ខេត្ដកណ្តាលៈ បុរស-នារី៣នាក់ បើកម៉ូតូឌុបគ្នាបោះពួយលឿនដូចហោះកាច់ចង្កូតមិនទាន់ជ្រុល ទៅបុករបងផ្ទះប្រជាពលរដ្ឋ បណ្តាលឲ្យបុរសជាអ្នកបើកបរស្លាប់ភ្លាមៗមួយរំពេច រីឯអ្នករួមដំណើរ២នាក់រងរបួសធ្ងន់ស្រាល ត្រូវបានរថយន្តសាមុយស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យជ័យជំនេះ ក្រុងតាខ្មៅ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើឡើងកាលពីវេលាម៉ោង១២ និង៤០នាទី ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ២១អា ស្ថិតក្នុងភូមិលេខ២ ឃុំស្វាយរលំ ស្រុកស្អាង ។
ប៉ូលិសចរាចរណ៍ស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះជាអ្នកបើកបរ ស្លាប់បាត់បង់ជីវិតនោះឈ្មោះ សន សៀងហេង ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ ជាងជួសជុលទូរស័ព្ទ មានស្រុកកំណើតនៅខេត្តកំពង់ចាម បច្ចុប្បន្នស្នាក់នៅផ្ទះជួលសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ជនរងគ្រោះរងរបួសធ្ងន់នោះឈ្មោះ រ៉ន ស៊ីណេត ភេទប្រុស អាយុ២២ឆ្នាំ មានស្រុកកំណើតនៅភូមិព្រែក ឃុំត្រើយស្លា ស្រុកស្អាង បច្ចុប្បន្នស្នាក់នៅផ្ទះជួលភូមិលេខ៣ ឃុំស្វាយ រលំ ស្រុកស្អាង ។ ជនរងគ្រោះរងរបួសស្រាលឈ្មោះ លីន ភេទស្រី អាយុ១៨ឆ្នាំ បច្ចុប្បន្នស្នាក់នៅសង្កាត់តាខ្មៅ ក្រុងតាខ្មៅ។ ជនងគ្រោះទាំង៣នាក់ ជិះម៉ូតូម៉ាក់ហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៨ ពាក់ស្លាកលខកណ្តាល1J-5424 ។
សាក្សីនិយាយថា នៅមុនពេលកើតមានគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ គេឃើញជនរងគ្រោះជិះម៉ូតូឌុបគ្នាយ៉ាងលឿនតាមបណ្តោយផ្លូវជាតិលខ២១អាក្នុងទិសដៅពីលិចទៅកើត។ លុះដល់ចំណុចកើតហេតុកាច់ចង្កូតមិនទាន់ក៏ជ្រុលទៅបុករបងផ្ទះប្រជាពលរដ្ឋទាំងកំរោល បណ្តាលឲ្យមានមនុស្សស្លាប់ និងរងរបួសតែម្តង ។
ក្រោយពីមានហេតុការណ៍កើតឡើងជនរងគ្រោះដែលងរបួសធ្ងន់ស្រាលត្រូវបានថយន្តសាមុយស្នងការដ្ឋាននគរបាលខេត្តកណ្តាលដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យជ័យជំនេះក្រុងតាខ្មៅ។ រីឯមធ្យោបាយជនរងគ្រោះត្រូវបានសមត្ថកិច្ចប៉ូលិសចរាចរណ៍ស្រុកស្អាងដកហូតបណ្តោះអាសន្នទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមច្បាប់។
បច្ចុប្បន្នសាកសពជនរងគ្រោះត្រូវបានប្រគល់ទៅអោយក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕
សិលា