សុភាសិតបុរាណ 1ថា “មនុស្សបាក់ត្រង់ណា ល្អិតស្មៅត្រង់ណោះ” មានខ្លឹមសារបង្ហាញពីការបាក់ទ័ព ឬបែកបាក់គណបក្ស ប៉ុន្តែកងទ័ព ឬអ្នកនយោបាយដែលត្រូវគេវាយបំបាក់នោះ តែងព្រួតគ្នាវាយបកវិញ បណ្តាលឱ្យអំពើអយុត្តិធម’រាបល្អិតខ្ទេចខ្ទី ដូចគេជាន់ស្មៅ។ នៅពេលនេះ យើងឃើញអតីតមន្ត្រីគណបក្សសង្គ្រោះជាតិ ដែលត្រូវវាយបំបាក់នោះ បានព្រួតគ្នាវ៉ៃប្រហារបក្សកាន់អំណាច វិញ ពាក់ព័ន្ធអំពើពុករលួយ អយុត្តិធម៌សង្គម បណ្តាលឱ្យមន្ត្រីសំខាន់ៗបាត់បង់កិត្តិយស ដែល “នគរធំ” ក្តាប់បានក៏សូមលើកមកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។
“មនុស្សបាក់ត្រង់ណា ល្អិតស្មៅត្រង់ណោះ” បើបរិយាយតាមន័យត្រង់ សំដៅដល់កងទ័ពដែលច្បាំងចាញ់ដៃបច្ចាមិត្រ ក៏បាក់ទាំងផ្ទាំងៗ រត់ទៅប្រមូលផ្តុំគ្នាលើវាលស្មៅណាមួយឆ្ងាយពីសមរភូមិ បណ្តាលឱ្យវាលស្មៅនោះ រាបល្អិតល្អោច ដោយជើងមនុស្ស។ ជួនកាល បើមានសេះ ដំរី ផងនោះ ច្បាស់ជាកងសេនា ឬកងពលសេះ ពលដំរី យកសេះចម្បាំង ដំរីចម្បាំង ទៅចង់ឱ្យស៊ីស្មៅ ឬស្លឹកឈើដុះក្បែរៗនោះ រេចរឹលអស់មិនខាន។ សូម្បីតែប្រជាពលរដ្ឋកាត់មកពីបណ្តាខេត្តនានា រាប់លាននាក់ បាក់ទៅមើលពិធីប្រណាំងទូកក្នុងឱកាសបុណ្យអុំទូក បណ្តែតប្រទីបនៅមុខព្រះបរមរាជវាំង ក៏ជាហេតុនាំឱ្យវាលស្មៅលម្អសួនច្បារ ត្រូវមនុស្សជាន់ល្អិតល្អោច ទោះជាសមត្ថកិច្ចហាមឃាត់យ៉ាងណាក៏គ្មានប្រសិទ្ធភាព។
បើបរិយាយតាមន័យធៀប “មនុស្សបាក់” សំដៅដល់អតីតមន្ត្រី និងអ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិ (CNPR) ដែលត្រូវរំលាយចោលនេះឯង ក៏បាក់បែកគ្នា ខ្លះរត់ទៅក្រៅស្រុក ខ្លះនៅក្នុងស្រុក ប៉ុន្តែ “និន្នាការប្រឆាំង” មិនទាន់រលាយទេ។ រីឯ “ស្មៅ” សំដៅដល់អំពើពុករលួយ អយុត្តិធម៌សង្គមនេះឯង ត្រូវចាត់ទុកថា ជា “បាតសង្គម” បានត្រឹមពួកប្រឆាំង វ៉ៃប្រហារ ដើរជាន់រាល់ថ្ងៃ។
រួចមកហើយយើងឃើញថា តាំងពីមានការចាប់ខ្លួនលោកកឹម សុខា ដាក់ពន្ធនាគារ និងរំលាយ CNRP ធ្វើឱ្យមនុស្សជិតកន្លះប្រទេសបាក់បែក មិនអាចធ្វើនយោបាយបានឡើយ ប៉ុន្តែពួកគេនៅមានសិទ្ធិក្នុងការបញ្ចោញមតិ។ អតីតតំណាងរាស្ត្រ CNRP ដែលបាក់រត់ទៅក្រៅប្រទេស ថ្ងៃណាក៏ឃើញ “ដើរជាន់ស្មៅ” តាមរយៈការវាយប្រហាររិះគន់អំពើពុករលួយ បក្ខពួកគ្រួសារនិយមក្នុងចង្កោមមន្ត្រីបក្សកាន់អំណាច (CPP)។ រីឯអ្នកប្រឆាំងនៅក្នុងស្រុក ក៏ព្យាយាមចាក់ចេកចាក់ស្ករ បន្ទរតាមដោយបង្ហោះសំណេរបញ្ចោញមតិ (Comment) តាមគណនីហ្វេសប៊ុក ជួយរួមដៃជាមួយពួកខាងក្រៅ ជាន់ស្មៅ CPP។ ករណីប្រជាពលរដ្ឋលើកគ្នាតវ៉ារឿងដីធ្លី ករណីឧកញ៉ាដឹកឈើទៅវៀតណាម មិនឈប់ឈរ ករណីឡើងបុណ្យស័ក្តិតាមខ្សែ ជាដើម បានក្លាយជាកម្មវត្ថុសម្រាប់ពួកប្រឆាំង “ព្រួតគ្នាជាន់ឱ្យខ្ទេចដូចស្មៅ”។
បើយើងមិនច្រឡំទេនោះ ការដែលក្រសួងរតនាគារអាមេរិក ដាក់ទណ្ឌកម្មលោកនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង មេបញ្ជាការកងអង្គរក្សសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺមកពី “ពួកប្រឆាំងចាក់ចង្កេះមន្ត្រីអាមេរិក” តែម្តង។ ពួកប្រឆាំង មិនអាច “ដើរជាន់មន្ត្រីធំៗបាន” ក៏ពឹងអាមេរិក ឱ្យជួយជាន់ បានត្រឹមបាត់បង់កិត្តិយសទាំងអស់គ្នា ព្រោះម្នាក់ៗសុទ្ធតែខ្មែរ។
កាលពីសម័យសង្គមរាស្ត្រនិយម ក៏មាន “មនុស្សបាក់រត់ចូលព្រៃ” ដែរ ដោយមានចលនាខ្មែរសេរី ខ្មែរក្រហម ប៉ុន្តែ បើ “មនុស្សបាក់ត្រង់ណា ល្អិតស្មៅត្រង់ណោះ” ពោលគឺពួកនៅក្នុងព្រៃ ធ្វើចលនា “ឧទ្ទាមកម្ម” ចំណែកពួកក្នុងស្រុក ធ្វើសកម្មភាពរិះគន់រដ្ឋាភិបាល តាមរយៈបង្កើតកាសែតប្រឆាំងសំខាន់ៗ ដូចជា កាសែតប្រជាជន (របស់ពួកខ្មែរក្រហម) កាសែតបញ្ចសីលា កាសែតរាស្ត្រាធិបតេយ្យ (របស់ពួកខ្មែរសេរី) ដែលកាសែតទាំងនោះ ថ្ងៃណាក៏រិះគន់អំពើពុករលួយ បក្ខពួកគ្រួសារនិយម ស្របជាមួយពួកព្រៃបាញ់រប៉េសរប៉ស រំខានដល់អាជ្ញាធររដ្ឋាភិបាល មិនឱ្យដេកស្រួលឡើយ។ កាលនោះ “វិទ្យុខ្មែរសេរី ដែលមានមូលដ្ឋានក្នុងទឹកដីថៃ” បានវាយប្រហាររបបសង្គមរាស្ត្រនិយម យ៉ាងចាស់ដៃ សូម្បីតែសម្តេចឪ ព្រះនរោត្តម សីហនុ ក៏វិទ្យុនោះ ជេរថា “ទីងមោង” ដែរ។
ការលើកឡើងពីអតីតកាលនេះ ចង់បង្ហាញថា “មនុស្សបាក់ត្រង់ណា ល្អិតស្មៅត្រង់ណោះ” សំដៅដល់អ្នកនយោបាយ និងអ្នកគាំទ្រនយោបាយ កាលបើត្រូវគេផាត់ចេញពីឆាកនយោបាយ ក៏ព្រួតគ្នាវាយប្រហារអំពើពុករលួយដុះស្នឹម ដែលកើតចេញពីជួរមន្ត្រីរដ្ឋាភិបាល។
ឥឡូវអ៊ីចឹងទៀតហើយ កាល CNRP នៅរស់ ការរិះគន់មិនធ្ងន់ពេកទេ លុះបក្សប្រឆាំងធំជាងគេនេះ ត្រូវរំលាយចោលមក ពួកប្រឆាំង មិនត្រឹមតែរិះគន់ធ្ងន់ៗនោះទេ តែបានរត់ទៅពឹងអាមេរិក អឺរ៉ុប ឱ្យជួយជាន់បន្ថែមទៀត។ ឱកាសឈ្នះឆ្នោត របស់ CPP មើលឃើញច្បាស់ក្រឡែតទៅហើយ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ថ្ងៃទី29 ខែកក្កដា ឆ្នាំ2018 ខាងមុខនេះ មិនគួរមកជួបគ្រោះថ្នាក់ ដោយសារក្រសួងរតនាគារអាមេរិក ដាក់ទណ្ឌកម្មលោកនាយឧត្តមសេនីយ៍ ដែលមានមុខមាត់ក្នុងសង្គម។ ឧបមាថា នឹងមានការដាក់ទណ្ឌកម្មបែបនេះ ទៅលើមន្ត្រី CPP ផ្សេងទៀតនោះ អាចធ្វើឱ្យ CPP បាត់បង់កិត្តិយសធ្ងន់ទៅៗ ធ្វើឱ្យបក្សតូចៗ ទើបបង្កើតថ្មី មានលេសនេះ ធ្វើការឃោសនា “ជាន់បន្ថែម” អាចបំបែកសំឡេងឆ្នោត 50+1 ពីបក្សកាន់អំណាច យ៉ាងងាយបំផុត។
ធម្មតា វាលស្មៅ ឬស្មៅដាំលម្អក្នុងសួន បើហ្វូងមនុស្សដើរជាន់ល្អិតល្អោចទៅហើយនោះ សូម្បីប៉ូលិសក៏ដើរជាន់បន្ថែមទៀតដែរ ព្រោះឃាត់មនុស្សទៅលេងបុណ្យអុំទូកមិនស្តាប់។ យ៉ាងណាមិញ បើពួកប្រឆាំងក្រៅស្រុក វាយប្រហារបក្សកាន់អំណាចធ្ងន់ៗ បានទាំងបង្ហោះរូបភាពផ្សេងៗតាមប្រព័ន្ធអ៊ីនធើរណេតផងនោះ ជាឱកាសឱ្យអ្នកនយោបាយជើងថ្មី វ៉ៃបន្ថែម ឬជួយជាន់ស្មៅឱ្យខ្ទេចតែម្តង។ បញ្ហាពុករលួយ បក្ខពួកគ្រួសារនិយម សូម្បីតែអ្នកគាំទ្រ CPP ក៏ជួយព្រួតគ្នាជាន់ដែរ ជាក់ស្តែង លោកផែង វណ្ណៈ លោកខ័ណ្ឌ ច័ន្ទសុផល ជានាយទាហានស្មោះត្រង់ CPP ក៏ពួកគាត់នៅមិនស្រណុក តែងបង្ហោះសំណេរ និងសំឡេងវាយប្រហារជនពុករលួយ ក្នុងន័យចង់ឱ្យបក្សគាត់ស្អាតស្អំ ទោះបីជាមានការព្រមានពីនាយករដ្ឋមន្ត្រី ពីរឿងតារាហ្វេសប៊ុកទាំងពីរនោះ លូកដៃរឿង “លោកសង្ឃឆាន់ពោតខុសបច្ចេកទេស” និងរឿងសង្គមផ្សេងទៀត ក៏លោកទាំងពីរមិនទាន់បោះបង់ការរិះគន់អំពើពុករលួយ។
ដូច្នេះ ការបោះឆ្នោតកាន់តែកៀកណាស់ហើយ គួរតែបក្សកាន់អំណាច ប្រុងប្រយ័ត្នស្មៅក្នុងសួន កុំឱ្យមនុស្សបាក់ដើរជាន់បាន។ រឿងប្រយ័ត្នស្មៅនោះ គឺតម្រូវឱ្យ CPP “កាត់តម្រឹមស្មៅ” ឱ្យស្អាតរាបធេងជាប្រចាំ ហើយបើមនុស្សឃើញសួនស្មៅស្អាតធេងបែបនេះ នឹងលែងហ៊ានជាន់។ មានន័យថា CPP ត្រូវតែយកមនុស្សពុករលួយចេញ ឱ្យដូចកាត់តម្រឹមស្មៅអ៊ីចឹង។ បើឃើញស្មៅដុះមានខ្ពស់មានទាប មិនប្រញាប់កាត់តម្រឹម ឬទុកឱ្យពួកប្រឆាំង ទៅពឹងអាមេរិក អឺរ៉ុប ឱ្យមកកាត់ស្មៅនោះ ច្បាស់ជាសំឡេងឆ្នោត CPP មានបញ្ហា។ ចំណុចសំខាន់មួយទៀត CPP នៅមានចន្លោះប្រហោងត្រង់ខ្វះយុទ្ធសាស្ត្រ អូសទាញប្រព័ន្ធផ្សព្វផ្សាយល្បីឈ្មោះឱ្យជួយការពារអ្នកដើរជាន់ស្មៅ ព្រោះប្រព័ន្ធផ្សព្វផ្សាយសំខាន់ណាស់។
សរុបទៅ “មនុស្សបាក់ត្រង់ណា ល្អិតស្មៅត្រង់ណោះ” កំពុងដើរស្របដំណាក់កាលបច្ចុប្បន្ននេះហើយ។ អតីតមន្ត្រី CNRP ក៏ដូចប្រជាពលរដ្ឋគាំទ្រអតីតបក្សនោះ ពេលបាក់ទ័ពក៏នៅសល់ “និន្នាការប្រឆាំង” មិនព្រមបាក់ដែល CPP មិនត្រូវមើលរំលង។ បើបក្សកាន់អំណាច ឱ្យគេដើរជាន់ស្មៅបាន ពោលគឺមិនហ៊ានបោសសម្អាតអំពើអយុត្តិធម៌សង្គម និងអំពើពុករលួយ ឬថា ចាប់តែ “ឆ្មាស៊ីត្រីអាំង” ចំណែក “ខ្លាខាំគោ” មិនហ៊ានចាប់នោះ ធ្វើឱ្យខូចនយោបាយ។ មុនពេលបោះឆ្នោតម្តងៗ ប្រជាពលរដ្ឋតែងពិចារណារកគុណសម្បត្តិ គុណវិបត្តិរបស់គណបក្សនីមួយៗ មុននឹងបោះឆ្នោតឱ្យ ប៉ុន្តែ “ធ្វើគុណ100សំពៅ ទោស 1ចូលទៅរលាយគុណអស់” ដែលជាបរិបទសម្រាប់បក្សកាន់អំណាចពិចារណា៕