុងធ្វើដំណើរតាមផ្លូវ ត្រង់ចំណុចភូមិស្ទឹងតូច ឃុំកំពង់ល្ពៅ ស្រុកសំឡូត។
បុរសជាគ្រូបង្រៀនដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនពីរឿងលក់ដីខ្យល់ មានឈ្មោះទុន ពិសី អាយុ៤៨ឆ្នាំ មុខរបរជាគ្រូបង្រៀន និងមានលំនៅក្នុងភូមិបន្ទាយចារ ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ។ ចំណែកដើមបណ្តឹងមានឈ្មោះវ៉ាន់ ធី ភេទប្រុស អាយុ៤៥ឆ្នាំ។
លោកកង សុផាណ្ណា នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានបញ្ជាក់ប្រាប់ថា គ្រូបង្រៀនខាងលើត្រូវបានឃាត់ខ្លួនតាមដីកាបញ្ជាឱ្យចូលខ្លួនលេខ២៧ អ.យ.ក.១៨ ចុះថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨ ដោយលោកនួន សាន អយ្យការអមសាលាដំបូងខេត្តបាត់ដំបង ដែលជាប់សង្ស័យពីបទ “ឆបោក”។ បើយោងតាមដីកាបញ្ជាឱ្យចូលខ្លួនខាងលើនេះ គ្រូបង្រៀនឈ្មោះ ទុន ពិសី នេះមានជាប់ពាក់ព័ន្ធនឹងការលក់ដីធ្លី ដែលមិនមែនជាដីរបស់ខ្លួនឱ្យទៅអ្នកដទៃ។
បើតាមហេតុការណ៍នៅក្នុងដីកាដដែលនេះ លោកគ្រូទុន ពិសី ដែលជាជនសង្ស័យបានលក់ដីមួយកន្លែងមានចំនួន១០ហិកតារ ដែលអះអាងថា ជាកម្មសិទ្ធិរបស់ខ្លួន មានទីតាំងស្ថិតនៅចំណុចភូមិបន្ទាយចារ ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ឱ្យទៅជនរងគ្រោះឈ្មោះវ៉ាន់ ធី កាលពីអំឡុងខែកក្កដា ឆ្នាំ២០១៣ កន្លងទៅ ក្នុង១ហិកតារ តម្លៃ១១០០ដុល្លារ។ ប៉ុន្តែក្រោយពីជនរងគ្រោះប្រគល់ប្រាក់គ្រប់ចំនួន១១០០០ដុល្លារ (១០ហិកតារ) ហើយបានចូលទៅកាន់កាប់ដីនោះបានមួយរយៈ ស្រាប់តែបែកធ្លាយថា ដីនោះជាកម្មសិទ្ធិរបស់អ្នកផ្សេងទៅវិញ។ ដូច្នេះហើយ ទើបជនរងគ្រោះប្តឹងចោទប្រកាន់លោកគ្រូទុន ពិសី ពីបទ “ឆបោក” តែម្តង។
យ៉ាងណាក្តី តាមលោកកង សុផាណ្ណា ដែលដឹកនាំកម្លាំងចុះអនុវត្តដីកានេះបាននិយាយថា ពេលនេះលោកស្នងការខេត្ត បានបញ្ជាឱ្យកម្លាំងរបស់លោកបាននាំខ្លួនជនសង្ស័យ ឈ្មោះទុន ពិសី នេះ មកដល់ស្នងការខេត្តហើយ និងកំពុងរៀបចំបញ្ជូនជននេះបន្តទៅប្រគល់ឱ្យស្ថាប័ន អយ្យការចាត់ការតាមនីតិវិធី៕