ម៉ាដូណា ហៅសេះ អំឡុងពេលដែលកំពុងតែឱបថើបបឺតមាត់គ្នាជាមួយគូស្នេហ៍នៅលើឆាកតន្ត្រី The Storm ក្បែរផ្សាដេប៉ូ ក្នុងពិធីខួបស្នេហ៍5ឆ្នាំ ឬខួបអាពាហ៍ពិពាហ៍ 5ឆ្នាំនោះ ស្រាប់តែអ្នកនាងខ្ញុង បានចាប់កាន់ក្បាលមីក្រូហើយប្រកាសក្តែងៗថា “តើឆ្កួត អស់ហើយមែនទេ បានជានាំគ្នាធ្វើអ៊ីចឹង! ខ្ញុំអាណិតម្តាយម៉ាដូណា ប្រហែលជាគាត់ដកដង្ហើម ចង់ផុតៗទៅហើយ តើឱ្យគាត់យកមុខទៅទុកនៅឯណា បើកូននាំគ្នាមកអ៊ីចឹងៗនោះ”។ គ្រាន់តែអ្នកនាងខ្ញុង និយាយបែបនេះ ធ្វើឱ្យផ្អើលពេញហាងនោះ ស្រាប់តែនាយកៃដ ដែលជាស្វាមី ប្រញាប់មកអូសដៃនាងខ្ញុង ចូលទៅអង្គុយតុវិញភ្លាមៗ ហើយនិយាយខ្សឹបប្រាប់ប្រពន្ធថា ហេតុអីអូននិយាយបែបនេះ ?
ម៉ាដូណា និងប្រុសស្នេហ៍ ណុប ហេងទ្រី ហាក់បែកញើសជោកពេញខ្លួន នៅពេលដែលត្រូវនាងខ្ញុង វ៉ៃប្រហារមួយប្រាវផ្អើលភ្ញៀវពេញតុនោះ។ តែយ៉ាងណា ក្រោយមក ម៉ាដូណា សម្រួលអារម្មណ៍បានឡើងវិញ ហើយនិយាយថា “មូលហេតុដែលខ្ញុំជ្រើសរើសយកណុប ហេងទ្រី ធ្វើជាប្តី ព្រោះតែគាត់ល្អជាមួយខ្ញុំ ពីមុនខ្ញុំចិញ្ចឹមគាត់ តែឥឡូវគាត់ចិញ្ចិមខ្ញុំវិញម្តង។ ខ្ញុំធ្លាប់ចិញ្ចឹមប្រុស5នាក់មកហើយ តែមិនមានអ្នកណាល្អដូចណុប ហេងទ្រី ទេ យើងបានស្គាល់គ្នា5ឆ្នាំមកហើយ តែទើបរួមរស់ជាមួយគ្នាបាន2ឆ្នាំទេ ហើយខ្ញុំឃើញថា គាត់ល្អណាស់ សម្រាប់ខ្ញុំសង្ឃឹមថា ពួកយើងទាំង2 នឹងចាប់ដៃគ្នាបានយូរអង្វែងតទៅហើយ នៅពេលខាងមុខ ខ្ញុំក៏មានគម្រោងរៀបការជាមួយគាត់ផងដែរ”។
ចំណែកលោកណុប ហេងទ្រី បានឱ្យដឹងដែរថា “ខ្ញុំជាកូនកំព្រា ខ្ញុំស្មគ្រ័ស្រលាញ់ម៉ាដូណា នេះ គឺគ្មានអ្នកណាមកបង្ខិតបង្ខំយើងទេ គឺយើងស្មគ្រ័ចិត្តរៀងៗខ្លួន។ ខ្ញុំសន្យាថា នឹងបន្តការចាប់ដៃគ្នានេះឱ្យបានយូរអង្វែងតទៅ បើទោះជាមានរឿងអី ក៏ពួកយើងហ៊ានជម្នះដែរ ហើយចំពោះការរិះគន់ផ្សេងៗ ខ្ញុំមិនខ្វល់នោះទេ សំខាន់យើងទាំង2នាក់ ស្រលាញ់គ្នាទៅវិញទៅមក”។
នាយកុយ ដែលបានឡើងច្រៀងលើឆាកបទ “ជិះស៊ីក្លូ” អបអរខួបស្នេហ៍5ឆ្នាំ របស់លោកម៉ាដូណា នោះ បានប្រកាសថា “ខ្ញុំសូមជូនពរខួបអាពាហ៍ពិពាហ៍ ប្អូនម៉ាដូណា 5ឆ្នាំថ្ងៃនេះ សូមឱ្យប្អូនមានសុខភាពល្អ និងស្រលាញ់គ្នាឱ្យបានយូរអង្វែងតទៅណា”។
ម៉ាដូណា បន្ថែមថា លោកជាខាងស្រីចង់ទាមទារថ្លៃទឹកដោះ ពីប្រុសក្មេងណុប ហេងទ្រី នូវទឹកប្រាក់5ម៉ឺនដុល្លារមេរិក តែដោយសារហេងទ្រី គ្មានលុយ ឱ្យបានតែ200ដុល្លារទេ តែមិនអីទេ ពេលនេះប្រុសក្មេងនេះជាប់ក្លេលោកហើយ គឺត្រូវរ៉ាប់រងរកស៊ីចិញ្ចឹមលោកតទៅអើយ។
ប៉ុន្តែនៅពេលសាកសួររឿងថា តើការគេងជាមួយគ្នាយប់ព្រលប់ តើយ៉ាងម៉េចទៅវិញនោះ ស្រាប់តែលោកម៉ាដូណា បានដាក់មួយម៉ាត់មកអ្នកកាសែតវិញថា ដូចតែពេលដែលខ្ញុំគេងជាមួយអ្នកកាសែតដែរហ្នឹង ខ្ញុំធ្លាប់គេងជាមួយអ្នកកាសែត អ៊ីចឹងពេលខ្ញុំដេកជាមួយប្តីខ្ញុំ គឺដូចតែគ្នាទេ ។
តារាសម្តែងបេប៊ី និងគៀត សុវណ្ណាឡាង បាននិយាយស្របគ្នាថា នាងមានជំនឿចិត្តថា គូស្នេហ៍នេះនឹងចាប់ដៃគ្នាបានយូរអង្វែងទៅមុខជាមិនខាន ព្រោះតាមដឹងអ្នកទាំង2 ស្រលាញ់គ្នាខ្លាំងណាស់ ចាក់ទឹកមិនលិចនោះទេ។ តារាស្រីស្អាតទាំង2 ក៏បានសំណូមពរដែរថា សូមកុំឱ្យមហាជនរិះគន់អ្នកទាំង2អី ព្រោះថា គ្មានអ្នកណាចង់ធ្វើអ៊ីចឹងទេ តែធ្វើម៉េចធម្មជាតិ ពួកគេស្រលាញ់គ្នាអ៊ីចឹងទៅហើយ គឺជាគូព្រេងគេតែម្តង៕