Saturday, October 18, 2025
Homeព័ត៌មានជាតិក្រែងថាជនរងគ្រោះត្រឺមតែចុកឆ្អល់ តាមពិតដាច់ខ្យល់បាត់ទៅហើយ

ក្រែងថាជនរងគ្រោះត្រឺមតែចុកឆ្អល់ តាមពិតដាច់ខ្យល់បាត់ទៅហើយ

កំពង់ធំ ៖ បុរសវ័យចំណាស់ម្នាក់ បានដឹកគោចេញទៅឃ្វាលនៅវាលស្រែ លុះឃើញគោរបស់ខ្លួនចូលទៅស៊ីស្រូវរបស់គេ ក៏ព្យាយាមរត់ទៅដេញគោ ស្រាប់តែអកុសល ជំពប់ជើងដួលផ្កាប់មុខនៅលើភ្លឺស្រែ បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង២និង១៥នាទីរសៀល ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ នៅតំបន់ថ្លុកតាប្រេស ស្ថិតក្នុងភូមិនីពេជ “ខ” ឃុំនីពេជ ស្រុកកំពង់ស្វាយ។

បុរសរងគ្រោះដែលរត់ដេញគោកុំឱ្យចូលស៊ីស្រូវគេ បែរជាជំពប់ជើងដួលស្លាប់នេះ មានឈ្មោះយ៉ែម ចែ អាយុ៥៥ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិកើតហេតុខាងលើ។

តាមសម្តីស្ត្រីឈ្មោះជន ផុន អាយុ៥៣ឆ្នាំ នៅផ្ទះជាប់គ្នា បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង១និង៤៥នាទីរសៀល ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ គាត់ជាមួយជនរងគ្រោះបាននាំគ្នាដឹកគោចេញទៅឃ្វាលទាំងអស់គ្នា។ លុះទៅដល់ចំណុចកើតហេតុ  ពួកគាត់បានលែងគោឱ្យស៊ីស្មោ ស្រាប់តែគោរបស់ជនរងគ្រោះបានដើរចុះទៅស៊ីស្រូវគេក្បែរនោះ ទើបជនរងគ្រោះឃើញបែបនេះ ខ្លាចគោរបស់ខ្លួនស៊ីបំផ្លាញស្រូវរបស់អ្នកភូមិ ក៏ស្ទុះក្រោករត់ទៅដេញគោ ស្រាប់តែអកុសល ជនរងគ្រោះបានជំពប់ជើង បណ្តាលឱ្យដួលផ្កាប់មុខនៅលើភ្លឺស្រែ ហើយក៏លែងក្រោកតែម្តង។ ភ្លាមនោះ គាត់ក៏ស្ទុះរត់ទៅជួយលើកជនរងគ្រោះ ក្រែងថា ជនរងគ្រោះដួលបោកចុកឆ្អល់ក្រោកមិនរួច លុះពេលលើកជនរងគ្រោះផ្ងារមកវិញ ទើបដឹងថា ជនរងគ្រោះបានស្លាប់បាត់ទៅហើយ ធ្វើឱ្យកើតមានការផ្អើលឆោឡោហៅអ្នកភូមិឱ្យជួយ និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកពិនិត្យតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅពិនិត្យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាដួលស្លាប់ដោយខ្លួនឯងប្រាកដមែន។

សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES