ខេត្តកំពង់ធំ ៖ បុរសមានជំងឺតេតាណូសប្រចាំកាយម្នាក់កំពុងដើរភ្ជួរស្រែសុខៗ ស្រាប់តែកើតមានអាការៈប្រកាច់ដួលទៅក្នុងទឹកស្រែ បណ្តាលឱ្យឈ្លក់ទឹកស្លាប់យ៉ាងអាណោចអាធ័ម បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចវាលស្រែមួយកន្លែង ស្ថិតក្នុងភូមិអន្លង់ជួរ ឃុំក្រយា ស្រុកប្រាសាទបល្ល័ង្ក។
បុរសរងគ្រោះខាងលើ មានឈ្មោះហង់ រឿន អាយុ៤៤ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។
តាមប្រភពពីសាច់ញាតិជនរងគ្រោះ បានឱ្យដឹងថា ជនរងគ្រោះបានកើតមានជំងឺប្រចាំកាយ (តេតាណូស) ជាយូរមកហើយ ហើយនៅពេលដែលស្ថានភាពជំងឺធ្វើទុក្ខម្តងៗ ជនរងគ្រោះតែងតែកើតមានអាការៈប្រកាច់។ នៅមុនពេលកើតហេតុ ជនរងគ្រោះបានចេញទៅភ្ជួរស្រែតាំងពីព្រឹក លុះពេលកំពុងភ្ជូរស្រែសុខៗ ក៏ស្រាប់តែអាការជំងឺរើឡើង ក៏ធ្វើឱ្យជនរងគ្រោះប្រកាច់ដួលក្នុងទឹកស្រែ បណ្តាលឱ្យឈ្លក់ទឹកស្លាប់ យ៉ាងអាណោចអាធ័មតែម្តង។
ក្រោយកើតហេតុ សាច់ញាតិ រួមនឹងអ្នកស្រុកភូមិប្រទះឃើញ ក៏ជួយសែងយកសាកសពជនរងគ្រោះត្រឡប់មកផ្ទះវិញ រួចរាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកពិនិត្យតែម្តង។
បន្ទាប់ពីពិនិត្យ និងធ្វើកោសល្យវិច័យសពរួចរាល់ សមត្ថកិច្ចជំនាញបានបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារឈ្លក់ទឹកប្រាកដ មែន មូលហេតុដោយសារតែអាការៈជំងឺតេតាណូសរបស់ជនរងគ្រោះរើឡើង ធ្វើឱ្យជនរងគ្រោះប្រកាច់ដួលក្នុងទឹកស្រែ ទើបឈ្លក់ទឹកស្លាប់បែបនេះតែម្តង។
សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕