ខេត្តរតនគិរី ៖ បុរសម្នាក់បានយកម៉ូទ័រឆាបចូលទៅឆាបនៅក្នុងស៊ីទែនសាំង ស្រាប់តែបង្កជាអណ្តាតភ្លើង បណ្តាលឱ្យផ្ទុះស៊ីទែនសាំង ធ្វើឱ្យរលាកខ្លោចពេញខ្លួន រងរបួសធ្ងន់ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ ២០១៨ នៅចំណុចក្រុមហ៊ុនសេងបូទុម ស្ថិតក្នុងភូមិឡោម ឃុំម៉ាលិក ស្រុកអណ្តូងមាស។
បុរសរងគ្រោះដែលត្រូវស៊ីទែនសាំងផ្ទុះឆាបឆេះរលាកពេញខ្លួនរងរបួសយ៉ាងធ្ងន់ មានឈ្មោះហ៊ាក តុង ជាបុគ្គលិកក្រុមហ៊ុនសេងបូទុម។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ បុរសរងគ្រោះបានបានយកម៉ូទ័រឆាបចូលទៅឆាបក្នុងស៊ីទែនសាំង ដោយខ្វះការប្រុងប្រយ័ត្ន ទើបបង្កឱ្យកើតមានអណ្តាតភ្លើងឆាបឆេះឡើង និងធ្វើឱ្យស៊ីទែនសាំងនោះ បានផ្ទុះឡើងតែម្តង បណ្តាលឱ្យជនរងគ្រោះរលាកសុសពេញខ្លួនខ្លោចខ្មៅរោល គួរឱ្យរន្ធត់បំផុត។
ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាពអណ្តូងមាស បន្ទាប់មក៏បញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តរតនគិរី ប៉ុន្តែដោយសារតែស្ថានភាពរបួសរបស់ជនរងគ្រោះមានសភាពធ្ងន់ធ្ងរខ្លាំងពេក ទើបត្រូវបញ្ជូនបន្តទៅសង្គ្រោះនៅឯមន្ទីរពេទ្យប្រទេសវៀតណាម។
ជុំវិញករណីនេះ មន្ត្រីព្រមទាំងសហការីនៃបេឡាជាតិរបបសន្តិសុខសង្គម សាខាខេត្តរតនៈគិរី បានចុះទៅធ្វើការត្រូតពិនិត្យ និងបានសម្របសម្រួលបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យប្រទេសវៀតណាម ដើម្បីព្យាបាលបន្ត។ រីឯរាល់ថ្លៃសេវាដឹកជញ្ជូន និងថ្លៃព្យាបាលរហូតដល់ជាសះស្បើយ គឺជាបន្ទុករបស់បេឡាជាតិរបបសន្តិសុខសង្គម៕