Saturday, October 18, 2025
Homeព័ត៌មានជាតិបាត់យូរពេក ឪពុកបានត្រឹមស្រង់សាកសពកូនយកទៅផ្ទះ

បាត់យូរពេក ឪពុកបានត្រឹមស្រង់សាកសពកូនយកទៅផ្ទះ

ខេត្តកំពង់ធំ ៖ ក្មេងប្រុសម្នាក់ឆ្លៀតពេលឪពុកម្តាយកំពុងរវល់ភ្លេចខ្លួន ក៏បានដើរលេងតែម្នាក់ឯងក្បែរមាត់ស្រះ ស្រាប់តែអកុសល រអិលជើងធ្លាក់ចូលទឹក បណ្តាលឱ្យលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម ដោយមិនមានអ្នកណាម្នាក់ អាចជួយសង្គ្រោះបានទាន់ពេលឡើយ។

ករណីក្មេងប្រុសដើរធ្លាក់ចូលទឹកស្រះ បណ្តាលឱ្យលង់ស្លាប់នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចស្រះទឹកមួយកន្លែង ស្ថិតក្នុងភូមិតាប៉ោង ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ។

ក្មេងប្រុសរងគ្រោះ មានឈ្មោះគង់ គួន អាយុ៣ឆ្នាំ រស់នៅក្នុងបន្ទុកឪពុកម្តាយ និងមានលំនៅក្នុងភូមិកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ដោយសារតែឪពុកម្តាយរវល់ការងាររៀងៗខ្លួន ទើបបណ្តោយឱ្យកូនប្រុស (ក្មេងប្រុសរងគ្រោះ) ដើរលេងតែម្នាក់ឯងនៅក្បែរៗផ្ទះ។ ស្រាប់តែបន្តិចក្រោយមក ក្មេងប្រុសរងគ្រោះក៏បានដើរទៅលេងនៅក្បែរ មាត់ស្រះកើតហេតុខាងលើ រួចក៏រអិលជើងធ្លាក់ចូលទឹកស្រះ បណ្តាលឱ្យលង់ទឹកស្លាប់យ៉ាងអាណោចអាធ័មតែម្តង ដោយគ្មានអ្នកណាម្នាក់បានប្រទះឃើញ និងជួយសង្គ្រោះបានទាន់ពេលឡើយ។

ក្រោយកើតហេតុ បន្ទាប់ពីបាត់កូនប្រុសយូរពេក ទើបឪពុកម្តាយនាំគ្នាដើរតាមរក តែមិនឃើញសោះ ទើបកើតមានការផ្អើលឆោឡោ និងសង្ស័យថា កូនប្រុសធ្លាក់ទឹកស្រះកើតហេតុខាងលើ ក៏នាំគ្នាចុះរាវរក ស្រាប់តែប្រទះឃើញកូនប្រុសរបស់ខ្លួនបានឈ្លក់ទឹកស្លាប់បាត់ទៅហើយ ទើបបានត្រឹមស្រង់យកសាកសពយកទៅផ្ទះ រួចរាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកពិនិត្យប៉ុណ្ណោះ។

បន្ទាប់ពីចុះពិនិត្យ និងធ្វើកោសល្យវិច័យសពរួច សមត្ថកិច្ចជំនាញបានបញ្ជាក់ថា ក្មេងប្រុសរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន។

សាកសពក្មេងប្រុសរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES