ខេត្តកណ្តាល ៖ បុរសម្នាក់បន្ទាប់ពីផឹកស្រាស្រវឹងធ្លាក់ភ្នែក ត្រឡប់មកផ្ទះវិញ ក៏ផ្ទុះភ្លើងប្រចណ្ឌ រករឿងចោទប្រពន្ធថា លួចលាក់មានប្រុសសហាយ ទោះជាប្រពន្ធប្រកែក និងខំពន្យល់ហេតុផលយ៉ាងណាក៏ ប្តីមិនព្រមស្តាប់ រហូតដល់មួម៉ៅក្តៅចិត្តពេក ក៏ធ្វើសកម្មភាពរុះរើផ្ទះចោល រួចប្រមូលទ្រព្យសម្បត្តិដុតខ្ទេចគ្មានសល់។
ករណីប្តីប្រមឹកចោទប្រពន្ធមានប្រុសសហាយ រួចរុះផ្ទះដុតចោលខ្ទេចនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១២និង១០ នាទីថ្ងៃត្រង់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចភូមិលេខ៤ ឃុំប្រាសាទ ស្រុកស្អាង។
បុរសប្រមឹកជាប្តី ដែលធ្វើសកម្មភាពរុះ ផ្ទះដុតចោលនោះ មានឈ្មោះសែម ហាក់ អាយុ ៤៧ឆ្នាំ មុខរបរកសិករ មានប្រពន្ធឈ្មោះសាន ឡាយ អាយុ៥២ឆ្នាំ មុខរបរកសិករ។ ប្តីប្រពន្ធ ទាំង២នាក់ខាងលើ មានលំនៅក្នុងភូមិកើតហេតុ ខាងលើជាមួយគ្នា។
ក្រោយកើតហេតុ ដោយសារតែស្ត្រីជាប្រពន្ធទ្រាំពុំបានចំពោះទង្វើរបស់ប្តី ក៏សម្រេចចិត្តប្តឹងសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលប្រាសាទ ឱ្យចាប់ខ្លួនប្តីកំណាចរូបនេះយកទៅចាត់ការតាមច្បាប់តែម្តង៕