Saturday, October 18, 2025
Homeព័ត៌មានជាតិម្តាយតក់ស្លុត មកពីការរោងចក្រវិញ បាត់កូន ឃើញដេកស្លាប់ក្នុងវាលស្រែ

ម្តាយតក់ស្លុត មកពីការរោងចក្រវិញ បាត់កូន ឃើញដេកស្លាប់ក្នុងវាលស្រែ

តាកែវ ៖ ក្មេងប្រុសម្នាក់បានកាន់ធុងដើរតាមយុវជន២នាក់ផ្សេងទៀត ដើម្បីចេញទៅឆក់ត្រីនៅតាមវាលស្រែ ស្រាប់តែអកុសល មិនដឹងជាយ៉ាងម៉េច បែរជាឆក់ក្មេងប្រុសរងគ្រោះ បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១១យប់ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចក្បែររបងសួនដាំស្ពៃមួយកន្លែង ស្ថិតក្នុងភូមិទួលត្បែង ឃុំលាយបូរ ស្រុកត្រាំកក់។

ក្មេងប្រុសរងគ្រោះដែលបាត់បង់ជីវិត មានឈ្មោះគិត រ៉ាម៉េង អាយុ៩ឆ្នាំ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញយុវជន២នាក់ ម្នាក់ឈ្មោះយស់ កែវ អាយុ១៧ឆ្នាំ និងទី២ ឈ្មោះមុំ ចំរើន អាយុ២៣ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា បានយកខ្សែភ្លើង១ខ្សែ មានពណ៌លឿងនិងខ្មៅ ប្រវែង១៣០ម៉ែត្រ តចរន្តអគ្គិសនីចេញពីព្រីភ្លើងក្នុងសួនដាំបន្លែ ទៅវាលស្រែក្បែរនោះ​ ដើម្បីឆក់ត្រី ចំណែកក្មេងប្រុសរងគ្រោះបានកាន់ធុងដាក់ត្រីដើរតាមពីក្រោយ ក្នុងបំណងចេញទៅឆក់ត្រីជាមួយគ្នា បន្ទាប់មកក៏បាត់ខ្លួនរហូត មិនឃើញត្រឡប់មកផ្ទះវិញសោះ។

ប្រភពដដែលបន្តថា រហូតមកដល់វេលាម៉ោង៦ព្រលប់ថ្ងៃដដែល ខណៈដែលស្ត្រីជាម្តាយក្មេងប្រុសរងគ្រោះត្រឡប់មកពីធ្វើការរោងចក្រវិញ មិនឃើញកូនប្រុសនៅផ្ទះ ក៏ដើរតាមរក តែមិនឃើញសោះ រហូតដល់ម៉ោង១១យប់ថ្ងៃដដែល ទើបប្រទះឃើញកូនប្រុសដេកស្លាប់ នៅជាប់នឹងភ្លឺរបងសួនបន្លែ ទីតាំងកើតហេតុខាងលើ ដែលមានលួសបន្លានៅជាប់នោះ ធ្វើឱ្យកើតមានការផ្អើលឆោឡោ រាយការណ៍ប្រាប់សមត្ថកិច្ចចុះមកជួយអន្តរាគមន៍។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ក្មេងប្រុសរងគ្រោះបានស្លាប់ដោយសារតែត្រូវចរន្តអគ្គិសនីឆក់។

សាកសពក្មេងប្រុសរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES