ខេត្តក្រចេះ ៖ បុរសល្មោភកាមម្នាក់បានធ្វើសកម្មភាពលួងលោមក្មេងស្រីម្នាក់ ទៅកន្លែងស្ងាត់ រួចព្យាយាមប៉ុនប៉ងចាប់រំលោភ តែមិនបានសម្រេចនៅឡើយ គ្រាន់តែបានប៉ះពាល់បបោសអង្អែលរាងកាយក្មេងស្រី ក៏ត្រូវម្តាយរបស់នាងតាមទាន់ស្រែកឆោឡោ ផ្អើលដល់គេឯងចាប់ជនល្មោភកាមរូបនេះ យកទៅប្រគល់ឱ្យសមត្ថកិច្ចចាត់ការតាមច្បាប់។
ករណីប្រុសព្រានចាប់រំលោភក្មេងស្រីតែមិនបានសម្រេចនេះ បានកើតឡើង កាលពីព្រឹកថ្ងៃទី12 ខែមិថុនា ឆ្នាំ2018 នៅចំណុចចម្ការដំឡូងមួយកន្លែង នៅចំណុចបុសខ្នុរ ស្ថិតក្នុងភូមិព្រែកចម្លាក់ ឃុំកញ្ជរ ស្រុកឆ្លូង។
ជនសង្ស័យល្មោភកាម ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះអឿ វ៉ាត់ អាយុ27ឆ្នាំ មុខរបរកម្មករស៊ីឈ្នួលដាំដំឡូងឱ្យគេ មានស្រុកកំណើតនៅខេត្តត្បូងឃ្មុំ សព្វថ្ងៃបានមកស៊ីឈ្នួលដាំដំឡូងឱ្យគេ និងស្នាក់នៅចំណុចបុសខ្នុរ ក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែកក្មេងស្រីរងគ្រោះ មានអាយុ12ឆ្នាំ មកធ្វើជាកម្មករដាំដំឡូងជាមួយឪពុកម្តាយ និងស្នាក់នៅភូមិឃុំកើតហេតុខាងលើជាមួយគ្នា។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាប៉ុនប៉ងរំលោភក្មេងស្រីរងគ្រោះមែន តែមិនបានសម្រេចនោះទេ ដោយគ្រាន់តែបានប៉ះពាល់ផ្នែកខាងក្រៅនៃរាងកាយប៉ុណ្ណោះ។
យ៉ាងណាក្តី ជនសង្ស័យរូបនេះត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕